មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ ​លោក Ali Khamenei កាល​ពី​ថ្ងៃអាទិត្យ​ បាន​ព្រមានថា ​ការ​ដកថយ​ពី​ទី​តាំង​ឈរ​ជើង​នានា​ នឹង​មិន​បញ្ឈប់​អរិភាព​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ចំពោះ​ប្រទេស​អ៊ីរ៉ង់ទេ ប៉ុន្តែ​ពង្រឹង​ពួកគេ​បន្ថែម​ទៀត។

លោក​បាន​ធ្វើការ​អធិប្បាយ​នៅក្នុង​សុន្ទរកថា​ទៅកាន់​ពិធីមួយ​ក្នុង​ទីក្រុង​តេអេរ៉ង់ ដោយ​រំឭក​ខួប​នៃការ​ស្លាប់​របស់​លោក​ Imam Khomeini ដែលជា​ស្ថាបនិក​នៃ​សាធារណ​រដ្ឋ​អ៊ីស្លាម។​ នេះ​បើយោង​តាម​វេបសាយ​របស់​មេដឹ​កនាំ​។

លោក​Khamenei បាន​និយាយថា៖«នៅក្នុង​ករណី​ជា​ច្រើន ការ​ដក​ថយ​របស់​យើង ​បាន​ធ្វើឱ្យ​ពួក​គេឆ្ពោះ​ទៅមុខ ​និង​កាន់តែ​ឈ្លាន ពាន»។

លោក​បាន​និយាយថា៖«កិច្ច​ប្រឹងប្រែង​របស់​ខ្មាំង​សត្រូវ ​គឺ​ផ្តោត​ជា​សំខាន់​ទៅលើការ​ធ្វើឱ្យ​​ជំនឿ និង​ក្តីសង្ឃឹម​របស់​ប្រជាជនចុះខ្សោយ​ ហើយ​ដល់ទី​បញ្ចប់នេះ ខ្មាំងសត្រូវ​បាន​ព្យាយាម​ជា​ច្រើនដង ​និង​ធ្វើឱ្យ​មាន​ភាពតាន​តឹង​គ្រប់​ផ្នែក​ទាំង​អស់ ប៉ុន្តែ​ភាគច្រើន​បាន​បរាជ័យ»។

លោក Khamenei បាន​សង្កត់ធ្ងន់​លើ​កិច្ច​ប្រឹងប្រែង​ចុង​ក្រោយ​របស់​សត្រូវ​គឺ «កុបកម្ម» ដែល​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន បន្ទាប់​ពីការ​ស្លាប់​របស់​នាង​ Mahsa Amini ​អាយុ ២២ឆ្នាំ។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​រូបនេះ​ បាន​និយាយថា​ ផែនការ​«ដ៏​ទូលំ​ទូលាយ»នៃ​កុបកម្ម​ កាល​ពី​ឆ្នាំមុន​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ពិគ្រោះ​យោបល់​លោក​ខាងលិច ​និង​អនុវត្ត​ដោយ​យន្តការ​សន្តិសុខ​លោក​ខាងលិច​ដែល​ផ្តល់ «កុប​កម្ម»នេះ​ជាមួយ​នឹង​អាវុធ​យ៉ាង​ច្រើន ហិរញ្ញវត្ថុ និង​ការ​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក​បាន​បន្ថែម​ថា​ ប្រជាជន​អ៊ីរ៉ង់​បាន​បរាជ័យ​លើ​ការ​គ្រោង​ទុក​របស់​ពួកគេ​ ហើយ​បាន​ធ្វើ​ឱ្យ​កិច្ច​ប្រឹង​ប្រែង​ របស់​ពួកគេ ​បរាជ័យ​។

នាង​ Amini បាន​ស្លាប់នៅ​ក្នុង​មន្ទីរពេទ្យទី​ក្រុង តេអេរ៉ង់ កាលពីៅ​ថ្ងៃទី ១៦​ ខែកញ្ញា ឆ្នាំ២០២២​ ២-៣ ថ្ងៃបន្ទាប់ពី​ការដួល​សន្លប់​របស់នាង​នៅ​ឯ​ស្ថានីយប៉ូលិ​ស។ អ៊ីរ៉ង់​ បាន​ចោទប្រកាន់​អាមេរិក និង​ប្រទេស​លោកខាងលិច​មួយចំនួន​ផ្សេង​ទៀតថា«ញុះញង់ឱ្យ​មានកុប កម្ម​ និងគាំទ្រ​ក្រុមភេរវករ នៅ​ក្នុង​ប្រទេស​ បន្ទាប់​ពីការ​ស្លាប់​របស់នាង​៕