​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប​បាន​កើនឡើង​នូវ​ភាព​តានតឹង​ជាថ្មី នៅពេល​នាវាចម្បាំង​រប​ស់​ចិន បើក​កាត់មុខ​នាវា​ពិឃាត​របស់​អាមេរិក​ដែល​ហៀបនឹង​បុក​គ្នា​ប្រកបដោយ​ភាព​គ្រោះ​ថ្នាក់​បំផុត ក្រោយពេល​រដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិក លោក Lloyd Austin ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​សន្តិសុខ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​គេ​ស្គាល់​ថា «Shangri​​ La Dialogue» នៅ​ប្រទេស​សិង្ហ​បុរី​។

​រូបភាព​វីដេអូ​ថ្មី​មួយ​ដែល​បង្ហាញ​ដោយ​យោធា​ជើង​ទឹក​អាមេរិក​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ហើយ​ត្រូវ​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​នានា​ផ្សព្វផ្សាយ​ជា​ព្រឹត្តិការណ៍​សំខាន់បង្ហាញថា ឧបទ្ទវហេតុ​ស្ទើរតែ​ប៉ះទង្គិច​គ្នា​បានកើត​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​ ៣ ​ខែមិថុនា ឆ្នាំ​ ២០២៣ នៅពេល​នាវា​ពិឃាត USS Chung-Hoon និង HSMC Montreal របស់​ប្រទេស​កាណាដា ដែលជា​នាវាចម្បាំង កំពុងដំណើរការ «​តាម​ទម្លាប់​» ឆ្លងកាត់​ច្រក​សមុទ្រ ដែល​បំបែក​តៃវ៉ាន់​ពី​ចិនដីគោក​។​

​តាម​រូបភាព​វីដេអូ​នោះ នាវា​​ចម្បាំង​របស់​ចិន​បាន​បើក​ឆ្លង​កាត់​ផ្លូវ​របស់​នាវា​របស់​អាមេរិក ហើយ​នាវា​អាមេរិក Chung-Hoon ក៏​មិន​ផ្លាស់ប្តូរ​ផ្លូវ​រត់​ដែរ​។ ច្រក​សមុទ្រ​តៃវ៉ាន់​ជា​ផ្លូវទឹក​ដ៏​រសើប និង​ជា​យុទ្ធសាស្ត្រ ដែល​បាន​ក្លាយជា​ចំណុច​តានតឹង​ជាទូទៅ​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។ ចិន​តែងតែ​ទាមទារ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន ហើយ​បាននិងកំពុង​បង្កើន​សម្ពាធ​យ៉ាងខ្លាំង​ទាំង​ផ្នែក​យោធា និង​នយោបាយ​លើ​ដែន​កោះ​នេះ ដែលមាន​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​គ្រប់​គ្រង​ដោយ​ខ្លួនឯង​។​

​សហរដ្ឋអាមេរិក​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទេ ប៉ុន្តែ​ចាត់ទុក​តៃវ៉ាន់​ជា​សម្ព័ន្ធមិត្ត​សន្តិសុខ​ដ៏​សំខាន់ និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​សម្រាប់​តៃវ៉ាន់​ការពារ​ខ្លួន​។ អាមេរិក​ក៏​ធ្វើការ​ល្បាត​តាម​ជើង​ទឹក និង​ផ្លូវអាកាស​ជាប្រចាំ​ក្នុង​តំបន់​ដើម្បី​អះអាង​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​នាវាចរណ៍ ព្រមទាំង​ជំទាស់​នឹង​ការទាមទារ​ទឹកដី​ដ៏​ធំ​របស់​ចិន​លើ​កោះ​នេះ​៕