បន្ទាប់ពីមានការគាបសង្កត់ពីសហគមន៍អន្តរជាតិ ភាគីជម្លោះនៅប្រទេសស៊ូដង់ បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ១ សប្ដាហ៍ កាលពីល្ងាចថ្ងៃចន្ទ ដើម្បីអនុញ្ញាតឱ្យភ្នាក់ងារដឹកជញ្ជូនជំនួយមនុស្សធម៌ អាចដឹកចូលក្នុងប្រទេស បាន និងចែកចាយជូនដល់តំបន់ដែលទទួលរងគ្រោះធ្ងន់ធ្ងរ។
គួរបញ្ជាក់ដែរថា ការប្រយុទ្ធគ្នាបានកើតឡើងរវាងកងទ័ពស៊ូដង់ដែលដឹកនាំដោយ ឧត្តមសេនីយ៍អាប់ដេល ហ្វាតា អាល់បឺហាន (Abdel Fattah alBurhan) ប្រឆាំងនឹងក្រុមទាហានជំនួយរហ័ស ឬហៅកាត់ថា RSF ដែលដឹកនាំដោយអតីតអនុប្រធានរបស់លោក បឺហាន គឺលោក ម៉ូហាមេដ ហាមដាន ដាហ្កាឡូ (Mohamed Hamdan Dagalo)។ ជាលទ្ធផលបណ្ដោះអាសន្ន មនុស្សជាង ១ លាននាក់ត្រូវបានជម្លៀសចេញពីប្រទេស ហើយរាប់លាននាក់ទៀតបានបាត់បង់លទ្ធភាពទទួលបានការប្រើប្រាស់ទឹក អគ្គិសនី និងសេវាសុខាភិបាល។
យ៉ាងណាក៏ដោយ ភ្នាក់ងារផ្តល់ជំនួយបានខិតខំប្រឹងប្រែងតស៊ូចេញធ្វើប្រតិបត្តិការយ៉ាងសកម្ម ចំពេលដែលការប្រយុទ្ធគ្នាកំពុងប្រព្រឹត្តទៅ ដោយពេលខ្លះពួកគេក៏ត្រូវបានវាយប្រហារពីសំណាក់ភាគីជម្លោះផងដែរ។
កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមអ្នកកាសែតស៊ូដង់បានចោទប្រកាន់ក្រុមទាហានជំនួយរហ័សពីបទប្លន់ និងវាយប្រហារអ្នកកាសែតកាលពីសប្តាហ៍មុន។
ក្រុមអ្នកកាសែតនេះ បានលើកឡើងថា៖ «លោក អាម៉េដ ហ្វាដូល (Ahmed Fadol) អ្នកយកព័ត៌មាន និងលោក រ៉ាស៊ីដ ជីព្រីល (Rashid Jibril) អ្នកថតវីដេអូឯករាជ្យនៅស្ថាប័នសារព័ត៌មាន AlJazeera និងសាច់ញាតិរបស់ពួកគេ ត្រូវបានវាយធ្វើបាប ដោយពួកក្រុមទាហានជំនួយរហ័ស ខណៈដែលពួកគេកំពុងស្ថិតនៅក្នុងផ្ទះល្វែងមួយកាលពីសប្តាហ៍មុន»។
ក្រុមអ្នកកាសែតខាងលើដដែលបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងសូមបដិសេធទាំងស្រុង នូវរាល់ការកំណត់គោលដៅវាយប្រហារ និងការបង្កការភ័យខ្លាចដល់អ្នកកាសែតគ្រប់ទម្រង់រូបភាព ហើយភាគីប្រដាប់អាវុធទាំងអស់ត្រូវមានតួនាទីទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ពួកគេ ជាពិសេស គឺពេលដែលពួកគេកំពុងធ្វើការក្នុងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំង»។
សូមជម្រាបថា ពលរដ្ឋជាច្រើនដែលកំពុងរស់នៅភាគខាងជើងក្នុងទីក្រុង បារី ខាទួម (Bahri Khartoum) និងតំបន់ផ្សេងៗដែលស្ថិតនៅជុំវិញទីក្រុងនេះ បាននិងកំពុងជួបប្រទះការដាច់ចរន្តអគ្គិសនី និងដាច់ទឹកប្រើប្រាស់យ៉ាង ធ្ងន់ធ្ងរ។
ដោយឡែក កាលពីសប្តាហ៍ មុន នៅរដ្ឋដាហ្វើរ ខាងលិច (West Darfur) អ្នកកាសែតម្នាក់ឈ្មោះថា អ៊ីណាម អេលណួ (InaamElnour) បានរងរបួសជាទម្ងន់ ហើយបងប្អូនប្រុសរបស់នាង ៣ នាក់ទៀត ត្រូវបានសម្លាប់ដោយសារតែគ្រាប់ផ្លោង ១ គ្រាប់បានធ្លាក់ចំផ្ទះរបស់នាងក្នុងទីក្រុងអេលហ្គ៊ីណាណា (elGeinana)។
រីឯនៅទីក្រុងណេយ៉ាឡា (Neyala) វិញអ្នកកាសែត ២ នាក់ ត្រូវបានរំលោភបំពាន ដោយម្នាក់ឈ្មោះថា ខាលីហ្វ ហ្សារ៉ាហ្វ (Khalid Sharaf) បានរងរបួសនៅលើដៃ និងជើង ដោយសារតែបំណែកនៃការផ្ទុះគ្រាប់មីស៊ីលកាលពីថ្ងៃអាទិត្យ ហើយម្នាក់ទៀតឈ្មោះថា អេសា ដាហ្វាឡាស (Eissa Dafaallah) ត្រូវបានចាប់ខ្លួន និងវាយដំច្រំធាក់ដោយក្រុមទាហានជំនួយរហ័ស នៅខណៈពេលដែលលោកកំពុងចូលទៅយកព័ត៌មានអំពីការលួចទ្រព្យសម្បត្តិ និងការដុតផ្សារ ១ កន្លែង។ ក្រោយមក ដាហ្វាឡាស ត្រូវបានដោះលែងវិញបន្ទាប់ពីត្រូវបានគេចោទប្រកាន់ថា លោកបានធ្វើការបម្រើឱ្យអង្គភាពស៊ើបការណ៍របស់កងទ័ពសត្រូវ។
អ្នកកាសែតក្នុងស្រុកមួយចំនួនទៀត ដែលខ្លះធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានត្អូញត្អែរថា ឈ្មោះរបស់ពួកគេត្រូវបានដាក់ក្នុងបញ្ជីជនក្បត់ ដោយចោទប្រកាន់ពួកគេថា បានគាំទ្រក្រុមទាហានជំនួយរហ័ស។ គិតចាប់ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ មានមនុស្សចំនួន ២ ០០០ នាក់ ហើយដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាងភាគីកងកម្លាំងប្រដាប់អាវុធទាំង ២៕