​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Sun Weidong បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ប្រទេស​ចិន ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការចេញ​សេចក្ដី​ថ្លែងការណ៍​នឹង «​បំភាន់​ជុំវិញ​បញ្ហា​ទាក់ទង​នឹង​ចិន​» របស់​ក្រុម​មេដឹកនាំ​ប្រទេស​អ្នកមាន​ទាំង​​ ៧ (G7) ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ ដែល​ស្រង់សេចក្ដី​ប្រកាស​របស់​ក្រសួង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។​

​ការកោះហៅ​នេះ ធ្វើឡើង​ ១ ​ថ្ងៃ​ បន្ទាប់ពី​ចិនបាន​សម្ដែង​ការ​​មិន​ពេញចិត្ត​ជាខ្លាំង លើ​អ្វីដែល​ក្រុង​ប៉េកាំង​ចាត់ទុកថា ជាការ​ដាក់​គោលដៅ​លើ​ចិន​ពី​សំណាក់ ប្រទេស G7 ដែល​រួមមាន​ជប៉ុន អាមេរិក កាណាដា អ៊ីតា​លី អាល្លឺម៉ង់ បារាំង និង​អង់គ្លេស ជុំវិញ​បញ្ហា​ផ្សេងៗ រាប់​តាំងពី​សមុទ្រ​ចិន​ខាងត្បូង តៃវ៉ាន់ និង​សិទ្ធិមនុស្ស​នៅ​តំបន់​ទី​បេ និង​ស៊ីន​ជាំ​ង​ជាដើម​។

G7​ បានលើកឡើង​ពី​បញ្ហា​ទាំងអស់នេះ នៅក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​សៅរ៍​ខណៈពេល​ក្រុម​មេដឹកនាំ​របស់​ប្លុក ជួបប្រជុំគ្នា​នៅ​ប្រជុំ​កំពូល រយៈពេល ៣ ​ថ្ងៃ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​នៃ​ប្រទេស​ជប៉ុន និង​បញ្ចប់ទៅ​កាលពី​ថ្ងៃអាទិត្យ​។

​លោក Sun បាន​ថ្លែងថា ជប៉ុន បាន​សហការ​ជាមួយ​ប្រទេស​ផ្សេងទៀត​នៅក្នុង​កិច្ច​ប្រជុំ​កំពូល G7 ទាំង​ក្នុង​សកម្ម​ភាព និង​សេចក្តីថ្លែងការណ៍​រួម «​ដើម្បី​លាប​ពណ៌ និង​វាយ​ប្រហារ​ប្រទេស​ចិន ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​យ៉ាងធ្ងន់ធ្ងរ រំលោភ​លើ​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ និង​ស្មារតី​នៃ​ឯកសារ​នយោបាយ​ទាំង​ ៤​ រវាង​ចិន និង​ជប៉ុន (​សំដៅលើ​សេចក្តីថ្លែងការណ៍​រួម​ចិន​-​ជប៉ុន​ឆ្នាំ​ ១៩៧២)»​។​

​លោក Sun បាន​បន្តថា សកម្មភាព​របស់​ជប៉ុន​ធ្វើឱ្យ​ខូច​ដល់​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន ហើយ​ថា ប្រទេស​ចិន «​មិន​ពេញចិត្ត​ជាខ្លាំង និង​ប្រឆាំង​ដាច់ខាត​» ចំពោះ ការណ៍​នេះ​។ លោក Sun បន្ថែមទៀតថា​៖ «​ជប៉ុន​គួរតែ​កែតម្រូវ​ការយល់ដឹងរ​បស់​ខ្លួន​អំពី​ប្រទេស​ចិន ចាប់យក​ស្វ័យ​ភាពជា​យុទ្ធសាស្ត្រ ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃ​ឯក​សារ​នយោបាយ​ទាំង​៤​រវាង​ចិន និង​ជប៉ុន ហើយ​ពិតជា​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ស្ថិរ​ភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី ជាមួយនឹង​អាកប្បកិរិយា​ប្រកប​​ដោយ​ការស្ថាបនា​»​។​

​ប្រតិកម្ម​ទៅនឹង​ការលើក​ឡើង​របស់​ភាគី​ចិន ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ប្រទេស​ចិន លោក Hideo Tarumi បានលើកឡើង​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា វា​គឺជា​រឿង​ធម្មតា​សម្រាប់ សម្រាប់ G7 ចំពោះ​ការលើក​​ឡើង​ពី​កង្វល់​រួម ដូចដែល​ប្លុក​បានធ្វើ​នាពេល​កន្លងមក ហើយ នឹង​បន្តធ្វើ​ដូច្នេះ​នៅពេល​អ​នា​គ​ត ទាល់តែ​ចិន​ផ្លាស់ប្តូ​រអា​កប្ប​កិរិយា​របស់ខ្លួន​។

​លោក Tarumi បាន​ប្រាប់​ទៅ​លោក Sun ថា ប្រទេស​ចិន​គួរតែ​ចាត់វិធានការ​វិជ្ជមាន ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ក្តី​បារម្ភ​ទាំងនោះ ប្រសិនបើ​ចិន​ទាមទារ​មិនឱ្យ​ប្លុក G7 លើក​ឡើងមក​និយាយ​ទេ​។

​ចំណែកឯ​ប្រធាន​ខុ​ទ្ទ​កា​ល័យ​ជប៉ុន លោក​ HirokazuMatsuno បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ចន្ទ​ផងដែរ​ថា គោល​នយោបាយ​របស់​ជប៉ុន​ចំពោះ​ចិន នៅតែ​ដដែល ដោយ​វា​គ្មាន​ការប្រែប្រួល​លើ​បញ្ហា​ដែល​ត្រូវ​ការ​អាកប្បកិរិយា​ប្រកបដោយ​ការទទួលខុសត្រូវ​នោះទេ ខណៈ​វា​ក៏​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​កង្វល់ និង​កិច្ច​សហប្រតិបត្តិកា​រលើប​ញ្ហា​រួម​។​

​គួរ​បញ្ជាក់ថា ជុំវិញ​សេចក្ដីថ្លែងការណ៍​រួម​របស់ G7 ពី​ក្នុង​កិច្ចប្រជុំ​កំពូល​ ៣ ​ថ្ងៃ ​(១៩-២១ ឧសភា​)​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​នៃ​ប្រទេស​ជប៉ុន ស្ថានទូត​ចិន​ប្រចាំ​ចក្រ​ភព​អង់គ្លេស ឯណោះ​វិញ​ក៏បាន​ស្នើឱ្យ​ទីក្រុង​ឡុង​ដ៍ បញ្ឈប់ «​ការ​មួលបង្កាច់ និង​បង្ខូចកេរ្តិ៍​​ឈ្មោះ​» របស់​ចិន ដើម្បី​ចៀស​​វាង​ការខូចខាត​បន្ថែមទៀត​ដល់​ទំនាក់ទំនង​ចិន​-​អង់គ្លេស ផងដែរ​៕