
ទាហានការពារដែនអាកាសអ៊ុយក្រែន បាញ់ទៅលើដ្រូន ១ គ្រឿងដែលកំពុងហោះពីលើទីក្រុងកៀវ។ AFP
រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) រាប់សិបគ្រឿង ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៊ូរីចា ដោយសារតែការវាយប្រហារចុងក្រោយ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅព្រលឹមថ្ងៃចន្ទនេះថា ខ្លួនបានកម្ទេចដ្រូន Shahed ដែលផលិតដោយអ៊ីរ៉ង់ចំនួន ៣៥ គ្រឿង ខណៈនៅមានមីស៊ីល ១៦ គ្រាប់ទៀត ដែលរុស្ស៊ីធ្វើការបាញ់ប្រហារលើទីក្រុងនានានៅតំបន់កៀវ ខឺរសុន មៃខូឡេវ (Mykolaiv) និងអូដេសា ដែល «ជាអកុសល មានជនស៊ីវិលស្លាប់ និងរបួស ហើយធ្វើឱ្យអគារខ្ពស់ៗ ផ្ទះឯកជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត រងការខូតខាត»។
ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីចុងក្រោយបំផុតនេះ ធ្វើឡើងស្របពេលដែលក្រុងម៉ូស្គូត្រៀមរៀបចំប្រារព្ធទិវាថ្ងៃជ័យជម្នះ ៩ ឧសភា ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់របស់រុស្ស៊ី រំឭកពីការយកឈ្នះលើក្រុមណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២។
បើតាមអភិបាលក្រុងកៀវ លោក Vitali Klitschko មនុស្សយ៉ាងហោចណាស់ ៥ នាក់ បានរងរបួសដោយសារតែការវាយប្រហារលើរដ្ឋធានីកៀវ។ បន្ថែមពីលើនេះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ក៏ធ្វើឱ្យឆេះឃ្លាំងស្បៀងនៅតំបន់អូដេសា និងមានការផ្ទុះនៅតំបន់ផ្សេងទៀត។
ជាមួយគ្នានេះផងដែរ ក្រោយពីមានសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហាររបស់រុស្ស៊ីរោទ៍ឡើងរាប់ម៉ោងលើតំបន់ប្រហែល ២/៣ របស់អ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានរាយការណ៍អំពីសំឡេងនៃការផ្ទុះនៅតំបន់ខឺរសុន និងតំបន់ហ្សាប៊ូរីចា ដែលជាតំបន់នៃរោងចក្រនុយក្លេអ៊ែរហ្សាប៊ូរីចា ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពឈ្លានពានរុស្ស៊ី។
អភិបាលតំបន់ហ្សាប៊ូរីចា ដែលរុស្ស៊ីលើកបន្តុប បានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិល រួមទាំងពីទីក្រុង Enerhodar ដែលជាទីក្រុងមានកម្មកររោងចក្រនុយក្លេអ៊ែរភាគច្រើនរស់នៅ។
សូមបញ្ជាក់ថា អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិលោក Rafael Grossi បានចំណាយពេលជាច្រើនខែ ដើម្បីព្យាយាមបញ្ចុះបញ្ចូលមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ឱ្យបង្កើតតំបន់ការពារសុវត្ថិភាពជុំវិញរោងចក្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃគ្រោះមហន្តរាយនុយក្លេអ៊ែរ។
យ៉ាងណាមិញ ការបាញ់ប្រហារគ្នា ដែលភាគីជម្លោះទាំង ២ ចោទគ្នាទៅវិញទៅមក បានកើតមានជារឿយៗ ហើយកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីចូលរោងចក្រ ដែលមានតួនាទីដំណើរការប្រព័ន្ធទឹកត្រជាក់ ដើម្បីចៀសវាងការរលាយម៉ាស៊ីនរ៉េអាក់ទ័រ ហើយបង្កជាគ្រោះមហន្តរាយនុយក្លេអ៊ែរ៕