​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ បានឱ្យដឹង​កាលពី​ថ្ងៃទី​ ​២៣ ខែ​មេសា​ថា ខ្លួន​បានដាក់​របាំង បង្កើត​កន្លែង​ត្រួតពិនិត្យ​មួយ​នៅលើ​កំណាត់​ផ្លូវ ដែលជា​ច្រកចេញចូល​តែមួយគត់​ទៅ​តំបន់​ជម្លោះ​ជាមួយ​អា​មេ​នី គឺ​តំបន់​ណា​ហ្គូ​ណូ​-​កា​រ៉ា​បាក់ (Nagorno-Karabakh) ដែលជា​ជំហាន​មួយ​ធ្វើឱ្យ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង ​២ ​កើនឡើង​ជាថ្មី​។

​ក្រសួងការបរទេស​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​និយាយថា ការ​បង្កើត​កន្លែង​ត្រួតពិនិត្យ​ចូលក្នុង​តំបន់​ណា​ហ្គូ​ណូ​-​កា​រ៉ា​បាក់ គឺជា​វិធានការ​ចាំបាច់ ដោយ​ចោទប្រកាន់​អា​មេ​នីថា ប្រើ​ផ្លូវ​នេះ​ដើម្បី​ដឹកជញ្ជូន​អាវុធ​។

​ក្រសួង​ថា អា​ស៊ែ​បៃ​ហ្ស​ង់​៖ «​បាន​ចាត់វិធានការ​សមស្រប​ដើម្បី​បង្កើត​ការគ្រប់គ្រង​នៅ​ចំណុច​ចាប់ផ្តើម​នៃ​ផ្លូវ​»​ព្រោះ​«​ការផ្តល់​សន្តិសុខ​តាម​ព្រំដែន ក៏ដូចជា​ការធានា​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ដងផ្លូវ គឺជា​សិទ្ធិ​របស់​រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់ និង​ជា​លក្ខខណ្ឌ​ចាំ​បាច់​សម្រាប់​សន្តិសុខ​ជាតិ​អធិប​តេ​យ្យ​ភាព​រដ្ឋ និង​នីតិរដ្ឋ​»​។​

​គួរ​បញ្ជាក់ថា តំបន់​ណា​​ហ្គូ​ណូ​-​កា​រ៉ា​បាក់ ដែល​ត្រូវបាន​បំបែក​ចេញពី​អា​ស៊ែ​បៃ​ហ្ស​ង់​ក្នុង​សង្គ្រាម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ថា ជា​ផ្នែក​មួយ​នៃ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ប៉ុន្តែ​ប្រជាជន​ប្រមាណ​ជាង ១២០ ០០០ ដែល​រស់នៅក្នុង​តំបន់​នេះ​ភាគច្រើន​ជា​ជនជាតិ​អា​មេ​នី​។​

​ប្រតិកម្ម​ទៅនឹង​វិធានការ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ប្រទេស​អា​មេ​នី បាន​និយាយថា កន្លែង​ត្រួត​​ពិនិត្យ​ក្នុង​ច្រករបៀង​ Lachin ដែលជា​ផ្លូវ​ចូល​តំបន់ ណា​ហ្គូ​ណូ​-​កា​រ៉ា​បាក់ គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​កិច្ចព្រមព្រៀង​បទ​​ឈប់​បាញ់ ដែល​បញ្ចប់​ជម្លោះ​បង្ហូរឈាម​នៅ​ឆ្នាំ​ ២០២០​។

​បន្ថែម​ពីនេះ អា​មេ​នី បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ដែល​ចែងថា ច្រករបៀង​ Lachin ដែលជា​ផ្លូវ​តែមួយគត់​ភ្ជាប់​ពី​អា​មេ​នី​ទៅ​តំបន់​ណា​​ហ្គូ​ណូ​-​កា​រ៉ា​បាក់ ត្រូវតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កង​រក្សា​សន្តិភាព​រុស្ស៊ី​។​

​គួរ​បញ្ជាក់ថា អា​ស៊ែ​បៃ​ហ្ស​ង់ និង​អា​មេ​នី តែងមាន​ជម្លោះ​ជាមួយគ្នា​ជារឿយៗ​ទាំង​ទ្រង់​ទ្រាយ​តូច និង​ធំ នៅតាម​តំបន់​ព្រំដែន​ដែលមាន​ជម្លោះ រួម​ទាំង​តំបន់​ណា​ហ្គូ​ណូ​-​កា​រ៉ា​បាក់ តាមរយៈ​ការប៉ះទង្គិច​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ ២ ដែល​ការ​ទង្គិច​តែងតែ​បង្កឱ្យមាន​ភាព​តានតឹង​កើនឡើង​។ ជម្លោះ​ក្នុង​ឆ្នាំ​ ២០២០ ដែល​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​ក្រោម​កា​រស​ម្រួ​ប​សម្រួល​របស់​រុស្ស៊ី បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៦ ០០០ ​នាក់​៕