កាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ ខែឧសភាព ឆ្នាំ ២០២៣ Neuralink ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាសរសៃប្រសាទ ដែលសហការបង្កើតដោយមហាសេដ្ឋី Elon Musk បានប្រកាសថា ខ្លួនទទួលបានការអនុញ្ញាតពីរដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ធ្វើការសិក្សាស្រាវជ្រាវលើមនុស្សជាលើកដំបូង។
Neuralink បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា៖ «វាជាជំហានដំបូងដ៏សំខាន់មួយដែលនឹងអនុញ្ញាតឱ្យបច្ចេកវិទ្យារបស់យើងជួយមនុស្សជាច្រើន»។ សេចក្តីប្រកាសបន្តថា ការអនុម័តនេះ គឺជាលទ្ធផលដ៏អស្ចារ្យរបស់ក្រុមការងារ Neuralink ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ FDA។
ទោះយ៉ាងណាមកទល់ពេលនេះ ក្រុមហ៊ុនខាងលើនេះនៅមិនទាន់បានបញ្ជាក់លម្អិតអំពីគោលបំណងនៃការសិក្សា ឬពេលវេលាដែលការសាកល្បងនឹងចាប់ផ្តើមនោះទេ ពោលគឺគ្រាន់តែបានសន្យាថានឹងផ្តល់ព័ត៌មានបន្ថែមឆាប់ៗ ពីគម្រោង សម្រាប់អ្នកដែលមានបំណងចុះឈ្មោះចូលរួមសាកល្បង។
គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Neuralink បានសន្យាថា៖ «សុវត្ថិភាព ភាពងាយស្រួល និងភាពជឿជាក់ គឺជាអាទិភាពសំខាន់បំផុតក្នុងអំឡុងពេលដំណើរការវិស្វកម្ម ឬដំណើរការសាកល្បង»។
គួរជ្រាបដែរថា Neuralink សង្ឃឹមប្រើប្រាស់បន្ទះមីក្រូឈីបរបស់ខ្លួនដើម្បីព្យាបាលស្ថានភាពជំងឺមួយចំនួនដូចជា ខ្វិន ពិការភ្នែក និងស្ថានភាពពិការផ្សេងទៀត ដោយការប្រើកុំព្យូទ័រ និងបច្ចេកវិទ្យាចល័ត។
បន្ទះមីក្រូឈីប របស់ក្រុមហ៊ុន ១ នេះ ត្រូវបានសាកល្បងទៅលើសត្វស្វា ទទួលបានជោគជ័យរួចមកហើយ ដោយ បន្ទះឈីបនេះត្រូវបានរចនាឡើងដែលអាចបកស្រាយសញ្ញាដែលផលិតនៅក្នុងខួរក្បាល ហើយបញ្ជូនព័ត៌មានទៅកាន់ឧបករណ៍តាមរយៈប្ល៊ូធូស។
ជុំវិញការផលិតបន្ទះឈីប នេះ មានអ្នកជំនាញជាច្រើនបានដាស់តឿនថា ការផ្សាំខួរក្បាលរបស់ Neuralink ត្រូវតែមានការធ្វើតេស្តយ៉ាងច្រើនជាមុនសិន ដើម្បីយកឈ្នះលើបញ្ហាប្រឈមផ្នែកបច្ចេកទេស និងបញ្ហាផ្នែកក្រមសីលធម៌ ប្រសិនបើពួកគេចង់ឱ្យផលិតផលនេះ ប្រើប្រាស់យ៉ាងទូលំទូលាយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលសហការបង្កើតដោយលោក Elon Musk ក្នុងឆ្នាំ ២០១៦ នេះបានដំណើរការយឺតជាងផែនការដែលខ្លួនបានគ្រោង ទុក។ គោលបំណងដំបូងរបស់ Neuralink គឺចាប់ផ្តើមដាំបន្ទះឈីបនៅក្នុងខួរក្បាលមនុស្ស នៅឆ្នាំ ២០២០ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះ ប្តេជ្ញាថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២២ វិញ។
ក៏ប៉ុន្តែការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការដាំបន្ទះឈីបនៅ ក្នុងខួរក្បាលមនុស្សនៅឆ្នាំ ២០២២ មិនអាចធ្វើទៅបានឡើយដោយសារគម្រោងនេះស្ថិតក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ពីការរំលោភសុខុមាលភាពសត្វ ឬសម្លាប់សត្វហួសប្រមាណក្នុងការងាររបស់ខ្លួន។
ចំណែកសេចក្តីប្រកាសស្តីពីការយល់ព្រមពី FDA សម្រាប់ ការធ្វើតេស្តមនុស្សនេះថ្មីៗនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីព័ត៌មាន របកគំហើញស្រដៀងគ្នានេះ ពាក់ព័ន្ធនឹងការបំពាក់បន្ទះឈីបក្នុងខួរក្បាលដោយអ្នកស្រាវជ្រាវជនជាតិស្វ៊ីសលើបុរសពិការជនជាតិហូឡង់ម្នាក់ទទួលបានជោគជ័យ៕