
អ្នកជំនាញផ្នែកសុខភាពរៀបចំចាក់វ៉ាក់សាំង Covid-19 សម្រាប់ ចាក់ វ៉ាក់សាំង នៅទីក្រុងបាងកកនៅ ដើមខែនេះ។ BKP
ចំនួនអ្នកជំងឺកូវីដ ១៩ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងកាលពីសប្ដាហ៍មុន ខណៈអាជ្ញាធរសុខាភិបាលលើកជំរុញការចាក់វ៉ាក់សាំងលើកុមារតូចៗ ដើម្បីការពារការលូតលាស់របស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃចន្ទ ដោយស្រង់សម្ដីអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់ប្រទេសថៃ លោកវេជ្ជបណ្ឌិត Tares Krassanairawiwong។
លោក Tares បានមានប្រសាសន៍ថា កាលពីសប្ដាហ៍មុន ចន្លោះពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ប្រទេសថៃមានអ្នកជំងឺកូវីដ ១៩ ដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន ៣ ០៨៥ នាក់ ដោយកើនឡើង ៤ ភាគរយ ធៀបទៅនឹងសប្តាហ៍មុនមួយទៀត។
ចំនួននេះបង្ហាញថា ជាមធ្យម មានអ្នកជំងឺកូវីដ១៩ ប្រហែល ៤៤០ នាក់/ថ្ងៃចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយកើនឡើងពី ៤២៤/ថ្ងៃនៅសប្ដាហ៍មុនមួយទៀត។
ទន្ទឹមនឹងនោះ អ្នកស្លាប់ទាក់ទងនឹងកូវីដ១៩ នៅប្រទេសថៃ ក៏បានកើនឡើងផងដែរ ដោយកាលពីសប្ដាហ៍មុន អ្នកស្លាប់ថ្មីមានចំនួន ៦៨ ករណី ដែលកើនឡើងរហូតដល់ ៦២ ភាគរយ បើប្រៀបធៀបនឹងសប្ដាហ៍មុនមួយទៀត ដែលមានត្រឹម ៤២ ករណី។
លោកវេជ្ជបណ្ឌិត Tares បានបន្តថា មនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះ រួមចំណែក ៩៧ ភាគរយ នៃចំនួនអ្នកស្លាប់ថ្មី ហើយក្រុមមនុស្សទាំងនេះ មិនទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់នោះទេ។
ប្រធាន CDC ថៃដដែល លើកទឹកចិត្តប្រជាជនឱ្យទទួលវ៉ាក់សាំង ដើម្បីការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ក្នុងករណីដែលពួកគេឆ្លងជំងឺកូវីដ។ លោកបានបន្តថា ឆ្នាំ ២០២៣ នេះ កុមារអាយុក្រោម១ឆ្នាំ មានអត្រាឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុត និងបន្ទាប់មក គឺមនុស្សចាស់ចាប់អាយុចាប់ពី៧០ឆ្នាំឡើងទៅ។ តាមរយៈនេះ លោកណែនាំឱ្យប្រជាជនថៃដែលជាឪពុកម្តាយ នាំកូនតូចៗទៅចាក់វ៉ាក់សាំង ដោយកុំបារម្ភថា វាមានគ្រោះថ្នាក់អ្វីឡើយ។
ចំណែកគ្រូពេទ្យកុមារនៅមន្ទីរពេទ្យ Siriraj នៃប្រទេសថៃ លោកស្រីវេជ្ជបណ្ឌិតKulkalaya Chokpaibulkit បានថ្លែងប្រាប់កាសែតបាង កកប៉ុស្តិ៍ថា ការចាក់វ៉ាក់សាំងកាត់បន្ថយហានិភ័យនៃ រោគសញ្ញាកូវីដរយៈពេលយូរ និងរោគសញ្ញារលាកពហុប្រព័ន្ធរាងកាយរបស់កុមារ (MIS-C)។ លោកស្រីបន្តថា ក្មេងៗដែលមានជំងឺប្រចាំកាយ ប៉ុន្តែមិនទទួលបានវ៉ាក់សាំងការពារ អាចវិវឌ្ឍន៍ទៅជារោគសញ្ញាធ្ងន់ធ្ងរ និងយូរ ដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ពួកគេ។
គួររំឭកថា ថៃគឺជាប្រទេសដែលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរបំផុតមួយនៅអាស៊ីអាគ្នេយ៍។ កូវីដ១៩ បានឆក់យកជីវិតមនុស្សជាង ៣,៤ ម៉ឺននាក់ក្នុងប្រទេស រាប់តាំងពីការឆ្លងរាលដាលផ្ទុះឡើង៕