ប្រទេស​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​ គ្រោង​នឹង​ព្រម​ព្រៀង​គ្នា​នៅ​ដើម​ខែ​ក្រោយ​ ដើម្បី​ភ្ជាប់​រ៉ាដា​របស់​ប្រទេស​ទាំង​២​​តាម​រយៈ​ប្រព័ន្ធ​មួយ​​របស់​អាមេរិក​ ​ដើម្បី​ចែក​រំលែក​ព័ត៌មានតាម​ដាន​​តាម​ពេល​វេលា​ជាក់​ស្តែង​ ស្តី​ពី​មីស៊ីល​ផ្លោង​របស់​​កូរ៉េ​ខាង​ជើង​។​ នេះ​បើ​​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រកាល​ពី​ថ្ងៃ​អង្គារ​​ ​ដោយ​​ស្រង់​សម្ដី​របស់​ប្រភព​មិន​បញ្ចេញ​ឈ្មោះម្នាក់​​ ដែល​ដឹង​ពី​បញ្ហា​នេះ​។

​បើ​តាម​ប្រភព​​ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន​ កូរ៉េខាង​ត្បូង​ ​​និង​សហរដ្ឋ​អាមេរិក​ គ្រោ​ង​នឹង​​សម្រេច​​កិច្ច​ព្រម​ព្រៀ​ង​មួយ​លើ​​បញ្ហា​នេះ​ ​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​ការពារ​ជាតិ​អាស៊ី​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​នៅ​ដើម​ខែ​ក្រោយ​។

​ចំណែក​​ឯ​​អ្នក​នាំ​ពាក្យ​កំពូល​របស់​រដ្ឋាភិបាល​ជប៉ុន​ លោក ​Hirokazu Matsuno ​វិញ​ បាន​និយាយ​ថា​ មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​លើ​កិច្ច​ព្រម​ព្រៀង​ ដែល​បាន​គ្រោង​ទុក​នេះ​នៅ​​ឡើយ​ទេ។ ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន Yonhap ​បាន​រាយការណ៍​ថា​ ការិយាល័យ​ប្រធា​នាធិបតី​​កូរ៉េ​ខាង​ត្បូង​ បាន​និយាយ​ថា ​​ក្រុង​សេអ៊ូល​ នឹង​បង្កើត​ក្រុម​ជាមួយ​ប្រទេស​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​ ដើ​ម្បី​​ចែក​រំលែក​​ព័ត៌មាន​តាម​ដាន​អំពី​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​។​ សេចក្ដី​រាយការណ៍​ដដែល​បាន​បន្ត​​ដោយ​ ស្រង់​សម្ដី​មន្រ្តី​ជាន់​ខ្ពស់​កូរ៉េខាង​ត្បូង​ម្នាក់​ថា​ ​គេ​កំពុង​ធ្វើ​ការ​លើ​ប្រព័ន្ធ​នេះ​​​​​ក្នុង​​ពេល​​បច្ចុប្បន្ន​។

​​

គួរ​គូស​បញ្ជាក់​ថា​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​ជប៉ុន​ កូរ៉េខាង​ត្បូង​ ​​និង​សហរដ្ឋ​អាមេរិក​ ​បាន​យល់​ព្រម​បង្កើន​ល្បឿន​នៃ​ការ​ចែក​រំលែក​ព័ត៌មានជាមួយ​​គ្នា​ ដោយ​សារ​តែ​កូរ៉េខាង​ជើងបង្កើន​ការ​​បាញ់​​មីស៊ីល​ផ្លោង​ទ្រង់​ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​​​។

បច្ចុប្បន្ន​នេះ​ ​ជប៉ុន​ ​និង​​កូរ៉េ​ខាង​ត្បូង​ ​មាន​​ទំនាក់​ទំនង​​​ជាមួយ​អាមេរិក​លើ​​​ប្រព័ន្ធ​​រ៉ាដា​​រៀង​ៗ​ខ្លួន​ ​ខណៈ​​ប្រទេស​ទាំង​២​គ្មាន​ទំនាក់​ទំនង​រ៉ាដា​​ជាមួយ​គ្នា​ដោយ​ផ្ទាល់​នោះ​ទេ​៕