ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ទី ២៧ ខែឧសភាថា ចិនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
តាមធម្មតា ចិនតែងតែបញ្ជូននាវាចម្បាំងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងខានមានតាំងពីខែមីនា ឆ្នាំមុនមកម្ល៉េះ។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា កងនាវាចរណ៍ដែលមាននាវាចំនួន ៣ គ្រឿងរបស់កងទ័ពជើងទឹករំដោះប្រជាជនចិន ដែលនាំមុខដោយនាវាផ្ទុកយន្តហោះចម្បាំង Shangdong បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃត្រង់នាថ្ងៃសៅរ៍។
ក្រសួងបន្តថា កងនាវាចរណ៍ បានធ្វើដំណើរខាងលិចនៃខ្សែបន្ទាត់កណ្ដាល នៃច្រកសមុទ្រ ហើយឆ្ពោះទៅភាគខាងជើង។
ការបង្ហាញកម្លាំងយោធាចុងក្រោយបំផុតកាលពីថ្ងៃសៅរ៍នេះ ធ្វើឡើង ១ ខែបន្ទាប់ពីចិនធ្វើសមយុទ្ធដែនអាកាស និងកងទ័ពជើងទឹកនៅជុំវិញកោះនេះ ដើម្បីជាការឆ្លើយតបទៅនឹងជំនួបនៅសហរដ្ឋអាមេរិក រវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន និងប្រធានសភាអាមេរិក លោក ខេវីន ម៉េកខាធី។
នាវា Shandong ក៏បានចូលរួមក្នុងសមយុទ្ធកាលពីលើកនោះផងដែរ ដោយវាបានដាក់ពង្រាយយន្តហោះចម្បាំងធុន J15 ប៉ុន្តែមិនស្ថិតនៅក្នុងច្រកសមុទ្រតៃវ៉ាន់នោះទេ ដោយស្ថិតនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់វិញ។
ដើម្បីឆ្លើយតបនឹងសកម្មភាព ចុងក្រោយរបស់ចិន ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងកាលពីថ្ងៃសៅរ៍ទៀតថា ខ្លួនបានដាក់ពង្រាយយន្តហោះចម្បាំងល្បាតតាមអាកាស នាវាកងទ័ពជើងទឹក និងប្រព័ន្ធបាញ់មីស៊ីលនៅលើដី និងបានតាមដានសកម្មភាពនាវាចរណ៍របស់ចិនយ៉ាងយកចិត្ តទុកដាក់។
ជុំវិញបញ្ហានេះ ចិនមិនបានចេញសេចក្ដីថ្លែងការណ៍យ៉ាងណាភ្លាមៗទេ។
គួរបញ្ជាក់ថា ចិនទទូចទាមទារកោះតៃវ៉ាន់ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថា នឹងប្រើកម្លាំងទ័ពវាយយកប្រសិនបើចាំបាច់។ តៃវ៉ាន់បដិសេធការទាមទារនេះ ហើយគេមើលឃើញថា ចាប់តាំងពីប្រធានាធិបតី លោកស្រី សៃ អ៊ីងវិន ឡើងកាន់តំណែងក្នុងឆ្នាំ ២០១៦ មក ចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួនទាំងតាមអាកាស និងដែនទឹកជុំវិញកោះនេះ៕