អ្នកនាំពាក្យ UN បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិ បានបង្ហាញជាផ្លូវការទៅកាន់អាមេរិកនូវការព្រួយបារម្ភរបស់ស្ថាប័នពិភពលោកជុំវិញរបាយការណ៍តាមដានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គុយតឺរេស។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកហ្គុយតឺរេស បាននិយាយថា ៖«អង្គការសហប្រជាជាតិបានបង្ហាញជាផ្លូវការចំពោះប្រទេសម្ចាស់ផ្ទះនូវការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងរបាយការណ៍ថ្មីៗដែលថា ទំនាក់ទំនងរបស់លោកអគ្គលេខាធិការ និងមន្ត្រីជាន់ខ្ពស់ដទៃទៀតរបស់អង្គការសហប្រជាជាតិ គឺជាកម្មវត្ថុនៃការឃ្លាំមើល និងការជ្រៀតជ្រែកពីរដ្ឋាភិបាលអាមេរិក»។
លោកបានបន្ថែមថា៖ «អង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពបែបនេះមិនសមស្របនឹងកាតព្វកិច្ចរបស់អាមេរិក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាស្តីពីសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ»។
កាសែត Washington Post កាលពីថ្ងៃចន្ទ បានរាយការណ៍ថា យោងតាមរបាយការណ៍ចំនួន ៤ ដែលកាសែតទទួលបាន អាមេរិកបានលួចស្តាប់ និងប្រមូលព័ត៌មានសម្ងាត់លើលោកហ្គុយតឺរេស។
កាសែតបានរាយការណ៍ថាឯកសារចំនួន ២ ក្នុងចំណោមឯកសារទាំងនោះដែលមិនត្រូវបានរាយការណ៍ពីមុនទេ សង្ខេបការសន្ទនាជាច្រើនដែលចាប់បានដែលបង្ហាញ អំពីការទំនាក់ទំនង របស់លោកអគ្គលេខាធិការ UN ជាមួយមន្ត្រីកំពូលៗរបស់អង្គការសហប្រជាជាតិ និងមេដឹកនាំពិភពលោក៕