មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​​អង្គការ​​​កំពុង​អំពាវ​នាវ​សុំ​ថវិកា​ចំនួន​ ២,៥៦ ប៊ីលាន​ដុល្លារ​ ដើម្បី​​ផ្គត់​​ផ្គង់​តម្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាជន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ជម្លោះរ៉ាំ​រ៉ៃ​​ក្នុង​ប្រទេស​ស៊ូដង់​។

​​ប្រធាន​ការិយាល័យ​សម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិនៅ​ទីក្រុង​ហ្សឺណែវ លោក​ Ramesh Rajasingham​ ​បាន​និយាយ​ថា​​៖ «ឥឡូវ​​នេះ​ ប្រជាជន​ ២៥​ លាន​នាក់​ ដែល​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន​ស៊ូដង់​ ​ត្រូវការ​ជំនួយ​មនុស្ស​ធម៌​ និង​ការ​ការពារ​។​ នេះ​គឺ​ជា​ចំនួន​ខ្ពស់​បំផុត​ដែល​យើង​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​ប្រទេស​នេះ»​។

លោក​បន្ត​ថា​៖«​​តម្រូវការ​ថវិកា​ជិត​ ២,៦ ប៊ីលាន​ដុល្លារ​ ​​ក៏​ជា​កម្រិត​ខ្ពស់​បំផុត​ ​សម្រាប់​ការ​អំពាវ​នាវ​សុំ​ជំនួយ​​មនុស្ស​ធម៌​សម្រាប់​ស៊ូដង់​»​។

គួរ​បញ្ជាក់​ថា​ ជម្លោះ​រវាង​កង​ទ័ព​ស៊ូដង់​ និង​កង​កម្លាំង​​គាំទ្រ​រហ័ស​ (RSF) ដែល​ជា​ទាហាន​យោធា​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​ដែល​គំរាម​កំហែង​ដល់​អស្ថិរភាព​ក្នុង​តំបន់​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ជម្លៀស​ខ្លួន​មនុស្ស​ជាង​ ៧០០ ០០០ នាក់​​នៅ​​ក្នុង​ប្រទេស​ស៊ូដង់​ និង​បង្ខំ​ឱ្យ​មនុស្ស​ប្រហែល​ ២០០ ០០០ នាក់​ ភៀស​ខ្លួន​ទៅ​ប្រទេស​ជិត​ខាង​។

​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ (UNHCR) ដែល​​ធ្វើ​ការ​អំពាវ​នាវ​រួម​គ្នា​ជាមួយ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ កាល​ពី​ថ្ងៃ​ពុធ​ បាន​និយាយ​ថា​ ខ្លួន​កំពុង​​អំពាវ​នាវ​​រក​​ប្រាក់​ចំនួន​ ៤៧២ លាន​ដុល្លារ​ ដើម្បី​​ជួយ​ដល់​ប្រជាជន​ជាង​១​ លាន​នាក់​ក្នុង​រយៈ​ពេល​​៦​ខែ​ខាង​មុខ​។ ​

​ជំនួយ​ការ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ប្រតិបត្តិការ​របស់​ UNHCR ​លោក​Raouf Mazou​បាន​ថ្លែង​ថា​៖«​​​គួរ​ឱ្យ​សោក​ស្តាយ​ យើង​ត្រូវ​ការ​​​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ ​ដល់​ប្រទេស​ និង​បុគ្គល​ ​ដែល​មាន​មធ្យោបាយ​ក្នុង​ការ​ជួយ​ប្រជាជន​ស្លូត​ត្រង់​ ដែល​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ទាំង​គ្មាន​កំហុស​»។

គិត​មក​ទល់​ពេល​នេះ​ ជម្លោះ​ស៊ូដង់​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​១​ខែ​ទៅ​ហើយ​ ដោយ​​ការ​ប្រយុទ្ធ​គ្នា​រួម​មាន​ទាំង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​តែ​កើត​មាន​ក្នុង​រដ្ឋធានី​ខាទុំ និង​ទីក្រុង​ផ្សេង​ៗ​ទៀត​​កាល​ពី​ថ្ងៃ​អង្គារ​ ​ទោះ​បី​ជា​មានការ​ចរចា​គ្នា​រវាង​ភាគី​ជម្លោះ​ទាំង​២​ ​​​​​​​ដែល​​សម្រប​សម្រួល​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ និង​អាមេរិក​ ​ក្នុង​គោល​បំណង​​​បើក​ផ្លូវ​ដល់​ជំនួយ​មនុស្ស​ និង​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​ រួម​​មាន​ទាំង​បទ​​ឈប់​បាញ់​ក៏​ដោយ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

​​​ចំណែក​ឯ​សហភាព​ក្រុម​​គ្រូពេទ្យ​​ស៊ូដង់​វិញ​ បាន​ឱ្យ​ដឹង​​​កាល​ពី​​​ថ្ងៃ​​អង្គារ​ មនុស្ស​​យ៉ាង​ហោច​ណាស់​ ៨២២ នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ជម្លោះមក​ទល់​ពេល​នេះ​​ ខណៈ​ជាង​ ៣ ២០០ នាក់​ផ្សេង​ទៀត​ បាន​រង​របួស៕