​ទីភ្នាក់ងារ​ចារកម្ម​លោក​ខាង​លិច​ និងក្រុម​ហ៊ុន​សាជីវកម្ម​បច្ចេកវិទ្យា​មីក្រូសូប (Microsoft)​​​ បាន​អះ​អាង​កាល​ពី​ថ្ងៃ​ពុធ ​ទី​ ២៤ ឧសភាថា​ ​ក្រុម​ហែកឃឺរ ​​(Hacker) ឧបត្ថម្ភ​ដោយ​រដ្ឋ​ចិន​មួយ​ក្រុម​ បាន​​និង​​កំពុង​ធ្វើ​ចារកម្មឬ​ស៊ើបការណ៍​​​​លើ​​ប្រព័ន្ធ​ស្ថាប័ន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​​របស់​​​អាមេរិក ចាប់​តាំង​ពីវិស័យ​​ទូរគម​នាគមន៍​ រហូត​ដល់​វិស័យ​​ដឹក​​ជញ្ជូន​​។​ នេះ​បើតាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

​ក្រុមហ៊ុន​មីក្រូសូប​​បាន​អះ​អាង​​ក្នុង​របាយការណ៍​​មួយ​នៅ​លើ​ប្លុគ​របស់​​ខ្លួន​​​​ថា​ ចារកម្មរបស់​ក្រុម​ហែកឃើរ​ ​​ចិន ដែល​មាន​ឈ្មោះ​​ Volt Typhoon​ ​​ក៏​បាន​កំណត់​គោលដៅ​លើ​ទឹក​ដី​កោះ ​ហ្គាំម (Guam) របស់​សហរដ្ឋ​អាមេរិក​ ដែល​​​មាន​មូលដ្ឋាន​ទ័ព​ដ៏​សំខាន់​ជា​យុទ្ធសាស្ត្រ​​ផង​ដែរ​។

​​​ក្រុមហ៊ុន​​មីក្រូសូប​ បាន​គូស​បញ្ជាក់​អំពី​តួនាទី​សំខាន់​ដែល​ប្រតិបត្តិការ​តាម​អ៊ីនធឺណិត​អាច​ដើរ​តួ​ក្នុង​ការ​ប្រកួត​ប្រជែង​អំណាច​ ​​និង​ជម្លោះ​ដែនដី​នៅ​ប៉ាស៊ីហ្វិក​ រវាង​​អាមេរិក​ និង​ចិន​​នា​ពេល​អនាគត​ ខណៈ​​​​​ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ចិន​​បាន​​​​បង្កើន​អំណាច​របស់​ខ្លួន​នៅ​តំបន់​ប៉ាស៊ីហ្វិកតាម​រយៈ​សកម្មភាព​ផ្សេង​ៗ​​ ​ដែល​មន្ត្រី​អាមេរិក​ចាត់​ទុក​ថា​ជាការ​ពង្រីក​ខ្លួន​ដ៏​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ពី​ទីក្រុង​ប៉េកាំង​។​

អ្នក​វិភាគ​របស់​​ក្រុម​ហ៊ុន​​មីក្រូសូប​​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្រុម​ Volt Typhoon ​កំពុង​អភិវឌ្ឍ​សមត្ថភាព​ដែល​អាច​រំខាន​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទំនាក់​ទំនង​សំខាន់​ៗ​រវាង​សហរដ្ឋ​អាមេរិក​ និង​តំបន់​អាស៊ី​ ក្នុង​អំឡុង​ពេល​វិបត្តិ​នា​ពេល​អនាគត។ អ្នក​វិភាគ​លើក​ឡើង​ថា​ ​​ក្នុង​សេណារីយោ​ ដែល​ចិន​ចូល​ឈ្លាន​ពាន​តៃវ៉ាន់​ ក្រុម​ហែកឃើរ​​របស់​ខ្លួន​ អាច​ធ្វើ​ការ​វាយ​ប្រហារ​លើ​បណ្ដាញទំនាក់​ទំនង​​យោធា​របស់​អាមេរិក​ ដែល​​ជា​សម្ព័ន្ធមិត្ត​​របស់​តៃវ៉ាន់​។

គេ​មិន​ច្បាស់​ថា មក​ទល់​ពេល​នេះ​ ​មាន​ប្រព័ន្ធ​ស្ថាប័ន​ហេដ្ឋរចនា​សម្ព័ន្ធ​សំខាន់​ៗ​ប៉ុន្មាន​ទេ​ដែល​​រង​ផល​ប៉ះ​ពាល់​​ពី​ចារកម្ម​របស់​ក្រុម​ចារកម្ម​ចិន​ ប៉ុន្តែ​​ក្រុមហ៊ុន​មីក្រូសូប​​បាន​អះ​អាង​បន្ថែម​ថា ​Volt Typhoon ​បាន​ធ្វើ​សកម្មភាព​តាំង​ពី​ឆ្នាំ​ ២០២១​ ​ហើយ​កំណត់​គោលដៅ​លើ​វិស័យ​សំខាន់​ៗ​​រួម​មានវិស័យ​​ទំនាក់​ទំនង​​​​ផលិត​​ដំណឹក​​ជញ្ជូន​​​រដ្ឋាភិបាល​​​បច្ចេកវិទ្យា​ព័ត៌មាន​ និង​​អប់រំ​​ជា​ដើម​។​

គួរ​គូស​បញ្ជាក់​ថា​ ខណៈ​​ចិន ​និង​សហរដ្ឋ​អាមេរិក​តែ​ង​តែ​ធ្វើ​ចារកម្ម​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ អ្នក​វិភាគ​និយាយ​ថា​​ការ​កំណត់​គោលដៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​របស់​អាមេរិក​​ ​​​​គឺ​ជា​យុទ្ធនាការ​ចារកម្ម​តាម​អ៊ីនធឺណិត​ដ៏​ធំ​បំផុត​មួយ​របស់​ចិន​។

​យ៉ាង​ណា​មិញ​ ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​ក្រុម​ហ៊ុន​មីក្រូសូប​​ ​អ្នក​​​នាំពាក្យ​​ស្ថាន​ទូត​​ចិន​​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ លោក​ Liu Pengyu​ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ BBC ថា​​ ការ​​ចោទ​ប្រកាន់​​របស់​​ភាគី​​អាមេរិក​​ដែល​​ថា​​រដ្ឋាភិបាល​​ចិន​​​គាំទ្រ​​ការ​ហែក​​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន​ ​​​​​គឺ​ជា​ការ​​បំភ្លៃ​​ការ​ពិត​​ទាំង​ស្រុង​​។​​

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ ​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក​ (NSA) វិញ​​បាន​ឱ្យ​ដឹងដាច់​ដោយ​ឡែក​នៅ​ថ្ងៃ​ពុធ​​ថា​ ​​ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​រួម​មាន​កាណាដា ​នូវែលសេឡង់​ អូស្ត្រាលី ​និង​ចក្រភព​អង់គ្លេស​ ព្រម​ទាំង​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​អាមេរិក​ ដើម្បី​កំណត់​​​​​វិធី​សាស្រ្ត​ ឬ​សកម្ម​ភាព​របស់​ក្រុម​ហែកឃើ​រ​​​​។

​​កាណាដា ​ចក្រភព​អង់គ្លេស ​អូស្ត្រាលី ​និង​នូវែលសេឡង់​ ក៏​បាន​ព្រមាន​ថា​ ពួក​គេ​អាច​រង​ការ​​វាយ​ប្រហារ​​ពី​​ពួក​ហែកឃឺរ​ផង​ដែរ​​ ហើយ​ប្ដេជ្ញា​ធ្វើ​ការ​រួម​គ្នា​ ដោយ​លើក​ហេតុ​ផល​ «​លោក​ខាង​លិច​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​​យ៉ាង​ស៊ីជម្រៅ​»​។

ក្រុម​ទីភ្នាក់ងារ​ចារកម្ម​លោក​ខាង​លិចដដែល​​ បាន​និយាយ​ថា​ ក្រុម​ហេកឃឺរ​ចិន​ អាច​ប្រើ​យុទ្ធ​សាស្រ្ត​ដូច​គ្នា​ដែល​ខ្លួន​ប្រើ​ចំពោះ​អាមេរិក​ ដើម្បី​ធ្វើ​ចារកម្ម​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់​ៗ​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ជំរុញ​ឱ្យ​​ក្រុមហ៊ុន​ប្រតិបត្តិការ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​​កំណត់​អត្តសញ្ញាណ​សកម្មភាព​របស់​ក្រុម​ហែកឃឺរ​ ​ដោយ​ប្រើ​សេចក្ដី​ណែនាំ​បច្ចេកទេស​ដែល​ខ្លួន​បាន​ប្រកាស​​នា​​ពេល​កន្លង​មក​។

​នាយក​ផ្នែក​សន្តិសុខ​តាម​អ៊ីនធឺណិត​របស់​NSA ​លោក ​Rob Joyce ​បាន​និយាយ​ថា​ក្នុង​យុទ្ធ​នាការ​របស់​ខ្លួន​ ក្រុម​ហែកឃើរ​ ​ចិន​បាន​​ប្រើ​​ប្រាស់​វិធី​សាស្រ្ត​​ហែក​ ដោយ​ប្រើ​ «​ឧបករណ៍​ភ្ជាប់​បណ្ដាញ​» ផ្សេងៗ​​ ​​​ដើម្បី​គេច​ចេញ​ពី​​​ប្រព័ន្ធ​ការ​ការពារ​​ ដែលការណ៍​នេះ​ ​ធ្វើ​ឱ្យ​គេ​​ពិបាក​នឹង​ចាប់​បាន​។

​ផ្ទុយ​ទៅ​នឹង​ការ​ប្រើ​ប្រាស់​បច្ចេកទេស​​ហែក​​បែប​ចាស់​កំរិល​ ​ដែល​ជា​រឿយ​ៗ​ពាក់​ព័ន្ធ​នឹង​ការ​បញ្ឆោត​ជន​រង​គ្រោះ​ឱ្យ​ដោនឡូត​ឯក​សារ​មាន​ផ្ទុក​មេរោគ​ ក្រុម​ហ៊ុន​​មីក្រូសូប បាន​លើក​ឡើង​ថា​ ក្រុម​ហែកឃឺរ​​បាន​ហែក​ចូល​​ប្រព័ន្ធ​​​ផ្សេង​ៗ​ដែល​មាន​ស្រាប់​របស់​ជន​រងគ្រោះ​ ដើម្បី​ស្វែង​រក​ព័ត៌មាន​ និង​ទាញ​យក​ទិន្ន

ន័យ​៕