
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ AFP
លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិចិន ដើម្បីសាទរពីកិច្ចសហប្រតិបត្តិការយោធា។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដែលបានផ្សាយថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានជួបរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នៅទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ ១៦ មេសា។
ប្រភពដដែលបន្តថា ពូទីននិងរដ្ឋមន្ត្រីការពារជាតិចិន បានសាទរកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២ ដែលបានប្រកាសភាពជាដៃគូគ្មានដែនកំណត់។ជំនួបនេះធ្វើឡើងប្រមាណ១ខែប៉ុណ្ណោះក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានជួបលោក ពូទីន ក្នុងទីក្រុងម៉ូស្គូ ដូចគ្នាដែរ។
រុស្ស៊ី និងចិនបានផ្លាស់ប្តូរដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងយោធាថែមទៀត ចាប់តាំងពីទ័ពរុស្ស៊ី ទន្ទ្រានចូលអ៊ុយក្រែនរួចមក។
វីដេអូពីប្រព័ន្ធផ្សព្វផ្សាយរុស្សីបង្ហាញថា លោក Putin ចាប់ដៃជាមួយលោក Li មុននឹងអង្គុយចុះពិភាក្សាគ្នា ដោយមានវត្តមាន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅជាមួយគ្នានោះដែរ។
លោកពូទីននិយាយថា ៖«យើងកំពុងធ្វើការយ៉ាងសកម្មដើម្បីផ្លាស់ប្តូរព័ត៌មានមានប្រយោជន៍ជាមួយគ្នាជាទៀងទាត់ព្រមទាំង ធ្វើការរួមគ្នាក្នុងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា និងធ្វើសមយុទ្ធផង» ។លោកបន្ដថា សមយុទ្ធយោធានោះនឹងមានការចូលរួមពីកងទ័ពជើងគោក ទ័ពជើងទឹក និងអាកាស។
លោកពូទីនបន្ថែមថា ៖« ដោយមិនសង្ស័យ នេះគឺជាផ្នែកសំខាន់មួយទៀតដែលពង្រឹងភាពជឿជាក់ និងជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរបស់យើង»។
មន្ត្រីជាន់ខ្ពស់នៅទីក្រុង Kyiv បាននិយាយកាលពីថ្ងៃសុក្រថាអ៊ុយក្រែនសង្ស័យថា មានអាវុធចិនត្រូវបានប្រើប្រាស់ដោយរុស្ស៊ីនៅសង្គ្រាមលើទឹកដីអ៊ុយក្រែន។ទោះជាយ៉ាងណាចិនបានបដិសេធម្តងហើយម្តងទៀតមិនបានបញ្ជូនសម្ភារយោធាទៅរុស្ស៊ីឱ្យច្បាំងនោះឡើយ។
អង្គការណាតូ និងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេមិនទាន់ឃើញសញ្ញាណាមួយដែលបង្ហាញថាទីក្រុងប៉េកាំងកំពុងផ្គត់ផ្គង់អាវុធដល់ទីក្រុងម៉ូស្គូនោះទេ។
ដំណើរទស្សនកិច្ចនេះជាលើកដំបូងដែលលោក Li បានធ្វើទៅកាន់ប្រទេសមួយផ្សេងទៀត ចាប់តាំងពីលោកត្រូវបានតែងតាំងកាលពីខែមុន។
លោកបានប្រាប់លោកពូទីនថា ៖«ក្នុងរយៈពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនក្នុងវិស័យយោធា និងវិស័យបច្ចេកទេសយោធាបាននឹងកំពុងអភិវឌ្ឍន៍យ៉ាងល្អ»។នេះបើតាមការបញ្ជាក់របស់ភាគីរុស្ស៊ី។
ទីក្រុងប៉េកាំងបានប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់ទីក្រុងម៉ូស្គូកាលពីសប្តាហ៍មុន ដោយនិយាយថា លោកនឹងជួបមន្ត្រីការពារជាតិ ប៉ុន្តែមិនបាននិយាយអំពីជំនួបជាមួយលោកពូទីននោះទេ។
លោក Li បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៨បន្ទាប់ពីចិនទិញយន្តហោះចម្បាំង និងឧបករណ៍ពីក្រុមហ៊ុននាំចេញអាវុធសំខាន់របស់រុស្ស៊ី៕