
នាយកអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) លោកឧត្តមសេនីយ៍ Kim Seung-kyum (ស្តាំ) និងសមភាគីអាល្លឺម៉ង់របស់លោក គឺឧត្តមសេនីយ៍ Carsten Breuer ជួបពិភាក្សាគ្នានៅទីស្នាក់ការកណ្តាល JCS ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ Yonhap
ការិយាល័យរបស់លោកបានឱ្យដឹងថា លោកឧត្តមសេនីយ៍ Kim Seung-kyum នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានជួបជាមួយឧត្តមសេនីយ៍កំពូលអាល្លឺម៉ង់នៅទីក្រុងសេអ៊ូល នៅពីថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់ សង្គ្រាមនៅអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលJCS លោក Kim និងអគ្គអធិការអាល្លឺម៉ង់នៃកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ Carsten Breuer បានសម្តែងការព្រួយបារម្ភអំពីសង្គ្រាមដែលអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន ហើយបានយល់ព្រមចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ថិរភាពនៅអឺរ៉ុប និងសន្តិភាពពិភពលោក។នេះបើយោងតាម JCS។
ពួកគេក៏បានឯកភាពថា ប្រទេសទាំង២ គួរតែពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Kim បានថ្លែងអំណរគុណចំពោះប្រទេសអាល្លឺម៉ង់ និងសហគមន៍អន្តរជាតិ ដោយនិយាយថា ការអនុវត្ត «ការតាំងចិត្ត» របស់ពួកគេលើការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង បានរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ លោកក៏បានស្នើសុំបន្តគាំទ្រគោលនយោបាយក្រុងសេអ៊ូល ដើម្បីសន្តិភាព។
JCS បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យស៊ីជម្រៅ និងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាង ROK JCS និងបុគ្គលិកការពារជាតិអាល្លឺម៉ង់»៕