ប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ បានថ្កោលទោសការវាយប្រហារលើក្បួនរថយន្តដែលមានទាំងមន្ត្រីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងជិះជាមួយនៅមីយ៉ាន់ម៉ាហើយអំពាវនាវឱ្យបញ្ចប់អំពើហិង្សាក្នុងប្រទេសដែលហែកហួរដោយជម្លោះមួយនេះ។
ការថ្កោលទោសនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ កាលពីថ្ងៃចន្ទដដែលថា មានការបាញ់ប្រហារលើក្បួនរថយន្តដែលរួមដំណើរដោយមន្ត្រីស្ថានទូតសិង្ហបុរី និងឥណ្ឌូនេស៊ី ព្រមទាំងមន្ត្រីរបបយោធា ក៏ដូចជាអ្នកតំណាងមកពីមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA)។
ហេតុការណ៍នេះ បានកើតឡើងនៅលើបណ្ដោយផ្លូវ ១ ក្នុងក្រុង Hsi Hseng ភាគខាងលិចនៃរដ្ឋ Shan នៅពេលក្បួនរថយន្តធ្វើដំណើរទៅជួបជាមួយកងទ័ពរំដោះជាតិ PaO (PNLA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចក្នុងតំបន់ ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលដែលផ្លាស់ទីលំនៅនៅទីនោះ។
ខណៈគេមិនទាន់ប្រាកដថាក្រុមណាមួយស្ថិតនៅពីក្រោយការវាយប្រហារ ក្រុមយោធាមីយ៉ាន់ម៉ា បានចាត់ទុកវាថា ជាការវាយប្រហារភេរវកម្ម ស្របពេលដែលមានការចោទប្រកាន់គ្នាទៅវិញទៅមករវាងក្រុមប្រដាប់អាវុធក្នុងតំបន់ដែលចូលដៃជាមួយក្រុមយោធា និងក្រុមប្រឆាំង។
ទោះជាយ៉ាងណាក៏ដោយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បានថ្កោលទោសការវាយប្រហារនេះ ហើយនិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការការពារសុវត្ថិភាពរបស់បុគ្គលិកផ្នែកជំនួយមនុស្សធម៌ និងការទូតដើម្បីធានាថា ពួកគេអាចបន្តប្រតិបត្តិការរបស់ខ្លួន និងផ្តល់ជំនួយចាំបាច់ដល់អ្នកដែលត្រូវការជំនួយ។
ក្រសួងបន្តថា៖ «មានតែការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះដែលអាចសម្រួលដល់ដំណោះស្រាយដោយសន្តិវិធីដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាបាន»។
ចំណែកឯប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ វិញ ក៏បានលើកឡើងពីការវាយប្រហារនេះ ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនៅទីក្រុង Labuan Bajo ផងដែរ ខណៈឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ាន សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលរបស់ប្លុក និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំនេះ ដែលត្រូវបានគេមើលឃើញថា បញ្ហានៅមីយ៉ាន់ម៉ានឹងក្លាយជារបៀបវារៈដ៏សំខាន់មួយ។
លោក វីដូដូ ថ្លែងយ៉ាងដូច្នេះថា៖ «ឈប់ប្រើកម្លាំង ឈប់ប្រើអំពើហិង្សាទៅ ព្រោះមានតែប្រជាជនប៉ុណ្ណោះដែលជាជនរងគ្រោះ។ ស្ថានភាពនេះ នឹងមិនធ្វើឱ្យនរណាម្នាក់ឈ្នះនោះទេ»។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក វីដូដូ បានបន្ថែមទៀតថា ការវាយប្រហារនឹងមិនរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី និងអាស៊ាន ដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ានោះទេ ប៉ុន្តែឥណ្ឌូនេស៊ីលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឱ្យមានការសន្ទនា និងស្វែងរកដំណោះស្រាយរួម។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាស្ថិតនៅក្នុងភាពចលាចលហិង្សា និងភាពចលាចលសេដ្ឋកិច្ចចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ ២០២១ ហើយបញ្ចេញយុទ្ធនាការបង្ក្រាបដោយការបង្ហូរឈាមលើក្រុមប្រឆាំង។
ភាពតានតឹងកាន់តែខ្លាំងឡើងនៃការវាយប្រហារដោយយោធា និងការប៉ះទង្គិចគ្នាជាមួយចលនាតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេសបានជំរុញឱ្យមានការអំពាវនាវឱ្យបញ្ចប់អរិភាព និងអនុញ្ញាតឱ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌អាចដំណើរការទៅដោយរលូន៕