ជន​ស៊ីវិល​ជាង​​ ៥០​ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​មួយនា​ប្រទេស​ស៊ូដង់​នៅ​ថ្ងៃទី ​១៦ ខែ​មេសា ម៉ោង​នៅ​ស៊ូដង់​។ នេះ​បើតាម​សេចក្ដីរាយការណ៍​ព័ត៌មាន​នានា​ដែល​បានចេញ​ផ្សាយ​។​

សារព័ត៌មាន​ NHK ​របស់​ជប៉ុន ផ្សាយ​ថា កងទ័ព​របស់​ស៊ូដង់​និង​ក្រុម​ប្រដាប់អាវុធ ១ ​ក្រុម​កំពុង​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ហើយ​សញ្ញា​នៃ​ការប្រយុទ្ធ​មិនទាន់​ថមថយ​នៅឡើយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា កងទ័ព​ស៊ូដង់​បើក​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​និង​ការវាយប្រហារ​ពីលើ​អាកាស​តាម​យន្តហោះ​យោធា​លើ​មូល​ដ្ឋា​ន​ក្រុម​សកម្មប្រយុទ្ធ​។​

​ក្រុមគ្រូពេទ្យ​ក្នុង​តំបន់​និយាយថា ជន​ស៊ីវិល​ជាង ៥០ ​នាក់​ត្រូវបាន​សម្លាប់ និង​ប្រហែល ៦០០ ​នាក់​ផ្សេងទៀត​រងរបួស​។ អ្នក​រង​​របួស​ទាំងនោះ​មាន​ទាំង​យោធា និង​ជន​ស៊ីវិល​។​

​កងទ័ព​ស៊ូដង់ បាន​គ្រប់គ្រង​ប្រទេស​ចាប់តាំងពី​រដ្ឋប្រហារ​ក្នុង​ខែតុលា ឆ្នាំ​ ២០២១​។ ប៉ុន្តែ​ការចរចា​នយោបាយ កំពុង​ដំណើរ​ការ ដើម្បី​រៀបចំ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ​។ កងកម្លាំង​ផ្ដាច់ខ្លួន​ដែល​កំពុង​ប្រយុទ្ធ​ជា​​មួយ​យោធា​ស៊ូដង់ នេះ​ត្រូវបាន​គេ​រាយការណ៍​ថា ជា​ក្រុម​តស៊ូ​ប្រឆាំង​ទៅនឹង​អំណាច​ផ្ដាច់ការ​របស់​កងទ័ព​ដែល​កាន់កាប់​ប្រទេស​ដោយ​រដ្ឋប្រហារ​។​

​អគ្គលេខាធិការ​អង្គការ​សហ​​ប្រជាជាតិ លោក Antonio Guterres បាន​ថ្កោលទោស​ចំពោះ​ការប្រយុទ្ធ​គ្នា​នេះ​។ លោក​បានបញ្ជាក់​សាជាថ្មី​ពី​ការប្តេជ្ញា​ចិត្ត​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​គាំទ្រ​ប្រជាជន​ស៊ូដង់​ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​សម្រាប់​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​។​

​ទោះជា​យ៉ាងណាក្ដី​សេចក្ដី​រាយការណ៍​នានា​បង្ហាញថា ការ​​ប៉ះទង្គិច​គ្នា​ទំនងជា​នឹង​កើនឡើង​បន្ថែមទៀត ខណៈ​ភាគី​ទាំង​ ២ កំពុង​បង្ហាញ​សញ្ញា​ថា ពួកគេ​នឹង​បន្ត​ការប្រយុទ្ធ​៕