ទីភ្នាក់ងារ​ដែនសមុទ្រ​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃទី​​ ២៩ ខែឧសភា ឆ្នាំ ​២០២៣ បានឱ្យដឹងថា ​ពួកគេ​បាន​រកឃើញ​សម្បក​​គ្រាប់​កាណុង​នៅលើ​កប៉ាល់​មួយ​ដែល​ចុះបញ្ជី​នៅ​ប្រទេស​ចិន​ ហើយ​ត្រូវបាន​គេ​សន្និដ្ឋានថា​ ជា​សម្បក​បន្សល់ទុក​ពី​សម័យសង្គ្រាមលោកលើកទី២​។​

​ក្រុមមន្ត្រី​ជំនាញ បាននិងកំពុង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ដើម្បី​ឱ្យដឹង​ប្រាកដថា ​តើក​ប៉ាល់ដឹកទំនិញ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​ប្លន់​បំណែក​នាវា​ចម្បាំង​អង់គ្លេស ​២​ គ្រឿង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែរ​ឬក៏​យ៉ាងណា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា ក្រុម​ប្រតិ​ប​ត្តិ​ករ​ជួយសង្គ្រោះ​ដោយ​ខុសច្បាប់​ត្រូវបាន​គេ​ជឿថា បានដាក់​កំណត់​គោលដៅ​ស្វែងរក​នាវាចម្បាំង​ប្រភេទ ​HMS Repulse និង​ប្រភេទ​ HMS Prince of Wales ដែល​ត្រូវបាន​លិច​បាត់​ទៅក្នុង​បាតសមុទ្រ​នៅ​ឆ្នាំ​ ១៩៤១ ដោយសារ​ការបាញ់ប្រហា​រ​ដោយ​គ្រាប់បែក​របស់​ជប៉ុន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​វាយ​ប្រហារ​នៅលើ​កំពង់ផែ​ផឺ​ល​ហា​បឺ​ (Pearl Harbor)​។​

​កាលនោះ នាវិក​សរុប​ចំនួន ​៨៤២ ​នាក់​បាន​បាត់​បង់ជីវិត ហើយ​ព្រឹត្តិការណ៍​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​សោកនាដកម្ម​ផ្នូរ​សង្គ្រាម​មួយ​ដ៏​សោកសៅ​ដែល​បាន​កើតឡើង​នៅក្នុង​រដ្ឋ​ប៉ា​ហាង ​(Pahang) ប្រទេស​ម៉ាឡេស៊ី​។ កាលពី​ខែ​មុន អ្នក​នេសាទ និង​អ្នក​មុជទឹក​នៅក្បែរ​តំបន់​នោះ បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ម៉ាឡេស៊ី​ភ្លាមៗ បន្ទាប់ ពី​បាន​ប្រទះឃើញ​នាវា​បរទេសមួយ​ដែល​កំពុងមាន​វត្តមាន​នៅក្បែរ​តំបន់​កើតហេតុ​នោះ​។​

​ទីភ្នាក់ងារ​ដែនសមុទ្រ​ខាង លើ​បាន​បន្ថែមថា ខ្លួន​បាន​ឃាត់​កប៉ាល់​ដែល​បាន​ចុះបញ្ជី នៅ​ទីក្រុង​ហ្វ៊ូចូ​វ ​(Fuzhou)​ ប្រទេស​ចិន​ទុក​កាលពី​ថ្ងៃអាទិត្យ ដោយ​ចោទ​ពីបទ «​បោះ​យុថ្កា​ដោយ​គ្មាន​លិខិតអនុញ្ញាត​» ចេញពី​រដ្ឋ​ចូ​ហូរ ​(Johor) ភាគខាងត្បូង​ប្រទេស​ម៉ាឡេស៊ី​។ ទីភ្នាក់ងារ​ដដែល​បាន​បញ្ជាក់ថា កប៉ាល់​នេះ​មាន​សមា​ជិ​ក​នាវិក​ចំនួន ៣២ ​នាក់​ក្នុងនោះ​មាន​ជនជាតិ​ចិន​ចំនួន​ ២១​ នាក់​ជនជាតិ​បង់​ក្លា​ដែ​ស​ចំនួន​ ១០ ​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ​១ នាក់​។​

​ទីភ្នាក់ងារ​នេះ​បាន​សង្កត់ធ្ងន់ថា ក្រុមមន្ត្រី​ជំនាញ​មកពី​នាយកដ្ឋាន​បេតិកភណ្ឌ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​កំណត់​អត្តសញ្ញាណ​សម្បក​គ្រាប់​កាណុង​ទាំងអស់ នោះ​។ លើសពីនេះ​កាលពី​សប្តាហ៍​មុន សារ​​មន្ទីរ​ជាតិ​នៃ​កងទ័ពជើងទឹក​អង់គ្លេស​បាន​ថ្លែងថា ខ្លួន​មានការ​ព្រួយ​បារម្ភ​ចំពោះ​ការបំផ្លិចបំផ្លាញ​ណា មួយ​ដែល​អាច​កើតមានឡើង​ក្នុង​គោលបំណង​ស្វែងរក​ប្រាក់​​ចំណេញ​ផ្ទាល់ខ្លួន​។​

​ទីភ្នាក់ងារ​ដែនសមុទ្រ​ដដែល នេះ​បាន​រំលេច​ថា សម្បក​គ្រាប់​កាណុង​ដែលមាន​ច្រែះ​ចាប់​អាចពាក់ព័ន្ធ​នឹង​ការ​រឹបអូស​គ្រាប់​កាំ​ភ្លើង​ធំ​ដែល​មិនទាន់​ផ្ទុះ និង​វត្ថុ​បុរាណ​ផ្សេងទៀត​នៅឯ​កន្លែង​គំនរ​សំណល់​អេតចាយ​ឯកជន​មួយ​ក្នុង​ទីក្រុង ចូ​ហូរ​។ យោងតាម​កាសែត The New Straits Times សម្បក​គ្រាប់​កាណុង​ទាំងអស់នោះ​ត្រូវបាន​គេ​សង្ស័យថា មាន​ប្រភព​ចេញពី​នាវាចម្បាំង​អង់គ្លេស​។​

​រូបភាព និង​វីដេអូ​ដែល​បានចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ដែនសមុទ្រ​ម៉ាឡេស៊ី​បានបង្ហាញ​ពី​កប៉ាល់​ដឹក​អ្នកដំណើរ​ដែលមាន​ដង​ស្ទូច​ដ៏​ធំ​មួយ និង​ដុំ​ដែក​ដែលមាន​ច្រែះ​នៅលើ​កប៉ាល់​នោះ​ទៀតផង​។ វា​ត្រូវបាន​គេ​ស្គាល់​ថា ជា​ដែកថែប​ដែលមាន​អាយុកាល​មុន​សម័យ​សង្គ្រាម ហើយ​វា​គឺជា​បំណែក​ដែល​បន្សល់ទុក​ពី​នាវាចម្បាំង​ទាំង​ ២​ ខាងលើ​។ បន្ថែម​លើ​នេះ បំណែក​នេះ​មានតម្លៃ​ណាស់ ដោយ​គេ​អាចយ​កវា​ទៅប្រើ​ប្រាស់ ក្នុង​ការផលិត​ឧបករណ៍​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​មួយចំនួន​ទៀតផង​។​

​គួរ​ដឹង​ដែរ​ថា វា​មិនមែនជា​លើក​ទី​ ១ នោះទេ ដែល​នាវា លិច​ទឹក​ទាំង​ ២​ នេះ ត្រូវបាន​ជន​​ល្មើស​កំណត់​គោលដៅ​ចង់បាន​។ យោងតាម​កាសែត The New Straits Times បាន​រាយការណ៍​ថា ជនបរទេស ដែលជា​ក្រុម​ប្រមាញ់​តាមរក​កំណប់​បុរាណ​ ១​ ក្រុម ធ្លាប់បាន​ប្រើប្រាស់​គ្រឿងផ្ទុះ​ដើម្បី​ធ្វើការ​បំផ្ទុះ​បន្ទះ​ដែក​ដ៏​ធំ និង​ធ្ងន់​ខ្លាំង​នៅលើ​កប៉ាល់​ ១ ​កាលពី​ឆ្នាំ​ ២០១៥ ដើម្បី​ងាយស្រួល​ក្នុង​ការចូល​ទៅយក​រប​ស់មាន​តម្លៃ​ផ្សេងៗ​។​

​យោងតាម​សារព័ត៌មាន​ដទៃ ទៀត​បានឱ្យដឹងថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​កប៉ាល់​វៀត​ណា​ម ​១​ គ្រឿង​ ដែល​ពាក់ព័ន្ធ​នឹង​ការ​លួច​បំណែក​យន្តហោះ​នាពេលនោះ​៕