កងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន នៅព្រឹកថ្ងៃទី ៣ ខែឧសភា បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ បន្ទាប់ពីអ៊ីស្រាអែលធ្វើការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីយប់ថ្ងៃទី ២ ខែឧសភា ជុំវិញភាពតានតឹងចុងក្រោយដែលកើនឡើង បន្ទាប់ពីការស្លាប់របស់លោក Khader Adnan ដែលជាអ្នកទោសប៉ាឡេស្ទីនដ៏ល្បីឈ្មោះម្នាក់ស្ថិតនៅក្រោមការឃុំឃាំងរបស់អ៊ីស្រាអែល។
ប្រភព ២ រូបដែលមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បទឈប់បាញ់ទៅវិញទៅមក និងក្នុងពេលដំណាលគ្នា បានចូលជាធរមាននៅម៉ោងប្រមាណ ៣ កន្លះទៀបភ្លឺ ក្រោមកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីមន្ត្រីអេហ្ស៊ីប កាតា និងអង្គការសហប្រជាជាតិ។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមជីហាដអ៊ីស្លាម លោក Tareq Selmi ការប្រយុទ្ធគ្នាបានបញ្ចប់ទៅនៅព្រឹកព្រលឹមថ្ងៃពុធ ខណៈក្រុមហាម៉ាស់ដែលជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយដែរនោះបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមហាម៉ាសបានចូលរួមកិច្ចពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីប កាតា និងអង្គការស ហប្រជាជាតិ ដើម្បីបញ្ចប់ «ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា»។
ក្រុមហាម៉ាស់ បាននិយាយថាមេដឹកនាំក្រុមគឺ លោក Ismail Haniyeh បានជួបពិភាក្សាជាមួយមន្ត្រីនៃប្រទេសទាំង ២ (អេហ្ស៊ីប និងកាតា) និងអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ដែលប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ និងរថក្រោះដើម្បីវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីបនៅយប់ថ្ងៃអង្គារ។
គួរបញ្ជាក់ដែរថា សកម្មភាពយោធាអ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាស់ និងជីហាដអ៊ិស្លាម បានបាញ់គ្រាប់រ៉ុក្កែតចេញពីតំបន់ហ្គាហ្សាស្ទ្រីបទៅលើអ៊ីស្រាអែលកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីការស្លាប់របស់លោក Adnan ដែលបានធ្វើកូដកម្មបង្អត់អាហាររយៈពេល ៨៧ ថ្ងៃ។
យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែតយ៉ាងហោចណាស់ ៣០ គ្រាប់ ទៅលើអ៊ីស្រាអែល ដោយមាន២ គ្រាប់ធ្លាក់នៅទីក្រុងអ៊ីស្រាអែលភាគខាងត្បូង Sderot ហើយធ្វើឱ្យមនុស្ស ៣ នាក់រងរបួស។ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស់ និងក្រុមជីហាដអ៊ិស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទាំងនេះថា ជាការឆ្លើយតបទៅនឹងការស្លាប់របស់លោក Adnan។
ប្រភពមួយរបស់ប៉ាឡេស្ទីនបានប្រាប់Al Jazeera Arabic ថា បទឈប់បាញ់គឺជាលទ្ធផលនៃភាគីជាច្រើនចូលរួមកិច្ចពិភាក្សា ដើម្បីការពារកុំឱ្យការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាកើនឡើង។ យ៉ាងណាមិញគេមិនឃើញមានរបាយការណ៍ពីអ្នកស្លាប់ ឬការខូចខាតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានៅឡើយទេ គិតត្រឹមព្រឹកថ្ងៃពុធ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។
យោងតាមប្រភពសន្តិសុខ និងសាក្សីនៅប៉ាឡេស្ទីន ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងជាច្រើននៅក្នុងតំបន់ហ្គាហ្សា ដែលមានប្រជាជនជាង ២ លាននាក់រស់នៅ។ លោក Issam Adwan អ្នកកាសែត និងជាអ្នករស់នៅក្នុងតំបន់បានប្រាប់ Al Jazeera ថា លោកបានឮការផ្ទុះជាច្រើននៅជិតផ្ទះរបស់លោក ហើយថា វាជាការមិនពិតនោះទេដែលកងកម្លាំងអ៊ីស្រាអែលអះអាងថាការវាយប្រហាររបស់ពួកគេផ្ដោតតែលើទីតាំងយោធា៕