មន្ត្រី​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បានឱ្យដឹងថា មនុស្ស​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​តំបន់​កា​ស្មៀ​រ​គ្រប់​​គ្រង​ដោយ​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ឥណ្ឌា ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​ទេសចរណ៍​នៃ​ក្រុម​ប្រទេស​ទាំង​​ ២០ (G20) ក្នុង​តំបន់​ជម្លោះ​មួយ​នេះ​។ នេះ​បើតាម​ការ​រាយ​ការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​​រ៉​យ​ទ័​រ​។

​បាតុករ​ជាច្រើន​នាក់ បានធ្វើ​បា​តុ​កម្ម​នៅ​ទីក្រុង Muzaffarabad រដ្ឋ​​ធានី​នៃ​តំបន់​កា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន និង​ទីក្រុង​ផ្សេងៗ​ទៀត ទាំង​ស្រែកថា «​ចេញទៅ​ឥណ្ឌា​! ត្រឡប់​ទៅវិញ ហើយ​ធ្វើពហិការ​ទៅ​! ធ្វើពហិការ G20 ទៅ​!»​។

​គួរ​គូសបញ្ជាក់ថា ក្រុង​ញូវដែលី កំពុង​រៀបចំ​កិច្ចប្រជុំ​ទេសចរណ៍ G20 នៅ​ទីក្រុង Srinagar ក្នុង​តំបន់​កា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ឥណ្ឌា ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ ដែល​រង​នូវ​ការ​​ប្រឆាំង​ទាំងពី​ប៉ា​គី​ស្ថាន និង​ចិន ដែលជា​សមាជិក​មួយរ​បស់ ​G20​។

​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន លោក​ Bilawal Bhutto Zardari បាន​ចុះទៅ​តំបន់​កា​ស្មៀ​រ ហើយ​បាន​ថ្លែង​ទៅកាន់​សភា​នីតិបញ្ញត្តិ​របស់​កា​ស្មៀ​រ​កាលពី​ថ្ងៃ​ចន្ទ​។ ជាថ្មី​ម្ដងទៀត លោក​បានចាត់ទុក​ការរៀបចំ​កិច្ចប្រជុំ ​G20 ​របស់​ឥណ្ឌា​ថា ខុសច្បាប់ ហើយ​ជាការ​ប៉ុនប៉ង​របស់​ឥណ្ឌា ដើម្បី​ស្វែង​​រក​ភាពស្របច្បាប់​លើ​ការគ្រប់គ្រង​របស់ខ្លួន​នៅក្នុង​តំបន់​ជម្លោះ​។​

​លោក Bhutto Zardari បាន​និយាយថា ឥណ្ឌា​កំពុង​ប្រើប្រាស់​តួនាទី​ក្នុងឋានៈ​ជា​ប្រធាន​ G20 ដើម្បី​សម្រេច​កិច្ចការ​របស់ខ្លួន ហើយ​លោក​ជំ​រុញឱ្យ​ពិភពលោក​យកចិត្តទុកដាក់​ពី​ការរំលោភ​សិទ្ធិមនុស្សរ​បស់​ទីក្រុង​​ញូវដែលី​រាប់​ចាប់តាំងពី​ឥណ្ឌា​លុប​ចោល​ងារ​ពិសេស​របស់​កា​ស្មៀ​រ ហើយ​រាប់​តំបន់​នេះ​ថា ជា​ទឹកដី​សហព័ន្ធ​ឥណ្ឌា​ក្នុង​ឆ្នាំ​ ២០១៩​។

​កិច្ចប្រជុំ​ទេសចរណ៍ G20 នាពេលនេះ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​លើកដំបូង រាប់​តាំងពី​ជំហាន​ឆ្នាំ​ ២០១៩ របស់​រដ្ឋាភិបាល​ឥណ្ឌា​។ ជុំវិញ​ការ​វិ​វ​ឌ្ឍ​ចុងក្រោយ​នេះ ឥណ្ឌា​មិនបាន​ចេញ​ប្រតិកម្ម​យ៉ាងណា​នោះទេ ប៉ុន្តែ​កន្លងមក​បាន​ច្រាន​ច្រោ​ល​ការប្រឆាំង​របស់​ប៉ា​គី​ស្ថាន និង​ចិន ហើយ​សង្ឃឹមថា កិច្ចប្រជុំ​នឹង​ជួយ​ធ្វើឱ្យ​ទេសចរណ៍​អន្តរជាតិ​ក្នុង​តំបន់​ងើបឡើង​វិញ​។

​គួររំឭកថា ប៉ា​គី​ស្ថាន និង​ឥណ្ឌា ដែលជា​ប្រទេស​ប្រដាប់​ដោយ​នុយ​ក្លេ​អ៊ែរ​ដូចគ្នា មានទំនាស់​លើ​តំបន់​កា​ស្មៀ​រ ដោយ​ទាមទារ​ដែនដី​នេះ​ទាំង​មូល​រៀងៗ​ខ្លួន​។ ប្រទេស​ទាំង​ ២ ដែល​បែង​ចែកគ្នា​គ្រប់គ្រង​តំបន់​កា​ស្មៀ​រ​មួយផ្នែក​ម្នាក់ បានធ្វើ​សង្គ្រាម​ជាមួយគ្នា​៣​ដង​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ ​១៩៤៧ ដោយ​ការប្រយុទ្ធ​ចំនួន ​២ ​ក្នុងចំណោម​នោះ ស្ថិតនៅលើ​តំបន់​កា​ស្មៀ​រ​៕