នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ នាយករដ្ឋមន្រ្តីក្រិក លោក គីរៀកូស មិតសូតាគីស (Kyriakos Mitsotakis) នឹងត្រូវទទួលភារៈរៀបចំបង្កើតរដ្ឋាភិបាលចម្រុះក្នុងអាណត្តិថ្មី ដោយហេតុថាក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ គណបក្សរបស់លោក បានបរាជ័យក្នុងការទទួលបានជ័យជម្នេះដោយសំឡេងភាគច្រើនដាច់ខាត។
គួរបញ្ជាក់ផងដែរថាគណបក្សប្រជាធិបតេយ្យថ្មី (New Democracy Party) របស់លោក មិតសូតាគីស ទទួលបានសំ ឡេងគាំទ្រចំនួន ៤០,៨ ភាគរយធៀបទៅនឹង ២០ ភាគរយសម្រាប់គណបក្សប្រឆាំងឆ្វេងនិយមឈ្មោះថាគណបក្សស៊ីរីហ្សា (Syriza)។
បើទោះបីមិនអាចបង្កើតរដ្ឋាភិបាលឯកបក្ស បានក៏ដោយ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតលើកនេះក៏អាចចាត់ទុកថាជាជោគជ័យមួយសម្រាប់ លោក មិតសូតាគីសព្រោះកន្លងមក រដ្ឋបាលរបស់លោកត្រូវបានវាយប្រហារពីមតិសា ធារណៈជុំវិញរឿងអាស្រូវជាច្រើនក៏ដូចជាការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ១៩ វិបត្តិតម្លៃទំនិញនៅទីផ្សារឡើងថ្លៃ និងព្រឹត្តិការណ៍រថភ្លើងធ្លាក់ផ្លូវដ៏គួរឱ្យរន្ធត់កាលពីខែកុម្ភៈកន្លងទៅ ដែលហេតុការណ៍នេះផងដែរ បានធ្វើឱ្យសាធា រណៈជន មានការខឹងសម្បាយ៉ាងខ្លាំង។
នៅក្រោមប្រព័ន្ធបោះឆ្នោតថ្មីរបស់ប្រទេសក្រិក លោក មិតសូតាគីស បានបរាជ័យក្នុងការយកឈ្នះទាំងស្រុងដោយលោកទទួលបានតែ ១៤៦អាសនៈនៅក្នុងសភាដែលមានសមាជិកសរុបចំនួន ៣០០ អាសនៈ ពោលគឺលោកត្រូវរកឱ្យបាន ១៥១ អាសនៈឡើងទៅ ទើបអាចគ្រប់គ្រងប្រទេសតាមរយៈការបង្កើតរដ្ឋាភិបាលដោយឯកបក្សបាន។
ប្រធានាធិបតីក្រិក លោកស្រីកាតេរីណា សាកេឡារ៉ូពូលូ (Katerina Sakellaropoulou) ដែលជាប្រមុខរដ្ឋត្រូវបានគេរំពឹងថានឹងអញ្ជើញលោក មិតសូតាគីសដើម្បីប្រជុំពិភាក្សា ហើយលោកស្រីនឹងទុករយៈពេល៣ថ្ងៃឱ្យលោកដើម្បីដឹកនាំការចរចាជាមួយគណបក្សផ្សេងទៀត ដើម្បីចងជាសម្ព័ន្ធភាព និងទទួលបានអាសនៈបន្ថែមឱ្យគ្រប់ចំនួននិងឈានទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយបាន។
ក្នុងករណីដែលការចរចារបស់គណបក្សប្រជាធិបតេយ្យថ្មី មិនទទួលបានជោគជ័យជាមួយគណបក្សទី២ ឬទី៣ នោះទេ នោះគណបក្សស៊ីរីហ្សា និងគណបក្សប៉ាសុក (PASOK) ដែលជាគណបក្សទទួលបានសំឡេងចំណាត់ថ្នាក់ទី២ និងទី៣ នោះ ក៏នឹងទទួលបានរយៈពេល ៣ ថ្ងៃដូចគ្នាក្នុងការចរចាជាមួយគណបក្សដទៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបាន។ប្រសិនបើគ្មានគណបក្សណាជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះបានទេនោះ លោកស្រី សាកេ ឡារ៉ូពូលូ នឹងតែងតាំងរដ្ឋាភិបាលចាំផ្ទះសិនហើយនឹងរៀបចំការបោះឆ្នោតសាជាថ្មីនៅរយៈពេល១ ខែក្រោយខាងមុខ។
គួររំឭកថា កាលពីថ្ងៃអាទិត្យ លោក មិតសូតាគីស បានលើកឡើងថា ប្រជាពលរដ្ឋបានផ្តល់សេចក្ដីទុកចិត្តដល់លោក ក្នុងការដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី។ លោកបានរំលេចថា លោកទំនងជាមិនចូលរួមសម្ព័ន្ធភាពជាមួយគណបក្សណាមួយឡើយ។
ការមើលឃើញរបស់លោក មិតសូតាគីស បានផ្ដោតទៅលើសន្លឹកឆ្នោតទី២ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធតំណាងពាក់កណ្តាលសមាមាត្រ ជាមួយនឹងឱកាសទទួលបានអាសនៈបន្ថែមទៀតដូច្នេះវាជាការជួយបង្កើនលទ្ធភាពឱ្យគណបក្សរបស់លោកនឹងទទួលបានជ័យជម្នេះដោយសំឡេងគាំទ្រភាគច្រើនដាច់ខាតបាន។
កាលពីថ្ងៃអាទិត្យដដែល លោក មិតសូតាគីស បានថ្លែងបន្ទាប់ពីដឹងលទ្ធផលថា លោកនឹងឈ្នះឆ្នោតថា «ដូចដែលយើងបានដឹងទាំងអស់គ្នាតាមរយៈលទ្ធផលបោះឆ្នោតហើយថា ប្រជាពលរដ្ឋ ចង់បានរដ្ឋាភិបាលដឹកនាំដ៏រឹងមាំមួយក្នុងអាណត្តិថ្មី រយៈពេល ៤ឆ្នាំទៅខាងមុខ ដើម្បីអនុវត្តកំណែទម្រង់ឱ្យកាន់តែប្រសើរឡើង»៕