អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែមេសាថា ចំនួនប្រជាជនអាហ្វហ្គានីស្ថាន កំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រ ដែលចំនួនពលរដ្ឋនេះបានកើនឡើងដល់ជាង ៣៤ លាននាក់ ចាប់តាំងពីរដ្ឋាភិបាលតាលីបង់ឡើងកាន់កាប់ប្រទេសនេះ។
វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីដើមឆ្នាំ ២០២១ ក្រោយពេលតាលីបង់ផ្តួលរលំរបបសាធារណរដ្ឋគាំទ្រដោយរដ្ឋាភិបាលអាមេរិកដែលបណ្តាលឱ្យអង្គការបរទេសឈប់ផ្តល់ជំនួយនិងបដិសេធដោះស្រាយជាដាច់ខាតជាមួយនឹងអាជ្ញាធរតាលីបង់។
ស្របពេលជាមួយគ្នានេះអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល ក៏បាននិយាយដែរថា ខ្លួនកំពុងពិចារណាក្នុងការបន្តផ្តល់ជំនួយ និងការងារដល់ស្ត្រីអាហ្វហ្គានីស្ថានខណៈពេលដែលពួកគេត្រូវបានតាលីបង់គំរាមឱ្យឈប់ពីការងារ។
យោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃអង្គារបានឱ្យដឹងថា តួលេខនៃប្រជាជនអាហ្វហ្គានីស្ថានក្រីក្របានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ដែលមានចំនួនប្រមាណ ១៥ លាននាក់។
UNDP បានឱ្យដឹងថា៖ «ប្រជាជនខ្លះ ត្រូវបានបង្ខំឱ្យលក់ផ្ទះដីឬទ្រព្យសម្បត្តិដើម្បីបង្កើតប្រាក់ចំណូល ចំណែកអ្នកខ្លះទៀត ដើម្បីជួយដោះស្រាយការលំបាកគ្រួសារត្រូវបង្ខំកូនធ្វើជាកម្មករ និងកូនស្រីតូចត្រៀមខ្លួនក្នុងការរៀបការដើម្បីយកលុយផងដែរ»។
នៅចន្លោះខែធ្នូ ឆ្នាំ ២០២១ ដល់ខែមករា ឆ្នាំ ២០២៣ ប្រាក់ជំនួយជាង ១,៨ ពាន់លានដុល្លារ ត្រូវបានផ្គត់ផ្គង់ដល់ប្រជាជនអាហ្វហ្គានីស្ថានដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែនាដើមឆ្នាំនេះអង្គការសហប្រជាជាតិ បានព្រមានថាប្រសិនបើរដ្ឋាភិបាលតាលីបង់នៅតែបន្តរារាំងមនុស្សមិនឱ្យធ្វើការនោះជំនួយនឹងត្រូវកាត់បន្ថយ។
សូមរំឭកផងដែរថា អត្រាប្រាក់ចំណូលរបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២៣ មានត្រឹមតែ ៥ ភាគរយប៉ុណ្ណោះនៃគោលដៅ ៤,៦ ពាន់លានដុល្លាររបស់ខ្លួនដោយអង្គការជាច្រើនបានផ្អាកប្រតិបត្តិការរបស់ពួកគេបន្ទាប់ពីការបរាជ័យក្នុងការតវ៉ាប្រឆាំងនឹងច្បាប់មិនឱ្យស្ត្រីចូលបម្រើការងារ តាំងពីខែធ្នូកន្លងមក។
លោក Abdallah Al Dardari តំណាង UNDP ប្រចាំប្រទេសអាហ្វហ្គានីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើជំនួយបរទេសត្រូវបានកាត់បន្ថយនៅឆ្នាំនេះអាហ្វហ្គានីស្ថាន អាចនឹងធ្លាក់ពីគែមជ្រោះចូលទៅក្នុងទីជ្រៅបំផុត»។
កាលពីសប្តាហ៏មុនផងដែរបុគ្គលិកអាហ្វហ្គានីស្ថានទាំងប្រុសទាំងស្រីត្រូវបានបង្គាប់ឱ្យនៅឆ្ងាយពីការិយាល័យរបស់ខ្លួន ដោយប្តូរធ្វើការពីផ្ទះមកវិញហើយពួកគេនឹងបន្តទទួលបានប្រាក់ខែដដែលពីអង្គការក្រៅរដ្ឋាភិបាលរបស់ខ្លួន៕