ការស្ទង់មតិមួយ បានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រជាជនកូរ៉េខាងត្បូង ប្រហែល ៥៦ % គាំទ្រការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។
ការស្ទង់មតិលើមនុស្សពេញវ័យចំនួន១០០៨ នាក់ដែលធ្វើឡើងដោយអ្នកស្ទង់មតិ Realmeter កាលពីសប្តាហ៍មុន បានរកឃើញថា ៥៦,៥ % នៃអ្នកឆ្លើយតប និយាយថា ពួកគេគាំទ្រការកសាងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ហើយបញ្ហាចាំបាច់ត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរវាងប្រធានាធិបតីYoon Suk Yeol និងប្រធានាធិបតីអាមេរិកលោក ចៃ បៃដិន។
តែផ្ទុយទៅវិញ ៤០,៨ % បាននិយាយថា ពួកគេប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាពួកគេគាំទ្រការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ៤៥, ២ % បានឆ្លើយថា ទីក្រុងសេអ៊ូល គួរតែ «ប្រឈមមុខ»ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ដោយត្រូវសួររកហេតុផលសម្រាប់ការប្រឆាំងអាវុធនុយក្លេអ៊ែរ ៤៤,២ % បាននិយាយថា វានឹងជំរុញឱ្យកូរ៉េ ខាងត្បូងទទួលរងនូវទណ្ឌកម្មជាសកល ប្រសិនបើទីក្រុងសេអ៊ូលបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរក្នុងស្រុក។
លោក Yoon គ្រោងនឹងចេញដំណើរទៅកាន់ អាមេរិកនៅថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៦ថ្ងៃដើម្បីរំឭកខួបលើកទី ៧០នៃសម្ព័ន្ធភាពរបស់ប្រទេសទាំង២ ជាមួយនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើងនៅក្នុងរបៀបវារៈ។
ការស្ទង់មតិមានកំហុសតិចតួច បូក ឬ ដក ៣,១% នៅកម្រិតទំនុកចិត្ត គឺ ៩៥%៕