
ប៉ូលិសបាននាំខ្លួនជនរត់គេចខ្លួនជនជាតិអង់គ្លេស Richard Wakeling បន្ទាប់ពីចាប់ខ្លួនគាត់នៅទីក្រុងបាងកក ក្នុងខែកុម្ភៈ។ BKP
ប៉ូលិសអង់គ្លេស បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងដាក់ពន្ធនាគារមេក្លោងគ្រឿងញៀនជនជាតិអង់គ្លេស ឈ្មោះ Richard Wakeling ដែលទើបត្រូវបានគេធ្វើបត្យាប័នពីប្រទេសថៃ បន្ទាប់ពីឧក្រិដ្ឋជនរូបនេះ រត់ភៀសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Wakelingវ័យ ៥៥ ឆ្នាំ បានភៀសខ្លួនចេញពីអង់គ្លេសក្នុងឆ្នាំ ២០១៨ មុនការកាត់ក្ដីរបស់លោក លើសំណុំរឿងរួមគំនិតជាមួយជនជាតិហូឡង់ជាច្រើននាក់ ដើម្បីព្យាយាមរត់ពន្ធ អំហ្វេតាមីនរាវដែលមានតម្លៃ ១០លានដុល្លារ ចេញពីបែលហ្ស៊ិក ចូលទៅក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៦។
យ៉ាងណាមិញ លោកត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់គុក ១១ឆ្នាំ ហើយដាក់ក្នុងបញ្ជីមនុស្សដែលគេ «តាមចាប់ខ្លួន»របស់ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស(NCA)។
លោកបានរស់នៅក្នុងទីក្រុង Hua Hin នៃប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ ដោយប្រើលិខិតឆ្លងដែនអៀរឡង់ក្លែងក្លាយ។ នេះបើយោងតាមប៉ូលិសថៃ ដែលបានចាប់ខ្លួនលោកនៅទីក្រុងបាងកក កាលពីខែកុម្ភៈ។
លោក Wakeling ត្រូវបានមន្រ្តីជំនាញធ្វើបត្យាប័នទៅអង់គ្លេសវិញ កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវដាក់គុកភ្លាមៗ ក្រោយបង្ហាញខ្លួននៅតុលាការ។ នេះបើយោងតាម NCA។
ប្រធានផ្នែកស៊ើបអង្កេតក្នុងតំបន់របស់NCA លោកJacque Beer បាននិយាយថា៖« លោក Richard Wakelingគិតថា លោកអាចគេចផុតពីការកាត់ទោសដោយរត់ចេញពីចក្រភពអង់គ្លេស»។
លោក Beer បានបន្តថា៖ «ករណីនេះ បង្ហាញពីប្រតិបត្តិការជុំវិញសកលលោករបស់NCA ហើយថា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធានាថា អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ទោះបីជាវាត្រូវចំណាយពេលយូរប៉ុនណា ឬពួកគេ រត់គេចខ្លួនឆ្ងាយប៉ុណ្ណាក៏ដោយ»៕