
លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជូនៀ។ AFP
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី ១៤ ខែឧសភាថា ហ្វីលីពីនបានដាក់ឧបករណ៍បង្ហាញផ្លូវនាវា (ពោងបណ្ដែងទឹក) នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដើម្បីអះអាងពីដែនអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះជម្លោះស្រ្ពាតលី ក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការដាក់ពង្រាយនេះ ធ្វើឡើងចំពេលដែលចិនធ្វើសកម្មភាពកាន់តែគឃ្លើនឡើងៗនៅសមុទ្រចិនខាងត្បូង ខណៈប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បន្តពង្រឹកទំនាក់ទំនងកាន់តែស្អិតរមួតជាពិសេសផ្នែកយោធាជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់វស្សា។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បាននិយាយថា ខ្លួនពង្រាយពោងបណ្ដែងទឹកចំនួន៥ ដែលមានបំពាក់ទង់ជាតិហ្វីលីពីន កាលពីចន្លោះថ្ងៃទី ១០-១២ កន្លងទៅ ក្នុងតំបន់ចំនួន៥ នៃតំបន់ EEZ រួមទាំងតំបន់ថ្មប៉ប្រះទឹកWhitsun ជាកន្លែងដែលនាវាសមុទ្រចិនរាប់រយគ្រឿងបានចតនៅឆ្នាំ២០២១។
លោកCommodore Jay Tarrielaអ្នកនាំពាក្យឆ្មាំសមុទ្រ ទទួលបន្ទុកបញ្ហាសមុទ្រចិនខាងត្បូង បាននិយាយនៅលើបណ្ដាញសង្គមធ្វីធើរថា៖ «ទង្វើនេះ បង្ហាញពីការប្តេជ្ញាចិត្តមិនងាករេរបស់ហ្វីលីពីនក្នុងការការពារព្រំដែនសមុទ្រ និងធនធានរបស់ខ្លួន និងរួមចំណែកដល់សុវត្ថិភាពនៃពាណិជ្ជកម្មដែនសមុទ្រ»។
ជុំវិញបញ្ហានេះ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនបានចេញប្រតិកម្មអ្វីភ្លាមៗនោះទេ ខណៈចិនបានទាមទារដែនទឹកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលថាជារបស់ខ្លួន និងបានធ្វើសកម្មភាពយោធា និងសកម្មភាពស៊ីវិលផ្សេងៗ រួមទាំងការដាក់ទូកនេសាទចិន ដើម្បីគាំទ្រការអះអាងរបស់ខ្លួន៕