ក្មេងស្រីសិស្សសាលាបឋមសិក្សាយ៉ាងហោចណាស់ជិត ៨០ នាក់រងការបំពុល នៅភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយរបបតាលីបង់ដែលប្រកាន់តឹងរ៉ឹង និងរឹតត្បិតសិស្សស្រីសម្រាប់ការចូលរៀន។
តាមការចុះផ្សាយរបស់សារព័ត៌មាន AP មន្ត្រីអប់រំក្នុងតំបន់របស់អាហ្វហ្គានីស្ថានបានឱ្យដឹងកាលពីថ្ងៃអាទិត្យទី ៤ ខែមិថុនា ឆ្នាំ ២០២៣ ថា ក្មេងស្រីជិត ៨០ នាក់ ដែលរៀននៅសាលាបឋមសិក្សាចំនួន ២ ត្រូវបានគេបំពុល ហើយត្រូវបញ្ជូនទៅឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក Mohammad Rahmani ដែលជាប្រធានមន្ទីរអប់រំខេត្ត SarePul បាននិយាយថា ការវាយប្រហារបានកើតឡើងទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យហើយក្នុងចំណោមសិស្សទាំងជិត ៨០ នាក់ ដែលត្រូវគេបំពុលនោះមាន ៦០ នាក់ មកពីសាលាបឋមសិក្សា Naswan-e-KabodAab និង ១៧ នាក់ផ្សេងទៀត មកពីសាលាបឋមសិក្សា Naswan-e-Faizabad។
លោក Rahmani បានបន្តប្រាប់ AP ថា សាលាបឋមសិក្សារងគ្រោះទាំង ២ ស្ថិតនៅជិតគ្នា ហើយត្រូវបានជនដៃដល់បំពុលជាបន្តបន្ទាប់គ្នា។ យ៉ាងណាមិញ លោកថា ក្មេងស្រីរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងលែងមានបញ្ហាអ្វីហើយ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីមន្ទីរអប់រំក្នុងតំបន់ដដែលខកខានក្នុងការបញ្ជាក់លម្អិតអំពីរបៀបដែលអ្នកវាយប្រហារបំពុល ឬថាតើក្មេងស្រីសិស្សសាលាទាំង ២ ខាងលើរងការបំពុលដោយរបៀបណា និងមានអាការពុលបែបណានោះទេ។ បន្ថែមពីលើនេះ លោក Rahmani ក៏មិនបានកំណត់អាយុរបស់ពួកគេទេ គ្រាន់តែនិយាយថា សិស្សទាំងអស់នៅរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ប៉ុណ្ណោះ៕