កងទ័ពជើងទឹកអាមេរិកនៅ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ បានលើកឡើងថា ត្រឹមតែរយៈពេល ១ សប្ដាហ៍ប៉ុណ្ណោះ អ៊ីរ៉ង់បានរឹបអូសយកនាវាដឹកប្រេងជាលើកទី២ ខណៈដែលក្រសួងការបរទេសអាមេរិកបានអំពាវនាវឱ្យមានការដោះលែងនាវានោះវិញ។ ហេតុការណ៍នេះគឺជាករណីមួយក្នុងចំណោមព្រឹត្តិការណ៍ដែលបានកើតឡើងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការរឹបអូសនាវាពាណិជ្ជកម្មនៅក្នុងតំបន់គិតចាប់តាំងពីឆ្នាំ ២០១៩។
អង្គភាពកងនាវាទី ៥ នៃកងទ័ពជើងទឹកអាមេរិកដែលមានមូលដ្ឋាននៅប្រទេសបារ៉ែនបានឱ្យដឹងថា នាវាដឹកប្រេងដែលមានទង់ជាតិប្រទេសប៉ាណាម៉ាឈ្មោះថា នីអូវី (Niovi) ត្រូវបានរឹបអូសដោយកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់ប្រទេសអ៊ីរ៉ង់ (IRGCN) នៅវេលាម៉ោង ៦ និង ២០ នាទីព្រឹក ម៉ោងនៅក្នុងស្រុក ខណៈដែលនាវានេះ កំពុងបើកឆ្លងកាត់ច្រកសមុទ្រ ហូមូស (Hormuz)។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ឈ្មោះថា Mizan បានរាយការណ៍ថា ជាការឆ្លើយតបរដ្ឋអាជ្ញាទីក្រុងតេអេរ៉ង់ (Tehran) បានប្រកាស ថានាវាដឹកប្រេងនេះត្រូវបានរឹបអូសដោយយោងទៅតាមដីការបស់តុលាការបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីដើមបណ្តឹង ប៉ុន្តែរដ្ឋអាជ្ញាទីក្រុងតេអេរ៉ង់ មិនបានផ្ដល់ព័ត៌មានលម្អិតអំពីការរឹបអូសនេះនោះទេ។
គួររំឭកថា ឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិកោះម៉ាសល (Marshall) ឈ្មោះថា Advantage Sweet កាលពីថ្ងៃព្រហស្បតិ៍នៅឈូងសមុទ្រអូម៉ង់។ នាវាដឹកប្រេងនោះកំពុងត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ឃាត់ទុកនៅទីក្រុង បានដារ អាបាស (Bandar Abbas)។ នេះបើតាមការិយាល័យចុះបញ្ជីទង់ជាតិកោះម៉ាសល ដែលបានលើកឡើងកាលពីថ្ងៃអង្គារ។
យោងតាមក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេសឈ្មោះថា អែមព្រៃ (Ambrey) បានយល់ឃើញថា ការរឹបអូសនាវា Advantage Sweet ដោយប្រទេសអ៊ីរ៉ង់កាលពីសប្ដាហ៍មុន គឺជាការឆ្លើយតបទៅនឹងតុលាការសហរដ្ឋអាមេរិកដែលបានចេញដីការឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិរបស់កោះម៉ាសល ឈ្មោះថា នាវា ស៊ូអេស្ស រ៉ាចាន (Suez Rajan)។ នាវានោះត្រូវបានគេជឿថា ជានាវាដែលបានដឹកប្រេងឆៅ និងទំនិញផ្សេងៗរបស់ប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធនាវាដឹកប្រេងនីអូវីដែលត្រូវបានរឹបអូសដោយអ៊ីរ៉ង់ បានធ្វើដំណើរចេញពីទីក្រុងឌូបៃ (Dubai) ឆ្ពោះទៅកាន់កំពង់ផែ ហ្វ៊ូចាយ រ៉ា (Fujai rah) របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់ បានបង្ខំឱ្យនាវានោះផ្លាស់ប្តូរទិសដៅឆ្ពោះទៅកាន់ដែនទឹកអ៊ីរ៉ង់។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុនរីហ្វ៊ីនីធីវ (Refinitiv) ដែលបានតាមដានរាល់ចលនារបស់កប៉ាល់ និងនាវានៅលើសមុទ្របានបង្ហាញថា នាវានីអូវី បានរាយការណ៍ពីទីតាំងរបស់ខ្លួនចុងក្រោយបង្អស់នៅម៉ោង ២ និង ៣១ នាទីព្រឹក ម៉ោងនៅក្នុងស្រុកកាលពីថ្ងៃពុធនៅឯឆ្នេរសមុទ្រអូម៉ង់ត្រង់ចន្លោះច្រកសមុទ្រហូមូស។
យោងតាមទិន្នន័យដឹកជញ្ជូន របស់អង្គការដែនសមុទ្រអន្តរជាតិ (IMO) ម្ចាស់របស់នាវានីអូវីគឺជាក្រុមហ៊ុន Grand Financing Co ហើយនាវានេះត្រូវបានគ្រប់គ្រងដោយក្រុម ហ៊ុន Smart Tankers ដែលមានមូលដ្ឋាននៅប្រទេសក្រិក។ ដោយឡែកយោងតាមទិន្ន ន័យពីក្រុមហ៊ុនវិភាគ Vortexa បានឱ្យដឹងថា ប្រហែល ១ ភាគ ៥ នៃទំនិញប្រេងឆៅ និងប្រេងរបស់ពិភពលោក គឺត្រូវឆ្លងកាត់ច្រកសមុទ្រហូមូស ដែលជាច្រកសមុទ្រដ៏តូចចង្អៀតរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់។
កាលពីថ្ងៃអង្គារ ការិយាល័យចុះបញ្ជីទង់ជាតិកោះម៉ាសលបានរំលេចថា៖ «សកម្មភាពយោធា និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់នាវាពាណិជ្ជកម្ម»។ ការិយាល័យនេះ បានបន្តថា៖ «ការគំរាមកំហែងទាំងនេះ អាចនឹងឈានទៅដល់ការយល់ច្រឡំណាមួយកើតឡើង ឬការកំណត់អត្ត សញ្ញាណនាវាខុសដែលអាចនាំឱ្យមានជម្លោះប្រដាប់អាវុធបាន»។ចាប់តាំងពីឆ្នាំ ២០១៩ មានករណីវាយប្រហារជាច្រើនលើកបានកើត មានឡើងទៅលើនាវាដឹកជញ្ជូនទំនិញផ្សេងៗនៅឈូងសមុទ្រក្នុងតំបន់ដោយបង្កឡើងពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
កន្លងមកកិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់បានកើតមានដែរ ដូចជាការចរចាទៅលើការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់អ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោក ដែលបានជាប់គាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ ជុំវិញបញ្ហាជាច្រើនក្នុងនោះរួមមាន ការបង្ក្រាបដោយហិង្សារបស់អ៊ីរ៉ង់ទៅលើបាតុករ ការលក់យន្តហោះគ្មានមនុស្សបើកឱ្យទៅរុស្ស៊ី និងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរជាដើម៕