រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសអ្នកមានទាំង៧ (G-7) នៅថ្ងៃអង្គារទី ១៨ ខែមេសា បានទាមទារឱ្យកូរ៉េខាងជើង ចៀសវាងការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលផ្លោង ដោយព្រមានអំពីការឆ្លើយតបដ៏ខ្លាំងក្លា។
ការព្រមានដែលចេញក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G-7 នៅប្រទេសជប៉ុន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណេះបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបដែលប្រើឥន្ធនៈរឹង ដោយសាទរវាថាជារបកគំហើញមួយសម្រាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែររបស់ខ្លួន។
ក្រុមមន្រ្តីការទូតកំពូលៗនិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «យើងទាមទារឱ្យកូរ៉េខាងជើង ចៀសវាងសកម្មភាពបង្កអស្ថិរភាព ឬបង្កហេតុណាមួយ រួមទាំងការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀត ឬការបាញ់បង្ហោះដែលប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង»។ ក្រុមអ្នកការទូតបន្តថា៖ «សកម្មភាពបែបនេះ ត្រូវតែឆ្លើយតបដោយយ៉ាងរហ័សរួបរួម និងខ្លាំងក្លាជាអន្តរជាតិ រួមទាំងវិធានការសំខាន់ៗបន្ថែមទៀត ដែលត្រូវចាត់វិធានការដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)»។
គួរគូសបញ្ជាក់ថា ការសាកល្បងមីស៊ីល ដែលប្រើឥន្ធនៈរឹងបំពាក់ដោយបច្ចេកវិជ្ជាជឿនលឿន គឺជាគោលដៅមួយរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងយុទ្ធនាការទំនើបកម្មយោធាដែលមានប្រកាសក្នុងរបាយការណ៍ឆ្នាំថ្មីរបស់លោក។ មីស៊ីលប្រភេទនេះ មានភាពងាយស្រួលក្នុងការរក្សាទុក និងដឹកជញ្ជូននិងមាំទាំក្នុងការរៀបចំសម្រាប់ការបាញ់បង្ហោះ ហើយដូច្នេះវាកាន់តែពិបាកក្នុងការឱ្យសត្រូវរកឃើញ និងកម្ទេចចោលជាមុន។
រដ្ឋមន្ត្រីការទូតG-7បាននិយាយថា៖ «យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់មីស៊ីលផ្លោងខុសច្បាប់ជាច្រើនដែលមិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង រួមទាំងការបាញ់បង្ហោះកាលពីថ្ងៃទី១៣ ខែមេសា ដែលកូរ៉េខាងជើងបានអះអាងថា ជាមីស៊ីលអន្តរទ្វីបដែលប្រើឥន្ធនៈរឹង»។
ក្រុមអ្នកការទូតបន្តថា «រាល់ការបាញ់បង្ហោះទាំងនេះ បានរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» ហើយ «សកម្មភាពរបស់កូរ៉េខាងជើងដែលរួមជាមួយនឹងការកើនឡើងនៃវោហាស័ព្ទរទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ធ្វើឱ្យខូចស្ថិរភាពក្នុងតំបន់ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសណ្ដាប់ធ្នាប់អន្តរជាតិ»៕