
ប្រជាជនស្នាក់នៅខាងក្រៅផ្ទះ និងមន្ទីរពេទ្យ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ បានកើតឡើងនៅក្នុងតំបន់របស់ពួកគេនៅក្នុងភូមិ Muara Sikabaluan នៅលើកោះ Siberut នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣។ AFP
អាជ្ញាធរជំនាញរបស់ឥណ្ឌូនេស៊ី (BMKG) លើកឡើងថា ប្រទេសនេះជួបគ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ។ រញ្ជួយដីនោះបានវាយប្រហារនៅភាគខាងលិចកោះស៊ូម៉ាត្រានៅថ្ងៃអង្គារ ២៥ មេសា ដោយអាជ្ញាធរថែមទាំងបានព្រមានអំពីរលកយក្សស៊ូណាមិទៀតផង។
អាជ្ញាធរមូលដ្ឋាន ណែនាំភ្លាមៗដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ឱ្យផ្លាស់ទីឆ្ងាយពីច្រាំងសមុទ្រទៅកាន់ទីកន្លែងសុវត្ថិភាព។
មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានព្យាករថា ការរញ្ជួយដីនៅឥណ្ឌូនេស៊ីលើកនេះក្នុងកម្រិត ៦.៩រ៉ិចទ័រ។ការរញ្ជួយដីនេះស្ថិតនៅជម្រៅ៨៤ គីឡូម៉ែត្រ ដោយរំញ័រនៅម៉ោង៣ទៀបភ្លឺម៉ោងនៅឥណ្ឌូនេស៊ី។
សារព័ត៌មានCNAបានស្រង់ប្រសាសន៍អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីលោកAbdul Muhari ដែលបាននិយាយថា អាជ្ញាធរកំពុងប្រមូលទិន្នន័យពីកោះដែលប្រឈមនឹងគ្រោះរញ្ជួយដីលើកនេះ។លោក Abdul ជាអ្នករស់នៅក្នុងទីក្រុង Padang បានបន្ថែមថា នៅទីក្រុង Padangដែលស្ថិតនៅភាគខាងលិចនៃកោះស៊ូម៉ាត្រានោះ គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង បង្ខំឱ្យមនុស្សម្នារត់គេចពីតំបន់ឆ្នេរ។
លោកបញ្ជាក់៖« មនុស្សម្នាបានចាកចេញពីផ្ទះរបស់ពួកគេ។ អ្នកខ្លះភ័យស្លន់ស្លោ ប៉ុន្តែមិនមានភាពចលាចលឡើយ។ បច្ចុប្បន្ននេះ ពួក គេមួយចំនួនកំពុងជម្លៀសចេញពីសមុទ្រ»។ទោះជាយ៉ាងណាលោកមិនទាន់អាចអត្ថាធិប្បាយអំពីទំហំនៃការខូចខាតនៅឡើយទេ។
ខ្សែវីដេអូព័ត៌មានក្នុងស្រុកបានបង្ហាញអ្នកស្រុក Padang មួយចំនួនបានជិះម៉ូតូនិងថ្មើរជើងរត់គេចទៅកាន់ទីទួលខ្ពស់។ អ្នកខ្លះកាន់កាបូបស្ពាយ ខណៈអ្នកខ្លះទៀតអង្គុយជាមួយគ្នាក្រោមឆ័ត្រទប់នឹងភ្លៀង។
ប្រទេសឥណ្ឌូនេស៊ីទទួលរងការរញ្ជួយដីជាញឹកញាប់។ប្រជុំកោះនេះស្ថិតនៅលើបន្ទាត់Pacific Ring of Fire ដែលជាតំបន់ប្រឈមខ្លាំងនឹងគ្រោះរញ្ជួយដី៕