​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ូដង់​ លោក​ Volker Perthes ​បាន​ប្រាប់​ក្រុម​ប្រឹ​ក្សា​​សន្តិសុខ​​ (UNSC)​ ​កាល​ពី​ថ្ងៃ​ចន្ទ​​ថា​ ការ​ប្រយុទ្ធ​គ្នា​នៅ​​ស៊ូដង់​ អាចវិវត្ត​​​ក្លាយ​ទៅ​ជា​ជម្លោះ​​​ជាតិ​សាសន៍​​​ ប្រ​សិន​បើ​ភាគី​ជម្លោះ​មិន​គោរព​​តាម​​បទ​ឈប់​បាញ់។

​លោក Perthes ​ថ្លែង​យ៉ាង​ដូច្នេះ​​​​​ថា​​៖ «​ការ​កើន​ឡើង​​នៃ​ការ​​​ជាប់​ពាក់​ព័ន្ធ​នឹង​​​ជាតិ​​សាសន៍នៅ​ក្នុង​ការ​ប្រយុ​ទ្ធ​​គ្នា​​នេះ​​ ​មាន​ហានិភ័យ​ក្នុង​ការ​ពង្រីក​ និង​អូស​បន្លាយ​ជម្លោះ​ ដែល​​នឹង​​​ប៉ះ​ពាល់​ដល់​​តំបន់​»​។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។

​ការ​ព្រមាន​របស់​លោក​ Perthes ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ មុន​ពេល​បទ​ឈប់​បាញ់​រយៈ​ពេល​១​​សប្ដា​ហ៍​ រវាង​​ភាគី​ជម្លោះ​ទាំង​​២​ ​​រួម​មានកង​ទ័ព​ស៊ូដង់​ និង​កង​កម្លាំង​​គាំទ្រ​រហ័ស​ (RSF) ​ចូល​ជា​ធរមាន​នៅ​យប់​ថ្ងៃ​ចន្ទ​។

លោក​បន្ត​ថា​ ​​មាន​សញ្ញា​រួច​ហើយ​កាល​ពី​ខែ​មុន​ ដែល​ការ​ប្រយុទ្ធ​កំពុង​គំរាម​កំហែង​បំបែក​ប្រទេស​​ទៅតាម​​​​ជាតិ​សាសន៍​​​​ និង​សហគមន៍​ ហើយ​បញ្ហា​នេះ​ កំពុង​កើន​ឡើង​ថ្មី​ៗ​នេះ​។

លោក Perthes ​​បាន​គូស​បញ្ជាក់​ថា​​​​៖​«​​នៅ​តំបន់​​​ខ្លះ​​នៃ​​ប្រទេស​ ការ​​ប្រយុទ្ធ​​គ្នា​​រវាង​​កង​ប្រដាប់​អាវុធ​ទាំង​២​ ​​បាន​​ឈាន​​ដល់​​ភាព​​តាន​តឹង​​សហគមន៍​ ឬ​​បង្ក​​ជម្លោះ​​រវាង​​សហគមន៍​ផ្សេងៗ​គ្នា​»។ លោក​បន្ត​ថា​៖ «​សញ្ញា​ព្រមានផ្សេង​ៗ​​នៃ​ការ​​ប្រមូល​កម្លាំង​តាម​​កុល​សម្ព័ន្ធ​ ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​នៅ​តំបន់​​ផ្សេង​​ៗ​នៃ​ប្រទេ​ស ​ជា​ពិសេស​នៅ​តំបន់​​South Kordofan»​។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​​ដដែល​​ បាន​ថ្លែង​ទៀត​ថា​ បទ​ឈប់​បាញ់​ គឺ​ជា​អទិភាព​កំពូលរប​ស់​​​អង្គការ​ ហើយ​ការ​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ជម្លោះ​ជាតិ​សាសន៍ ​គឺ​ជា​អាទិភាព​បន្ទាប់​។

លោក​ Perthes ​បាន​ហៅ​បទ​ឈប់​បាញ់​ ដែល​​ភាគី​​ជម្លោះ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ក្រោម​ការ​ស​ម្រប​សម្រួល​របស់​អារ៉ាប៊ីសាអ៊ូ​ឌីត​ និង​អាមេរិក​ ​​​ថា​​ជា​ការ​វិវឌ្ឍវិជ្ជមាន​​ ទោះ​បី​ជា​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​កើត​មាន​​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​ក៏​ដោយ​។

លោក​បាន​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​អស់​គោរព​បទ​ឈប់​បាញ់​ ដោយ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ ដើម្បី​​​បើក​ផ្លូវ​ឱ្យ​ប្រតិបត្តិការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​និង​ការពារ​បុគ្គលិក​ និងរបស់​របរ​​ជំនួយ​មនុស្ស​ធម៌​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា​ គិត​មក​ទល់​ពេល​នេះ​ ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់​ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​១​ខែ​មក​ហើយ​​។

​ជម្លោះ​នេះ ​បាន​ធ្វើ​ឱ្យ​មនុស្ស​ ១,១ លាន​នាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សំបែង​​ ដោយជាង​ ២,៥ សែន​នាក់​ ​​​​បាន​​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នៅ​ប្រទេស​ជិត​ខាង​ ដោយ​​បង្កើត​ឱ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​ ដែល​គំរាម​កំហែង​ដល់​អស្ថិរភាព​ក្នុង​តំបន់​៕