ក្រុមហ៊ុន Adobe កាលពីថ្ងៃអង្គារ ទី ២៣ ខែឧសភា ឆ្នាំ ២០២៣ បានប្រកាសច្របាច់បញ្ចូលមុខងារ AI ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបំប្លែងរូបភាពដោយគ្រាន់តែវាយបញ្ចូលអក្សរ ឬសារមួយចូលទៅក្នុងកម្មវិធី Photoshop ប៉ុណ្ណោះ។ ការណ៍នេះធ្វើឱ្យ Adobe ក្លាយជាក្រុមហ៊ុនផលិតកម្មវិធីចុងក្រោយបង្អស់ទទួលយកនិងពឹងផ្អែកលើបញ្ញាសិប្បនិម្មិត។
មុខងារបញ្ចូលថ្មីនេះមានឈ្មោះថា Firefly ហើយក្រៅតែពីបំប្លែងអក្សរទៅជារូបភាពមុខងារថ្មីនេះក៏អាចលុបផ្នែកណាមួយចេញពីរូបភាពនិងមានសមត្ថភាពផ្គូរផ្គងពន្លឺជាមួយនឹងរចនាប័ទ្ម របស់រូបភាពដែលមានស្រាប់ដោយស្វ័យប្រវត្តិ។ នេះបើតាមអ្វីដែលក្រុមហ៊ុន Adobe បានបញ្ជាក់។
បច្ចុប្បន្នមុខងារនេះស្ថិតនៅក្នុងដំណាក់កាលដាក់ឱ្យប្រើប្រាស់សាកល្បងឬបេតារបស់ Photoshop។ ក្នុងដំណាក់កាលដាក់សាកល្បងឧបករណ៍ថ្មីនេះមានការរឹតត្បិតមួយចំនួនដូចជាការប្រើប្រាស់សម្រាប់អាជីវកម្មមនុស្សក្រោមអាយុ ១៨ឆ្នាំ និងនៅក្នុងប្រទេសចិនហើយវាអាចប្រើប្រាស់បានតែក្នុងភាសាអង់គ្លេសតែ១ គត់។
គួរជម្រាបថា Adobe មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងដែលបញ្ចូលឧបករណ៍ AI ចូលទៅក្នុងកម្មវិធីរបស់ខ្លួននោះទេពោលគឺជាការដើរតាមគន្លងរបស់ក្រុមហ៊ុនយក្សGoogle និង Microsoft ដែលក្រុមហ៊ុនទាំង ២នេះ បានបញ្ចូលមុខងារ AI ថ្មីៗទៅក្នុងកម្មវិធីស្វែងរកក៏ដូចជាមុខងារ AI ផ្តល់សេវាកម្មសារឆ្លងឆ្លើយជាមួយអ្នកប្រើប្រាស់។
Adobe បានចាប់ផ្តើមសាកល្បង Firefly នៅក្នុងខែមីនាប៉ុន្តែក្រុមហ៊ុនមួយនេះបាននិយាយថាខ្លួនបានពិសោធន៍ មុខងារកែសម្រួលដែលដំណើរការដោយ AI នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ថាការរីកចម្រើនដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិតគឺជាក្តីកង្វល់ធំមួយក្នុងនោះអ្នកជំនាញជាច្រើនក៏បានគំរាមអំពីសមត្ថភាពរបស់វាក្នុងការជំនួសកម្លាំងពលកម្មរបស់មនុស្ស។ តាមរបាយការណ៍ថ្មីមួយបានបង្ហាញថាបញ្ញាសិប្បនិម្មិតនឹងប៉ះពាល់ដល់ការងារនៅសហរដ្ឋអាមេរិករហូតដល់ ៨០ភាគរយ។
ជាឧទាហរណ៍ កាលពីដើមឆ្នាំនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក IBM បានប្រកាសថា ខ្លួននឹងជ្រើសរើសតែបុគ្គលិកសម្រាប់តួនាទីផ្តល់សេវាកម្មដល់អតិថិជនប៉ុណ្ណោះ ហើយ AI នឹងជំនួសការងារក្នុងក្រុមហ៊ុននេះប្រមាណ ៧៨០០ កន្លែង៕