មន្ត្រីអង្គការសហប្រជាជាតិ និងប្រព័ន្ធផ្សព្វផ្សាយ បានព្រមានកាលពីថ្ងៃអង្គារថា សេរីភាពសារព័ត៌មាន កំពុងរងការវាយប្រហារនៅគ្រប់ជ្រុងនៃពិភពលោកដោយមានអ្នកកាសែត បន្តយាយី ចាប់ដាក់គុក និងសម្លាប់។
ដោយថ្លែងនៅមុនទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃពុធ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស បានចេញសេចក្តីអំពាវនាវដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក។
លោកបាននិយាយក្នុងសារវីដេអូមួយថា៖ «សេរីភាពទាំងអស់របស់យើងអាស្រ័យលើសេរីភាពសារព័ត៌មាន» ដោយហៅវាថាជា «គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌» និង «ឈាមចាំបាច់ចំពោះជីវិតនៃសិទ្ធិមនុស្ស»។
ដោយថ្លែងសុន្ទរកថានៅក្នុងសន្និសីទដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោកហ្គុយតឺរេស បានបន្ថែមថា៖ «ប៉ុន្តែនៅគ្រប់ជ្រុងនៃពិភពលោកសេរីភាពសារព័ត៌មានកំពុងរងការវាយប្រហារ»។
ដោយគូសបញ្ជាក់អំពីបញ្ហា នេះអង្គការយូណេស្កូ បានប្រគល់រង្វាន់សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៣ របស់ខ្លួនដល់ស្ត្រីជនជាតិអ៊ីរ៉ង់ ៣ នាក់ អ្នកកាសែត ២ នាក់ និងសកម្មជនសិទ្ធិមនុស្ស ១ នាក់ ដែលត្រូវបានជាប់ពន្ធនាគារ។
ខណៈពេលដែលលោក ហ្គុយតឺរេស មិនបានស្តីបន្ទោសលើប្រទេសជាក់លាក់នោះ វាគ្មិនផ្សេងទៀតបានលើកឡើងពីករណីបុគ្គល ដូចជាអ្នករាយការណ៍របស់ Wall Street Journal លោក Evan Gershkovich ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីពីបទចារកម្មដែលគាត់បានបដិសេធ។
អ្នកបោះពុម្ពផ្សាយ Wall Street Journal លោក Almar Latour បានប្រាប់វេទិកាថា៖ «ការប្រយុទ្ធ ដើម្បីសេរីភាពសារព័ត៌មានការប្រយុទ្ធសម្រាប់ការដោះ លែង Evan គឺជាការប្រយុទ្ធ ដើម្បីសេរីភាពរបស់មនុស្សគ្រប់គ្នា»៕