អា​ស៊ែ​បៃ​ហ្ស​ង់ និង​អា​មេ​នី បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទាហាន​​ ៧​ នាក់ បាន​ស្លាប់​នៅក្នុង​ការបាញ់ប្រហារ​មួយ នៅតាម​បណ្តោយ​ព្រំដែន​រួមគ្នា​របស់​ពួកគេ​ដែលជា​ការកើនឡើង​កម្តៅ​ថ្មី​បំផុត​រវាង​សត្រូវ​ដែល​ជាប់គាំង​នៅក្នុង​ជម្លោះទឹកដី​ជាច្រើន​ទសវត្សរ៍​នោះ​។​

​អតីត​ប្រទេស​តំបន់​ Caucasus របស់​សូ​វៀត​ទាំង​ ២​ នេះ​បាន​ប្រយុទ្ធ​គ្នា​ ២ ​លើក​នៅ​តំបន់ Nagorno-Karabakh ដែល​ភាគច្រើន​ជា​ជនជាតិ​អា​មេ​នី​នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ហើយ​អរិភាព​ចុង​ក្រោយ​បំផុត​បានបញ្ចប់​នៅ​ឆ្នាំ ២០២០ ជាមួយនឹង​បទ​ឈប់​បាញ់​សម្របសម្រួល​ដោយ​រុស្ស៊ី​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការពារជាតិ​នៅ​ទីក្រុង​បា​គូ បាន​និយាយថា​៖ «​ទីតាំង​កងទ័ព​អា​មេ​នី​ដែល​ដាក់ពង្រាយ​នៅ​ជិត​ការតាំង​លំនៅ​របស់​អ្នកភូមិ​អា​មេ​នី (​នៅតាម​ព្រំដែន​រួមគ្នា​របស់ ប្រទេស​ទាំង​ ២) បាន​បើក​ការ​បាញ់ប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ទៅលើ​ទីតាំង​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ ដោយបាន​បន្ថែមថា ទាហាន​អា​ស៊ែ​បៃ​ហ្ស​ង់ ក៏បាន​បាញ់​ត​វិញ​ដែរ​»​។

​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក្រសួង បាន​និយាយថា ទាហាន ៣​ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​។​ក្រសួងការពារជាតិ​អា​មេ​នី បាន​រាយការណ៍​ថា ទាហាន​ ៤​ នាក់​បាន​ស្លាប់ និង ​៦ ​នាក់​រងរបួស​។​

​ក្រសួង​បាន​ស្តីបន្ទោស​ទីក្រុង​បា​គួ​ចំពោះ​ការចាប់ផ្តើម​ការ​បាញ់ប្រហារ​នោះ​។​ក្រសួង​បាន​បន្ថែមថា នៅ​ម៉ោង​ ១៦:០០ (១២០០ ម៉ោង​សកល​) កាលពី​ថ្ងៃ​អង្គារ​កងកម្លាំងប្រដាប់អាវុធ អា​ស៊ែ​បៃ​ហ្ស​ង់ បាន​បើក​ការបាញ់ប្រហារ​សំដៅលើ​ទាហាន​អា​មេ​នី ដែល​កំពុងធ្វើការ​ងារ​វិស្វកម្ម​នៅ​ជិត​ព្រំដែន​។​

​ក្រោម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដែល​សម្របសម្រួល ដោយ​រុស្ស៊ី​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០២០ អា​មេ​នី បានប្រគល់​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​អស់​ជា​ច្រើន​ទសវត្សរ៍​មកហើយ​នោះ ហើយ​ទីក្រុង​ម៉ូស្គូ បានដាក់​ពង្រាយ​កងរ​ក្សា​សន្តិភាព ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​នោះ​៕