ថ្ងៃទី​​ ៣១ ខែឧសភា ឆ្នាំ ​២០២៣ ប្រទេស​អាល្លឺម៉ង់​បានឱ្យដឹងថា ខ្លួន​នឹង​បិទ​ស្ថាន​កុងស៊ុល​រុស្ស៊ី​ចំនួន ៤ ​កន្លែង​ក្នុងចំណោម​ ៥​ ស្ថាន​​កុងស៊ុល​ផ្សេងទៀត​ដោយ​ដកហូត​អាជ្ញាប័ណ្ណ​របស់​ពួកគេ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​បានសម្រេច​កំណត់​ចំនួន​មន្ត្រី​អាល្លឺម៉ង់​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​រុស្ស៊ី​មក​ត្រឹមតែ ៣៥០​ នាក់​។​

​ការឆ្លើយតប​របស់​អា​ល្លឺ​ម៉​ង់​បែបនេះ បាន​ជំរុញ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ ធ្លាក់​ចុះ​កាន់តែខ្លាំង​បន្ថែមទៀត ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ កំពុង​ធ្លាក់​ដុនដាប​ស្រាប់ ពោលគឺ​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​កាលពីដើមឆ្នាំ ​២០២២​។ ដោយ​ឡែក រុស្ស៊ី​បាន​សម្ដែង​ការមិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​អាល្លឺម៉ង់​យ៉ាងខ្លាំង និង​បាន​លើកឡើងថា សកម្មភាព​របស់​អាល្លឺម៉ង់ គឺមាន​ចេតនា​រករឿង​បង្កហេតុ ហើយ​ថា រុស្ស៊ី​នឹង​ឆ្លើយតប​វិញ​ជាក់​ជាមិនខាន​។​

​រីឯ​ក្រសួងការបរទេស​អាល្លឺម៉ង់​វិញ បាន​ចោទប្រកាន់​ទីក្រុង​ម៉ូស្គូ​ថា ជា​អ្នកបង្កើន​ភាព​តានតឹង​តាមរយៈ​ការកំណត់​ចំនួន​មន្ត្រី​អាល្លឺម៉ង់​ដែល​កំពុង​បំពេញ​តួនាទី​នៅ​រុស្ស៊ី​។

​អ្នកនាំពាក្យ​ម្នាក់ បាន​និយាយថា «​ការសម្រេចចិត្ត​ដែល​មិន​សម​ហេតុផល​នេះ កំពុង​បង្ខំ​ឱ្យ​រដ្ឋា​ភិ​បាល​សហព័ន្ធ​ធ្វើការ​កាត់ផ្ដាច់​ទំនាក់ទំនង​ស្ទើរ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​រុស្ស៊ី​»​។​

​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ បាន​បញ្ជាក់ថា រដ្ឋាភិបាល​រុស្ស៊ី​នឹង​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ស្ថានទូត​របស់ខ្លួន​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ជាធម្មតា និង​ស្ថាន​​កុងស៊ុល​ទូទៅ ១ ​កន្លែង ប៉ុន្តែ​អា​ល្លឺ​ម៉​ង់​រំពឹងថា ស្ថាន​កុងស៊ុល​ដទៃទៀត នឹង​តម្រូវឱ្យ​ឈប់​ប្រតិបត្តិ​ការ​នៅ​ចុងឆ្នាំ​ ២០២៣​ នេះ​។​

​គួរ​ដឹង​ដែរ​ថា ប្រទេស​អាល្លឺម៉ង់ នឹង​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន​ផង​ដែរ​នៅក្នុង​ទីក្រុង​មួយចំនួន​នៅ​ប្រទេស​រុស្ស៊ី ក្នុងនោះ​រួមមាន​ទីក្រុង​កាលី​នី​ហ្រ្កា​ដ (Kaliningrad​)​ ទីក្រុង​យេ​កា​តឺ​រី​ន​បឺ​ក (Yekaterinburg)​ និង​ទីក្រុង​ណូ​វ៉ូ​ស៊ី​បឺស​ក៍ (Novosibirsk)​ ដោយ​ទុក​តែ​ស្ថាន​ទូត​អាល្លឺម៉ង់​នៅ​ទីក្រុង​ម៉ូស្គូ និង​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​ផេ​ថឺ​ស្បឺ​ក​ (Petersburg) តែប៉ុណ្ណោះ​។​

​នៅ​ទីក្រុង​ម៉ូស្គូ​វិញ ក្រសួង​ការ​បរទេស​រុស្ស៊ី បាន​ថ្កោលទោស​ការ​សម្រេចចិត្ត​របស់​អាល្លឺម៉ង់​ថា «​ជា​ជំហាន​ឈានឆ្ពោះ​ទៅមុខ​ប្រ​កប​ដោយ​ភាព​សោះកក្រោះ និង​មាន​គោលបំណង​បំផ្លិចបំផ្លាញ​ទំនាក់​ទំ​នង​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២»​។​

​ក្រសួង​បាន​បន្ថែមថា​៖ «​យើង​នឹងធ្វើ​ការឆ្លើយតប​វិញ​ចំពោះ​សកម្ម​ភាព​របស់​ទីក្រុង​ប៊ែ​រ​ឡាំង​»​។ យ៉ាង​ណាក៏ដោយ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួងការបរទេស​រុស្ស៊ី​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ថា​នឹង​ឆ្លើយតប​យ៉ាងណា​នោះទេ​។​

​គួរ​បញ្ជាក់ថា អាល្លឺម៉ង់​គឺជា​ប្រទេស​ដែល​ធ្លាប់​ធ្វើការ​នាំចូល​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី ប៉ុន្តែ​ពេលនេះ ប្រទេស​ទាំង ​២ បាន​បែកបាក់​ប្រេះឆា ពោលគឺ​ចាប់តាំងពី​រុស្ស៊ី​ធ្វើការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២២​ ហើយ​លោកខាងលិច រួមទាំង​អាល្លឺម៉ង់​ផង​នោះ បាន​ឆ្លើយតប​ដោយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី និង​បាន​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។​

​មិនយូរប៉ុន្មាន​ខាងមុខ​នេះ​ប្រ​ទេស​អាល្លឺម៉ង់​នឹង​ដក​បុគ្គលិក​ជាច្រើន​នាក់​ដែល​កំពុងធ្វើការ​នៅ​ស្ថាន​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី​បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​បានកំណត់​មន្ត្រី​អា​ល្លឺ​ម៉​ង់​ក្នុង​ចំនួន​ជាក់លាក់​ក្នុងការ​​ដែល​អាច​នៅ​បន្ត​ធ្វើការ​នៅក្នុង​ប្រទេស​រុស្ស៊ី​បាន​៕