ប្រធានាធិបតីតួកគី លោករ៉េសិប តៃយីប អេរដូហ្គែន បានថ្លែងប្រាប់បទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក TRT Turk កាលពីថ្ងៃអាទិត្យទី៣០ ខែមេសា ថា កងកម្លាំងចារកម្មតួកគី បានសម្លាប់មេដឹកនាំរដ្ឋអ៊ិស្លាម លោក Abu Hussein al-Qurashi នៅក្នុងប្រទេសស៊ីរី។
លោក អេរដូហ្គែន បានគូសបញ្ជាក់ថា ចារកម្មតួកគីបានតាមប្រមាញ់ លោក Qurashi អស់រយៈពេលជាយូរមកហើយ មុនចារកម្មជាតិតួកគីធ្វើប្រតិបត្តិការវាយឆ្មក់កាលពីថ្ងៃសៅរ៍។
ប្រភពសន្តិសុខក្នុងស្រុកស៊ីរី បានឱ្យដឹងថា ការវាយឆ្មក់ធ្វើឡើងនៅក្នុងទីក្រុងភាគខាងជើងស៊ីរី Jandaris ដែលជាក្រុងគ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្រដោយតួកគី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ជុំវិញប្រតិបត្តិការនេះ កងទ័ពជាតិស៊ីរី ដែលជាក្រុមប្រឆាំងដែលមានវត្តមានកងទ័ពក្នុងតំបន់វាយឆ្មក់ដែរនោះ មិនបានចេញការបកស្រាយយ៉ាងណានោះទេ។
បន្ថែមពីលើនេះ រ៉យទ័រ បានស្រង់សម្ដីរបស់ប្រជាជនរស់នៅក្នុងតំបន់ដែលនិយាយថា ការប៉ះទង្គិចក្នុងប្រតិបត្តិការវាយឆ្មក់នៅជាយក្រុង Jandaris បានកើតឡើងនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ដោយមានរយៈពេល១ម៉ោង មុនពេលគេឮសំឡេងផ្ទុះដ៏កក្រើកមួយបានកើតឡើង។ ក្រោយមក កម្លាំងសន្តិសុខបានឡោមព័ទ្ធតំបន់ទាំងមូល ដោយមិនឱ្យមានការចេញចូលផ្ដេសផ្ដាសនោះទេ។
គួរបញ្ជាក់ថា លោក al-Qurashi ត្រូវបានតែងតាំងឱ្យធ្វើជាមេដឹកនាំរបស់ក្រុមរដ្ឋអ៊ិស្លាមកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីមេដឹកនាំក្រុមចាស់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រដាប់អាវុធនៅភាគខាងត្បូងប្រទេសស៊ីរី។
ក្រុមរដ្ឋអ៊ិស្លាម បានកាន់កាប់ទឹកដីដ៏ធំនៅអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ ២០១៤ ប៉ុន្តែបានបាត់បង់ការកាន់កាប់របស់ខ្លួនវិញ បន្ទាប់ពីមានយុទ្ធនាការប្រយុទ្ធប្រឆាំងដោយកងកម្លាំងគាំទ្រដោយសហរដ្ឋអាមេរិកនៅស៊ីរី និងអ៊ីរ៉ាក់ ក៏ដូចជាកងកម្លាំងស៊ីរីគាំទ្រដោយអ៊ីរ៉ង់ រុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធផ្សេងៗ។
ក្រុមសកម្មប្រយុទ្ធរាប់ពាន់នាក់ដែលនៅសេសសល់របស់ក្រុមរដ្ឋអ៊ិស្លាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគច្រើនបានលាក់ខ្លួននៅតំបន់ដាច់ស្រយាលនៃប្រទេសទាំង២ ទោះបីជាពួកគេនៅតែមានសមត្ថ ភាពធ្វើការវាយប្រហារផ្សេងៗក៏ដោយ៕