ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​​ជើង KCNA បាន​រាយការណ៍​ថា ការបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​របស់​ក្រុង​ព្យុងយ៉ាង​ កាលពីថ្ងៃ​ពុធ ទី​​ ៣១ ខែឧសភា បានបញ្ចប់​ទៅដោយ​ការបរាជ័យ​បន្ទាប់ពី​រ៉ុក្កែត​បាញ់​បង្ហោះ​មិន​ដំណើរ​ការ​រលូន​ហើយ​ធ្លាក់​ចូលក្នុង​សមុទ្រ​កូរ៉េ​ខាងលិច​។

KCNA ផ្សាយ​ថា រ៉ុក្កែត​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មី Chollima-1 មិន​ដំណើរការ​ដោយសារតែ​ម៉ាស៊ីន និង​ប្រព័ន្ធ​ប្រេងឥន្ធនៈ​របស់​រ៉ុក្កែត មាន​ភាពរអាក់រអួល​។ នេះ​បើតាម​ការរាយការណ៍​ប​ន្ត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

​គួរ​គូសបញ្ជាក់ថា ការបាញ់​បង្ហោះ​លើក​នេះ គឺជា​ការប៉ុនប៉ង​បាញ់​បង្ហោះ​ផ្កាយរណប​ទី​៦ និង​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៦ របស់​ប្រទេស​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​គេ​ដឹងថា ដើម្បី​បង្ហោះ​ផ្កាយរណប​ចារកម្ម​ដំបូង​របស់ខ្លួន​ទៅក្នុង​គន្លង​តារាវិថី​។

​ការបរាជ័យ​នៃ​ការបាញ់​បង្ហោះ​នេះ ជំរុញឱ្យមាន​ការ​​ប្រកាសអាសន្ន និង​ការព្រមាន​អំពី​ការជម្លៀស​តូចតាច​នៅក្នុង​តំបន់​ខ្លះ​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​។ យ៉ាងណាមិញ ការ​ប្រកាសអាសន្ន​ត្រូវបាន​ដក​ចេញ​វិញ ដោយ​មិន​មានការ​រាយការណ៍​ពី​គ្រោះថ្នាក់ ឬ​ការ​ខូចខាត​នោះទេ​។​

​ទោះជា​យ៉ាងណាក៏ដោយ អគ្គ​សេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាង​ត្បូង​បានឱ្យដឹង​នៅ​ថ្ងៃ​ពុធ​ថា យោធា​របស់ខ្លួន​កំពុង​ធ្វើ​ប្រតិ​​ប​ត្តិ​ការរុករក ដើម្បី​ប្រមូល​បំណែក​បាក់បែក​នៃ​រ៉ុក្កែត​ដែល​ធ្លាក់​។

​គួរ​កត់សម្គាល់ថា ការបាញ់​បង្ហោះ​របស់​កូរ៉េខាងជើង​នាពេលនេះ​បាន​រង​ការ​ថ្កោលទោស​ពី​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង និង​ប្រធាន​អង្គការ​សហ​ប្រ​ជា​ជាតិ ដែល​លើកឡើងថា រាល់​ការបាញ់​បង្ហោះ​ដោយ​ទីក្រុង​ព្យុង​យ៉ាង ដោយ​ប្រើ​បច្ចេកវិទ្យា​មី​ស៊ី​ល​ផ្លោង គឺ​ផ្ទុយទៅនឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​យោធា​ដំបូង​របស់ខ្លួន​នៅ​ចន្លោះ​ថ្ងៃទី​ ៣១ ឧសភា ដល់​ថ្ងៃទី​ ១១ មិថុនា ដើម្បី​ជំរុញ​ការ​ឃ្លាំ​មើល​សកម្មភាព​យោធា​អាមេរិក ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​។​អ្នកវិភាគ​បាន​ព្រមាន​ថា ការ​បង្ហោះ​ផ្កាយរណប​ចារកម្ម នឹង​ជួយ​ពង្រឹងសមត្ថភាព​ឃ្លាំមើល និង​យោធា​របស់​ប្រទេស​នេះ​។

​បើទោះបីជា​ការបាញ់​បង្ហោះ​នៅ​ថ្ងៃ​ពុធ​នេះ​បរាជ័យ​ក៏ដោយ ទីភ្នាក់ងារ​អវកាស​កូរ៉េខាងជើង​នឹងធ្វើ​ការប៉ុនប៉ង​លើក​ទី​ ២ «​ឱ្យបាន​ឆាប់​តាម​ដែល​អាច ធ្វើទៅបាន​» បន្ទាប់ពី​ពិនិត្យមើល​អ្វីដែល​មិន​ដំណើរការ​។ នេះ​បើតាម KCNA៕