រដ្ឋាភិបាលយោធា​​មីយ៉ាន់ម៉ា​ កាល​​ពី​ថ្ងៃ​ច​ន្ទ ​ទី​ ១៧ ខែ​មេសា​ បាន​ដោះ​លែង​អ្នក​ទោស​ចំនួន​ ៣ ១១៣ នា​ក់​ ដែល​រួម​មាន​ទាំង​ជន​បរទេស​​ចំនួន​ ៩៨ នាក់​ ដើម្បី​​ប្រារព្ធ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ប្រ​ទេ​ស​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉យទ័រ​ ដែល​ស្រង់​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​​យោធា​។ ​

លោក​ឧត្តម​សេនីយ​ Aung Lin Dwe​រដ្ឋ​លេខា​ធិការ​នៃ​របប​យោធា​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងកា​រណ៍​នោះ​ថា​ ​ការ​លើក​លែង​ទោស​គឺ​ជា​ «​ការ​​ប្រារព្ធ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​មីយ៉ាន់ម៉ា​ ដើម្បី​នាំ​មក​នូវ​ភាព​រីក​រាយ​សម្រាប់​ប្រជាជន​ និង​ដោះ​ស្រាយ​បញ្ហា​មនុស្ស​ធម៌​»​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​យោធា​មិន​បាន​បញ្ជាក់​លម្អិត​ថា​បុគ្គល ឬ​ឥស្សរៈជន​នយោបាយ​​សំខាន់​ៗ​​​ណា​ខ្លះ​ ត្រូវ​បាន​​​លើក​លែង​ទោស​នោះ​ទេ​។

គួរ​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​យោធា​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​ប្រឆាំង​ និង​សកម្មជាន​គាំទ្រ​លទ្ធិ​ប្រជាធិបតេ​យ្យ​រាប់​ពាន់​នាក់​ បន្ទាប់​ពី​ធ្វើ​​រដ្ឋ​ប្រហារ​​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​ ​​នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​​ ២០២១ និង​បាន​បង្រ្កាប​យ៉ាង​បង្ហូរ​ឈាម​លើ​អ្នក​ប្រឆាំង​ ដែល​​​បង្ក​​ឱ្យ​មាន​​ការ​ថ្កោល​ទោស​​ពី​សហគមន៍​អ​ន្តរជាតិ ដែល​ទាម​ទារ​ឱ្យ​ក្រុម​យោធា​ដោះ​លែង​អ្នក​​ទោស​​នយោបាយ​ និង​បញ្ឈប់​អំពើ​ហិង្សា​​​។ ​​​

បើ​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​​មីយ៉ាន់​ម៉ា​ ​​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៧ ៤៦០នាក់​ នៅ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​​នៅ​ឡើយ​ ខណៈ​អំពើ​ហិង្សា​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​បាន​សម្លាប់​មនុស្ស​​ ៣ ២៤០ នាក់​​រាប់​តាំង​ពី​រដ្ឋ​ប្រហារ​។ ​ ​

គួរ​រំឭក​ផង​ដែរ​ថា​ ការ​លើក​​លែង​ទោសរបស់​ក្រុម​យោធា​ ​តែង​ធ្វើ​ឡើង​នៅ​ពេល​មាន​ពិធី​បុណ្យធំៗ​​ ឬ​ការ​ប្រារព្ធ​អ្វី​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។ ​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​ ២០២១​ រដ្ឋាភិបាល​យោធា​​ ​បា​ន​ដោះ​លែង​អ្នក​ទោស​ប្រហែល​ ២៣ ០០០ នាក់​ ដោយ​​ក្រុម​សិទ្ធិ​មនុស្ស​មួយ​ចំនួន ​​បាន​​បង្ហាញ​ការ​​ភ័យ​ខ្លាច​ថា​ ​ការ​ដោះ​លែង​នា​ពេល​នោះ​ ​ធ្វើ​ឡើង​ដើម្បី​​ទុក​កន្លែង​​ឃុំ​​ក្រុម​ប្រឆាំង​យោធា និង​​បង្ក​ភាព​ចលាចល​ផ្សេង​ៗ​នៅ​តាម​​​សហគមន៍៕ ​