
អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ Piotr Muller (ស្តាំ) ធ្វើសេចក្តីថ្លែងការណ៍នាពេលកន្លងទៅ។ AFP
សហភាពអឺរ៉ុប (EU) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា សកម្មភាពឯកតោភាគីលើពាណិជ្ជកម្មរបស់រដ្ឋជាសមាជិក គឺមិនអាចទទួលយកបានទេ បន្ទាប់ពីប៉ូឡូញ និងហុងគ្រី បានប្រកាសពីការបិទការនាំចូលចូលគ្រាប់ធញ្ញជាតិ និងផលិតផលស្បៀងអាហារផ្សេងទៀតពីអ៊ុយក្រែន ដើម្បីការពារវិស័យកសិកម្មក្នុងស្រុករបស់ខ្លួន។
អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងដឹងពីសេចក្តីប្រកាសរបស់ប៉ូឡូញ និងហុងគ្រី ទាក់ទងនឹងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀតពីអ៊ុយក្រែន»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យបន្តថា៖ «នៅក្នុងបរិបទនេះ វាជាការសំខាន់ណាស់ដែលត្រូវគូសបញ្ជាក់ថា គោលនយោបាយពាណិជ្ជកម្ម គឺជាបញ្ហារួមរបស់សហភាពអឺរ៉ុបហើយ ដូច្នេះសកម្មភាពឯកតោភាគី មិនអាចទទួលយកបានទេ។ ក្នុងពេលវេលាដ៏លំបាកបែបនេះ វាមានសារៈសំខាន់ណាស់ក្នុងការសម្របសម្រួល និងធ្វើឱ្យស្របតាមការសម្រេចចិត្តទាំងអស់នៅក្នុងសហភាពអឺរ៉ុប»។
គួររំឭកថា ក្រោយរុស្ស៊ីចូលលុកលុយអ៊ុយក្រែន ផលិតផលកសិកម្ម ដូចជាគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនជាច្រើន ដែលមានតម្លៃថោកជាងផលិតផលដូចគ្នាក្នុងសហភាពអឺរ៉ុប ត្រូវនៅជាប់គាំងក្នុងបណ្ដារដ្ឋអឺរ៉ុបកណ្ដាល ដោយសារតែបញ្ហាភ័ស្តុភារនៅសមុទ្រខ្មៅក្រោមការបិទខ្ទប់របស់រុស្ស៊ី ដែលបន្ធូរបន្ថយវិញក្រោយមានកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន-រុស្ស៊ី។ ការជាប់គាំង ធ្វើឱ្យប៉ះពាល់ដល់តម្លៃទីផ្សារនៃផលិតផលកសិកម្មរបស់ប្រជាកសិករនៅបណ្ដាប្រទេសទាំងអស់នោះ។
បញ្ហានេះ បានបង្កើតជាបញ្ហានយោបាយសម្រាប់គណបក្សច្បាប់ជាតិនិយម និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាចរបស់ប៉ូឡូញ សម្រាប់ការបោះឆ្នោតក្នុងឆ្នាំនេះ ខណៈវាធ្វើឱ្យប្រជាជននៅតំបន់ជនបទ ដែលជាទូទៅមានអត្រាគាំទ្របក្ស PiS ខ្ពស់ មានការខឹងសម្បា។
អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Muller បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ PAP ថា រដ្ឋាភិបាលកំពុងទាក់ទងជាមួយគណៈកម្មការអឺរ៉ុបអំពីបញ្ហានេះ ហើយថា ការហាមឃាត់ ដែលនឹងបន្តរហូតដល់ចុងខែមិថុនានេះ អាចធ្វើទៅបានដោយសារតែសេចក្ដី-ប្រកាសសន្តិសុខ។
រដ្ឋមន្ត្រីក្រសួងកសិកម្មប៉ូឡូញ លោក Robert Telus និយាយនៅថ្ងៃអាទិត្យថា ការហាមឃាត់នេះ គឺចាំបាច់ដើម្បី «បើកភ្នែករបស់សហភាពអឺរ៉ុប ចំពោះការពិតដែលថា ការសម្រេចចិត្តបន្ថែមទៀត គឺចាំបាច់ដែលនឹងអនុញ្ញាតឱ្យផលិតផលពីអ៊ុយក្រែនចូលជ្រៅទៅក្នុងទ្វីបអឺរ៉ុប និងមិនជាប់ត្រឹមតែប្រទេសប៉ូឡូញប៉ុណ្ណោះទេ»។
គួរគូសបញ្ជាក់ថា ប៉ូឡូញ និងហុងគ្រីមានជម្លោះដ៏រ៉ាំរ៉ៃជាមួយប្លុករបស់ខ្លួន ជុំវិញបញ្ហានានា រួមមានទាំងឯករាជភាពរបស់តុលាការ សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រទេសទាំង២ ត្រូវបានដកហូតមូលនិធិពីប្លុកដោយសារតែការព្រួយបារម្ភអំពីនីតិរដ្ឋ៕