
លោកប្រាយុធ ចាន់អូចា បោះឆ្នោតកាលពីថ្ងៃទី ១៤ ឧសភា។ AFP
ការបោះឆ្នោតថ្នាក់ជាតិនៅថៃ ចាប់ផ្ដើមដំណើរការជាផ្លូវការនៅម៉ោង ៨ ព្រឹក ថ្ងៃអាទិត្យ ជាមួយនឹងការរំពឹងទុកថានាយករដ្ឋមន្ត្រីនិយមយោធា លោក ប្រាយុធ ចាន់អូចា អាចនឹងរបូតចេញពីតំណែង ប្រសិនបើបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រឆាំងណាមួយ អាចយកឈ្នះក្នុងការបោះឆ្នោតពីសមាជិកសភា។
បើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (ECT) ប្រជាជនថៃប្រមាណ ៥២ លាននាក់ មានសិទ្ធិក្នុងការបោះឆ្នោតដែលមានគណបក្សចំនួន ៦៧ ប្រកួតប្រជែងនាពេលនេះ ហើយមាន ២ លាននាក់ហើយ ដែលបានបោះឆ្នោតរួច ក្នុងការបោះឆ្នោតមុនកំណត់កាលពីថ្ងៃអាទិត្យ ទី ៧ ខែឧសភា សប្ដាហ៍មុន។
ការបោះឆ្នោតជាតិលើកនេះ នឹងត្រូវបញ្ចប់ទៅនៅម៉ោង ៥ ល្ងាច ហើយសន្លឹកឆ្នោតដែលមានក្នុងហិប នឹងត្រូវរាប់នៅការិយាល័យបោះឆ្នោតនីមួយៗ មុនពេលលទ្ធផលក្រៅផ្លូវការ ត្រូវបញ្ជូនទៅក្នុងទិន្នន័យរបស់ ECT ដែលគ្រោងនឹងប្រកាសលទ្ធផលពីគ្រប់មណ្ឌលបោះឆ្នោតត្រឹមម៉ោង ១១ យប់ ថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ជាតិនៅអាណត្តិនេះ នឹងត្រូវជ្រើសរើសសមាជិកសភានៃសភាតំណាងរាស្ត្រ ឬសភាជាន់ទាប សរុប ៥០០ នាក់ សម្រាប់អាណត្តិថ្មីដែលមានរយៈពេល ៤ ឆ្នាំ។ សមាជិកសភា ៤០០ នាក់ នឹងត្រូវជ្រើសរើសពីការបោះឆ្នោតតាមមណ្ឌល ខណៈ ១០០ នាក់ទៀត នឹងត្រូវជ្រើសរើសចេញពីបញ្ជីគណបក្សជាតិ ដោយផ្អែកលើសំឡេងសរុបដែលគណបក្សនីមួយៗទទួលបាន។
នៅពេលអាសនៈទាំង ៥០០ ក្នុងសភា ត្រូវបានជ្រើសរើស ការប្រកួតប្រជែងសម្រាប់តំណែងនាយករដ្ឋមន្ត្រីនឹងចាប់ផ្ដើម។ បើតាម ECT បេក្ខជនប្រកួតប្រជែងចំនួន ៦២ នាក់ មកពីគណបក្សចំនួន ៤៣ កំពុងឈរឈ្មោះសម្រាប់តំណែងកំពូលរបស់ប្រទេស ១ នេះ។
យោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលរបបសឹកបានកែប្រែ គណបក្សនយោបាយនីមួយៗអាចដាក់បេក្ខជនបានរហូតដល់៣នាក់សម្រាប់តំណែងនាយករដ្ឋមន្ត្រី ប៉ុន្តែមានតែគណបក្សដែលមានសមាជិកសភាជាប់ឆ្នោតយ៉ាងតិច ២៥ នាក់ប៉ុណ្ណោះ ដែលអាចធ្វើដូច្នេះបាន។ បន្ទាប់មក បេក្ខជននីមួយៗត្រូវតែទទួលបានការគាំទ្រពីសមាជិកសភាយ៉ាងតិច ៥០ នាក់ មុនឈានទៅដល់ការជ្រើសរើសនាយករដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅដោយមានការចូលរួមទាំងពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដែលមានសមាជិក ២៥០ រូប។
ក្រោយមកទៀត អ្នកដែលអាចឈ្នះតំណែងជានាយករដ្ឋមន្ត្រីបាន ត្រូវតែទទួលបានការគាំទ្រជាងពាក់កណ្ដាលនៃសំឡេងសភាទាំងអស់ ដែលនេះមានន័យថា បេក្ខជននាយករដ្ឋមន្ត្រីត្រូវតែទទួលបានសំឡេង យ៉ាងតិច ៣៧៦។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា សមាជិកព្រឹទ្ធសភាថៃសុទ្ធតែត្រូវបានក្រុមយោធាតែងតាំង។
បច្ចុប្បន្ននេះ សម្ទុះនៃការគាំទ្រគណបក្សប្រឆាំងថៃ រួមមានគណបក្សភឿថៃ ដឹកនាំដោយលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ និងគណបក្ស Move Forward ដឹកនាំដោយលោក ភីតា លីមចារើនរ៉ាត (Pita Limjaroenrat) សុទ្ធតែនាំមុខគណបក្សថ្មី ថៃរួបរួមជាតិរបស់លោក ប្រាយុធ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏គួររំឭកថា កាលពីបោះឆ្នោតឆ្នាំ ២០១៩ គណបក្សភឿថៃ បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងសភាជាន់ទាបដោយមានសមាជិកសភាជាប់ឆ្នោតរហូតដល់ ១៣៦ រូប ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលគ្រប់គ្រងប្រទេសបានទេ ដោយសារតែខ្វះការគាំទ្រនៅក្នុងសភា។
នាពេលនោះ គណបក្ស Palang Pracharat ដែលមានទំនាក់ទំនងជាមួយក្រុមយោធា និងជាគណបក្សចាស់របស់លោក ប្រាយុធ បានទទួលអាសនៈត្រឹមតែ ១១៥ ប៉ុណ្ណោះពីការបោះឆ្នោតជាតិ។ យ៉ាងណាមិញ គណបក្សនេះបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត ហើយទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភា ដែលអាចឱ្យលោក ប្រាយុធ កាន់អំណាចរហូតមកទល់ពេលនេះ៕