
លោក Murray Watt រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី។ Twitter
សារព័ត៌មាន CNA ផ្សាយថា អូស្ត្រាលី បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកសិកម្មជាមួយប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយរវាងរដ្ឋមន្ត្រីកសិកម្មអូស្ត្រាលី និងសមភាគីចិន។
ទីក្រុងកង់បេរ៉ា បានអបអរសាទរចំពោះការរីកចម្រើនឆ្ពោះទៅរកការស្តារឡើងវិញនូវពាណិជ្ជកម្មអង្ករចំពេលមានទំនាក់ទំនងការទូតធ្លាក់ចុះនៃប្រទេសទាំង២ ធ្លាក់ចុះ។
អូស្ត្រាលី បាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីដោះស្រាយជម្លោះរបស់ពួកគេលើការនាំចូលស្រូវសាលី ហើយចិន បន្តការទិញធ្យូងថ្មរបស់អូស្ត្រាលីព្រមទាំងសន្យាបង្កើនការនាំចូលសាច់គោពីអូស្ត្រាលីផង។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Murray Watt បាននិយាយថាប្រទេសទាំង ២ សុទ្ធតែបានទទួលផលប្រយោជន៍ពីការធ្វើឱ្យពាណិជ្ជកម្មមានប្រក្រតីភាពឡើងវិញ។ លោកថ្លែងបែបនេះបន្ទាប់ពីជួបប្រជុំជាមួយអនុរដ្ឋមន្ត្រីកសិកម្មចិន Ma Youxiang នៅទីក្រុងកង់បេរ៉ាកាលពីថ្ងៃទី១៧ ខែមេសា។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Murray Watt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ខ្ញុំបានរំឭកឡើងវិញនូវជំហរច្បាស់លាស់ និងជាប់លាប់របស់យើងថា រាល់ឧបសគ្គពាណិជ្ជកម្មដែលប៉ះពាល់ដល់ការនាំចេញរបស់អូស្ត្រាលីគួរតែត្រូវបានដកចេញ»។
លោកបន្ថែមថា អ្នកទាំង២ បានពិភាក្សាពីបញ្ហាទ្វេភាគី ដែលរួមមានកុងស៊ុលនិងពាណិជ្ជកម្មរវាងអូស្ត្រាលី និងចិន។
ទំនាក់ទំនងការទូតរបស់ប្រទេសអូស្ត្រាលី ជាមួយចិន ដែលដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនបានតានតឹងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០២៨ នៅពេលដែលខ្លួនបានហាមឃាត់ក្រុមហ៊ុន Huawei របស់ប្រទេសចិនមិនឱ្យផ្ដល់ឧបករណ៍ដំណើរការបណ្តាញ 5G។
ទំនាក់ទំនងនេះកាន់តែអាក្រក់បន្ទាប់ពីទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃ COVID-19 ដែលសំដៅដល់ចិន។ ចិន បានខឹងសម្បានិងឆ្លើយតបដោយការបន្ថែមពន្ធលើទំនិញអូស្ត្រាលីរួមមានស្រា និងស្រូវសាលី។
ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីកសិកម្មចិនលោក Ma Youxiang ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេស Ma Zhaoxu ទៅកាន់ប្រទេសអូស្ត្រាលី។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Murray Watt បានប្រាប់កាសែត The Australian ថា មន្ត្រីចិន កំពុងបង្ហាញពី «បំណងប្រាថ្នាដ៏ស្មោះស្ម័គ្រសម្រាប់កិច្ចសហប្រតិបត្តិការ» ដើម្បីដកទណ្ឌកម្មពន្ធដែលចិនធ្លាប់ដាក់លើផលិតផលរបស់អូស្ត្រាលី។
អូស្ត្រាលី រំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងជាមួយចិនជុំវិញការស្នើឱ្យបន្ធូរបន្ថយរបាំងពន្ធលើស្រាបន្ទាប់ពីកិច្ចព្រមព្រៀងលើស្រូវសាលី។
ចិនជាទីផ្សារធំបំផុតនៃផលិតផលស្រាអូស្ត្រាលី។ កាលពីឆ្នាំ២០១៩ អូស្ត្រាលី នាំស្រាទៅចិន ក្នុងតម្លៃប្រមាណជាង ១ ពាន់ ៣ រយ លានដុល្លារអូស្ត្រាលី ប៉ុន្តែបន្ទាប់ពីចិនដាក់ទណ្ឌកម្មអូស្ត្រាលី នាំស្រាទៅចិន បានត្រឹមតែជាង១២ លានដុល្លារអូស្ត្រាលីប៉ុណ្ណោះ។ នេះបើតាមកាសែតនានា ដែលស្រង់របាយការណ៍របស់អង្គភាពឧស្សាហកម្មស្រាអូស្ត្រាលី ដែលចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ២០២៣៕