
(ពីឆ្វេង) លោកប្រធានាធិបតី អាមេរិក ចូ បៃដិន លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា និងលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយ៉ូល ស្វាគមន៍គ្នានៅមុនជំនួបត្រីភាគីអំឡុងកិច្ចប្រជុំ G7។ AFP
ប្រទេសចិន កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមមេដឹកនាំនៃប្រ ទេសអ្នកមានទាំង ៧ (G7) ដែលកំណត់គោលដៅលើទីក្រុងប៉េកាំងជុំវិញបញ្ហាផ្សេងៗ រាប់តាំងពីសមុទ្រចិនខាងត្បូង សិទ្ធិមនុស្ស និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលចិនរងការចោទប្រកាន់។
ក្រសួងការបរទេសចិនចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃសៅរ៍ ដោយលើកឡើងថា «វិធីសាស្ត្ររបស់ G7 គ្មានការគួរឱ្យទុកចិត្តពីអន្តរជាតិអ្វីឡើយ»។ អ្នកនាំពាក្យក្រសួងនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «G7 បានធ្វើកិច្ចការដដែលលើការបំភាន់បញ្ហាដែលទាក់ទងនឹងប្រទេសចិន លាបពណ៌ និងវាយប្រហារប្រទេសចិន»។
មិនត្រឹមប៉ុណ្ណោះ សេចក្ដីថ្លែងការណ៍របស់ក្រសួងបន្តថា៖ «ចិនសម្តែងការមិនពេញចិត្ត និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ហើយបានធ្វើការតវ៉ាជាផ្លូវការជាមួយជប៉ុន ដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត»។
សេចក្តីថ្លែងការណ៍របស់ G7 បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានឆ្លើយតបដោយការរិះគន់ប្លុកនេះ ចំពោះការមិនបង្ហាញពីជំហរប្រឆាំងច្បាស់លាស់លើឯករាជភាពរបស់តៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានលើកឡើងថា៖ «G7 ស្រែកថា ខ្លួនចង់ឆ្ពោះទៅរកពិភពលោកប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ ប៉ុន្តែតាមពិតទៅប្លុកកំពុងរារាំងសន្តិភាពពិភពលោក បំផ្លាញស្ថិរភាពក្នុងតំបន់ និងរារាំងការអភិវឌ្ឍរបស់ប្រទេសផ្សេងៗ»។
គួរគូសបញ្ជាក់ថា មេដឹកនាំ G7 រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ (១៩-២១ ឧសភា) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុន។ កាលពីថ្ងៃសៅរ៍ ប្លុកនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យប្រទេសចិន «កុំធ្វើសកម្មភាពជ្រៀតជ្រែកដែលមានគោលបំណងបំផ្លាញសន្តិសុខ និងសុវត្ថិភាពសហគមន៍ បូរណភាពនៃស្ថាប័នប្រជាធិបតេយ្យ និងវិបុលភាពសេដ្ឋកិច្ចរបស់យើង»។ ប្លុកក៏បានសម្តែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ជាពិសេសនៅតំបន់ ទីបេ និងស៊ីនជាំងផងដែរ។
លើសពីនេះថែមទៀត ក្រុមមេដឹកនាំបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ដដែលថា ប្លុកដែលរួមមានអាមេរិក កាណាដា អ៊ីតាលី អាល្លឺម៉ង់ បារាំង អង់គ្លេស និងជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង ដោយបានចោទប្រកាន់ក្រុងប៉េកាំងដោយប្រយោលពីបទធ្វើសកម្មភាពបង្ខិតបង្ខំ។
ក្រៅពីនេះ មេដឹកនាំ G7 បានជំរុញឱ្យចិនប្រើឥទ្ធិពល របស់ខ្លួន ដើម្បីដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់ការឈ្លានពានអ៊ុយក្រែន៕