យោងតាម​របាយការណ៍​ពី​កម្មវិធី​បរិស្ថាន​របស់​អង្គការ​​សហប្រជាជាតិ ឬ​ហៅ​កាត់​ថា UNEP បានឱ្យដឹងថា ការបំពុល​ដោយ​ប្លា​ស្ទិ​ក​ជា​សកល​អាច​នឹង​ត្រូវបាន​កាត់បន្ថយ ៨០% គិត​ត្រឹម​ឆ្នាំ​​ ២០៤០​។​ ​

របាយការណ៍​ដដែល​បាន​បន្តថា ជំហាន​ដំបូង​គឺ​ការលុបបំបាត់​ប្លា​ស្ទិ​ក​ដែល​មិនចាំបាច់​ដូចជា​ការ​​វេច​ខ្ចប់​ដោយ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន​ហួសហេតុ ហើយ​ជំ​ហាន​បន្ទាប់​គឺ​ការបង្កើន​ការប្រើ​ប្រាស់​ឡើងវិញ​នូវ​ប្លា​ស្ទិ​ក​ដែល​យើង​ប្រើប្រាស់​រួចហើយ ដូចជា​ដប​ទឹក និង​ថង់យួរ​ជាដើម​។​

​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​បែបនេះ ប្រាកដ​ណាស់ គឺ​ត្រូវការ​គោល​​នយោបាយ​របស់​រដ្ឋាភិបាល និង​ការ​​ចូលរួម​សហការ​ពី​វិស័យ​ឧស្សាហ​កម្ម​ប្លា​ស្ទិ​ក​។ មានន័យថា ការបំពុល​ប្លា​ស្ទិ​ក​នឹង​ធ្លាក់​ចុះមក​ត្រឹម​ប្រហែល​ ៤០​ លាន​តោន ​ក្នុង​ឆ្នាំ ​២០៤០ ប៉ុន្តែ​ប្រសិនបើ​ប្រទេស​នីមួយៗ​គ្មាន​វិធានការ​កាត់បន្ថយ​ណាមួយ​ទេនោះ​ចំនួន​ប្លា​ស្ទិ​ក​នឹង​កើនឡើង​រហូតដល់​ប្រមាណ ២២៧ លាន​តោន ​ក្នុង​ឆ្នាំ​ ២០៤០ ដដែល​។​

​របាយការណ៍បាន​បន្ថែមថា ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នេះ នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ពិភពលោក​ទាំងមូល ពោលគឺ​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​នៅ​ចន្លោះ​ពី​ពេលនេះ​រហូតដល់​ឆ្នាំ​ ២០៤០​។ ម្យ៉ាងទៀត វា​ក៏បាន​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព​អា​កាស​ធាតុ និង​បរិស្ថាន​ទាំងមូល​ផងដែរ​។​

​បច្ចុប្បន្ននេះ​ប្លា​ស្ទិ​កបាន​បំពុល​ភពផែនដី​ទាំងមូល ពោលគឺ​ចាប់​តាំងពី​កំពូលភ្នំ​អេ​វើ​រ៉េ​ស (Everest)​ រហូត ដល់​បាត​មហាសមុទ្រ​ដ៏​សែន​ជ្រៅ​។ រីឯ​មនុស្ស​វិញ​បាន​ប្រើប្រាស់​សារជាតិ​មីក្រូ​ប្លា​ស្ទិ​ក​តាមរយៈ​អាហារ និង​ទឹក ក៏ដូចជា​ការដកដង្ហើម​ចូល ហើយ​សារជាតិ​ទាំងនោះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សម្ពាធ​ឈាម និង​ទឹកដោះ​របស់​មនុស្ស​យើង​ទៀតផង​។​

​បច្ចុប្បន្ននេះ​ពិភពលោក​ផលិត​ប្លា​ស្ទិ​ក​ចំនួន ៤៣០ ​លាន​តោន ​ក្នុង ​១ ​ឆ្នាំ ដែល ២​ ភាគ​ ៣ ​នៃ​ប្លា​ស្ទិ​ក​ទាំងនោះ​គឺជា​ផលិតផល​ដែលមាន​អាយុកាល​ខ្លី និង​ដែល​ឆាប់​ក្លាយជា​កាកសំណល់​ជាជាង​អាច​យកទៅ​ប្រើប្រាស់​ឡើងវិញ​បាន​។

​បើ​យោងតាម​និន្នាការ​ផលិតកម្ម​បច្ចុប្បន្ន វា​ត្រូវបាន​គេ​សន្និដ្ឋានថា ចំនួន​ផលិត​នឹង​កើនឡើង​រហូតដល់​ទៅ​ ៣​ ដង​នៅ​ឆ្នាំ​ ២០៦០​។​

​លោកស្រី​ អ៊ី​ង​ហ្គើ អាន់​ដឺ​សិន (Inger Andersen)​ នាយិកា​ប្រតិបត្តិ​របស់ UNEP​ បាន​មានប្រសាសន៍ថា «​វិធី​ដែល​យើង​ផលិត ប្រើប្រាស់ និង​បោះចោល​ប្លា​ស្ទិ​ក​រាល់ថ្ងៃ គឺជា​ការបំពុល​ប្រព័ន្ធ​អេកូឡូស៊ី បង្កើត​ហានិភ័យ​ដល់​សុខភាព​មនុស្ស និង​ធ្វើឱ្យមាន​អស្ថិរភាព​ដល់​អាកាស​​ធាតុ​»​។

លោកស្រី​បន្តថា​៖ «​របាយ​​ការណ៍​នេះ​បានដាក់​ចេញ​នូវ​វិធីសាស្ត្រ​កាត់បន្ថយ​ហានិភ័យ​ទាំង​នោះ​តាមរយៈ​ការអនុវត្ត​ឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក​ចេញពី​រង្វង់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ចេញពី​រាងកាយ​របស់​យើង និង​ចេញពី​ប្រព័ន្ធ​សេដ្ឋកិច្ច​ជារួម​»​។​

​របាយការណ៍​នេះ បាន​ប៉ាន់​ប្រមាណ​ថា ការកើនឡើង​ចំនួន​ប្រើប្រាស់​ឡើងវិញ​នៃ​ប្លា​ស្ទិ​ក​អាច​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិ​ក​ចំនួន ៣០% នៅ​ឆ្នាំ​ ២០៤០​។​បន្ថែម​លើ​នេះ ការកែច្នៃ​ឡើងវិញ​កាន់តែច្រើន​អាច​នឹង​ជួយ​កាត់​បន្ថយ​ការបំពុល​ដល់​ទៅ ២០%​ បន្ថែមទៀត​នៅត្រឹម​ឆ្នាំ​ ២០៤០ ដដែល​។

​ក្រៅពីនេះ​ការយកពន្ធ​លើ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការ​ពង្រឹង​គោលការណ៍​ណែនាំ​អំពី​ការ​វេច​ខ្ចប់​ដើម្បី​បង្កើន​ការកែច្នៃ​ផលិតផល​ឡើងវិញ​ក៏មាន​សារៈ​សំខាន់​ផងដែរ​។​

​ការជំនួស​ប្លា​ស្ទិ​កដោយ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ផ្សេង​ជំនួស​ក៏​អាច​កាត់បន្ថយ​ការបំពុល​បាន ១៧%​ ផងដែរ​។ ជាទូទៅ កាកសំណល់​ប្លា​ស្ទិ​ក​ពី​អាហារ​ដែល​យកទៅ​ប្រើប្រាស់ បានរួម​ចំណែក​ដល់​ការបំពុល​ទឹកសមុទ្រ​។ ដូច្នេះ ការផ្លាស់ប្តូរ​ទម្លាប់​ជា​វិជ្ជមាន នឹង​ជួយ​សន្សំ​ការចំណាយ និង​បង្កើត​ប្រាក់ចំណូល​ដល់​បណ្ដា​ប្រទេស​ទាំងឡាយ​។

ការអនុវត្ត​វិធានការ ឬ​គោលនយោបាយ​ប្លា​ស្ទិ​ក​ទាំងអស់នេះ គឺ​តម្រូវឱ្យមាន​ការចំណាយ​ថវិកា​ប្រមាណ ៦៥​ ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង ​១​ ឆ្នាំ ប៉ុន្តែ​ការកាត់បន្ថយ​ការ​​បំពុល​ប្លា​ស្ទិ​ក​ ៨០% ក្នុង​រយៈ​ពេល​ ២០​ ឆ្នាំ​ខាងមុខ គឺអាច​ការពារ​ការខូចខាត​រហូតដល់​ទៅ ៣​ ទ្រី​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា ការកាត់បន្ថយ​ការបំពុល​ប្លា​ស្ទិ​ក ៨០%​ អាច​ការពារ​ការ​​បំ​ភាយ​ឧស្ម័ន​កាបូ​និក​ចំនួន ៥០០ ​លាន​តោន​ក្នុង ​១ ​ឆ្នាំ ស្មើនឹង​ការ​បំ​ភាយ​ឧស្ម័ន​របស់​ប្រ​ទេស​កាណាដា​ទាំងមូល​។ លើសពីនេះ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន នេះ​ក៏​អាចបង្កើត​ការងារ​បន្ថែមចំនួន​ប្រហែលជា ៧​សែន​ការងារ​នៅត្រឹម​ឆ្នាំ​ ២០៤០ ដែល​ភាគ​ច្រើន វា​កើតមាន​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប​។​

​ជាថ្មី​ម្ដងទៀត នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​សុទិដ្ឋិនិយម​អំពី​ការ​ឈានដល់​កិច្ចព្រមព្រៀង​ជាស​កល​នៅ​ឆ្នាំ ​២០២៤ រវាង​ប្រទេស​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ​ទាំង ១៩៣ ​ប្រទេស​ដោយបាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​។

​ដោយសារតែ​យើង​នៅតែ​ត្រូវ​ការ​ប្លា​ស្ទិ​ក ដូច្នេះ​យើង​ចាំបាច់​ត្រូវ​គិតគូរ​ឡើងវិញ​អំពី​របៀប​ប្រើ​​ប្រាស់​វា​ឱ្យមាន​ប្រសិទ្ធភាព​ដោយ​ផ្តោតលើ​ការបង្កើន​ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​ឡើងវិញ ដើម្បី​អាច​កាត់បន្ថយ​ការប្រើប្រាស់​បានតែ ​១​ ដង​៕​