
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសអាមេរិក អង់តូនី ប្ល៊ីងកែន។ AFP
រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 កំពុងធ្វើកិច្ចពិភាក្សានៅក្នុងប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះ។ សារព័ត៌មាន NHK របស់ជប៉ុនផ្សាយថា ប្រទេស G7 នឹងប្រើពេលព្រឹកថ្ងៃចន្ទក្នុងជំនួបថ្ងៃទី ២ នេះ ដើម្បីពិភាក្សាពីឥទ្ធិពលរបស់សង្គ្រាមដែលរុស្ស៊ីទន្ទ្រានលើអ៊ុយក្រែន។កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីG7 បានប្តេជ្ញាឈររួបរួមគ្នាលើបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលប្រធានបទសំខាន់សំដៅដល់ឥទ្ធិពលរបស់មហាយក្សចិន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa និងសមភាគីរបស់គាត់ បានដឹកនាំកិច្ចប្រជុំក្នុងនាមជាម្ចាស់ផ្ទះនៅសណ្ឋាគារមួយក្នុងទីក្រុងរមណីយដ្ឋាន Karuizawa ខេត្ត Nagano។
សារព័ត៌មានជប៉ុនផ្សាយទៀតថា ក្រុមប្រទេសទាំងអស់នោះ នឹងពិភាក្សាអំពីការបន្តគាំទ្ររបស់ក្រុម G7 សម្រាប់ក្រុងកៀវ និងការប្រឆាំងនឹងក្រុងម៉ូស្គូ។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រី បានពិភាក្សាគ្នាអំពីបញ្ហាប្រឈមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អស់រយៈពេលជាង២ ម៉ោងលើអាហារពេលថ្ងៃត្រង់ រួមទាំងបញ្ហាដែលបង្កឡើងដោយទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃវត្តមានដែនសមុទ្ររបស់ចិននៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ លោក ក៏បានកត់សម្គាល់ដែរ អំពីការឃុំខ្លួនជនជាតិជប៉ុននាពេលថ្មីៗនេះដោយអាជ្ញាធរចិន។
លោក Hayashi បាននិយាយថា ជារឿងសំខាន់ក្នុងការអំពាវនាវឱ្យប្រទេសចិនដើរតួជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។លោករដ្ឋមន្ត្រី បានថ្លែងថ្កោលទោសចំពោះ កូរ៉េខាងជើងដែលបានបាញ់សាកល្បងមីស៊ីលម្ដងហើយម្ដងទៀត ហើយគ្រាប់មីស៊ីលនោះគេជឿថា ជាមីស៊ីលអន្តរទ្វីប។
រដ្ឋមន្ត្រីការបរទេសG7កំពុងជួបប្រជុំគ្នានៅប្រទេសជប៉ុន។ក្រុមប្រទេសG7ជាគឺជាវេទិកានយោបាយអន្តររដ្ឋាភិបាល របស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលមានសមាជិក៧ប្រទេសដែលរួមមាន ជប៉ុន អ៊ីតាលី បារាំង ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ឬនិយាយឱ្យស្រួលស្ដាប់ជាបណ្ដាញក្រុមប្រទេសអ្នកមានទាំង៧ខាងលោកសេរី ដែលគ្រប់គ្រងទ្រព្យសម្បត្តិជាងពាក់កណ្ដាលនៃពិភពលោក៕