យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters)​ នៅថ្ងៃទី៥ ​ខែមិថុនា​ ឆ្នាំ២០២៣​ ប្រទេសឥណ្ឌូនេ​ស៊ី​ បាន​បើក​សមយុទ្ធ​កងទ័ព​ជើងទឹក​ពហុភាគី​នៅក្នុង​ដែន​សមុទ្រ​របស់ខ្លួន​ជា​មួយកងទ័ពជើង​ទឹក​មកពី​ប្រទេស​នានា ​រួមមាន​ស​ហ​រដ្ឋ​អាមេរិក​ អង់គ្លេស ​ចិន ​ជប៉ុន ​រុស្ស៊ី ​និង​កូរ៉េខាងត្បូង​ជាដើម។​

សមយុទ្ធ​យោធានេះ​ បានធ្វើ​ឡើង​ចំពេល​ស្ថានភាព​ក្នុង​តំបន់​កំពុង​មាន​ភាពតាន​តឹងខ្លាំង​ ជា​ពិសេស​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក​។​

កងទ័ពជើងទឹក​របស់​ឥណ្ឌូនេស៊ី​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា​ សមយុទ្ធ​យោធានេះ ​បាន​ធ្វើឡើង​នៅ​តំបន់​ជុំវិញ​កោះកូម៉ូដូ ​(Komodo)​ ហើយវា​មិនមែន​ជា​សមយុទ្ធ​យោធា​ ដើម្បី​ត្រៀមទៅ​ធ្វើ​សង្គ្រាម​នោះទេ ​ប៉ុន្តែ​ជា​កា​រ​ធ្វើឡើង​ក្នុង​គោល​បំណង​សំខាន់​មួយ​គឺ​ការពង្រឹង​ទំនាក់ទំនង​រវាងកង​ទ័ពជើង​ទឹកជា​មួយ​បណ្ដា​ប្រទេស​ចំនួន​ ៣៦ ប្រទេស​មក​ពី​គ្រប់​តំបន់​នៅ​ទូទាំង​ពិភព​លោក​។​

សមយុទ្ធនេះ​ផងដែរ​ក៏​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​ចិន​ និង​សហ​រដ្ឋ​អាមេរិក​ កំពុង​មាន​ភាពរ​កាំរកូស​ការ​ទូត​ផ្នែក​យោធា​នៅ​ក្នុង​តំបន់កាន់​តែខ្លាំង​ឡើង​ ពោល​គឺពួកគេ​បានធ្វើ​សកម្មភាព​យោធាផ្សេងៗ​គ្នាជា​​ញឹកញាប់​នៅជុំវិញ​កោះ​តៃវ៉ាន់​ និង​នៅ​លើផ្លូវទឹក​ដ៏មមាញឹក​នៃ​តំបន់សមុទ្រ​ចិនខាងត្បូង​និង​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច។​

ជាការ​កត់សម្គាល់ ​សម​យុទ្ធ​យោធា​ដែល​ផ្ដួចផ្ដើម​ឡើងដោយ​ប្រទេស​ឥណ្ឌូនេស៊ី​លើកនេះ​ ជា​ព្រឹត្តិការណ៍​មួយដែល​បាន​ប្រព្រឹត្តទៅ​ក្រោយ​ពី​ឧប្បត្តិហេតុ​កាលពី​ចុងសប្តាហ៍​ដែលបាន​កើតឡើង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។​

យោង​តា​មកង​នាវាចរណ៍​អាមេរិកម្នាក់​បាន​ឱ្យដឹងថា​ឧប្បត្តិហេតុនោះ​ គឺ​បង្ក​ឡើង​ដោយ​នាវាចម្បាំង​មួយ​របស់ចិន​បាន​បើក​កាត់​មុខនា​វា​របស់​សហ​រដ្ឋ​អាមេរិក​ ស្ទើរ​តែប៉ះទង្គិច​គ្នា​ទៅហើយ។

ដោយឡែក​ កងនាវាចរណ៍​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ឱ្យដឹងថា​ នាវា​ចំនួន​ ១៥ គ្រឿង​ ក្នុង​នោះរួម​មាន​នាវា​របស់​ប្រទេស ចិន ​និង​ប្រទេស​រុស្ស៊ី​ផងដែរ ​បាន​ទម្លាក់យុថ្កា​ចុះ​សំចត​នៅក្បែរកោះ ​ស៊ូឡាវ៉េស៊ី ​(Sulawesi)​ កាលពី​ថ្ងៃចន្ទ ខណៈ​ដែល​សមយុទ្ធ​យោធា​នៅ​តំបន់កោះ​កូម៉ូដូ​បាន​និង​កំពុង​ចាប់ផ្តើម​។​

គួរដឹងដែរថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​មួយ​របស់​រដ្ឋ​ចិន​ឈ្មោះថា CCTV ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា កងទ័ព​ជើងទឹក​ចិន​បាន​បញ្ជូន​នាវា​ពិឃាត​មួយ​ឈ្មោះថា ​ចានជាង ​(Zhanjiang) ​និងនាវា​ចម្បាំង ​ស៊ូឆាង​ (Xuchang) មកធ្វើ​សមយុទ្ធ​រួមគ្នា។​ នាវា​ទាំង២​ នេះ ​ប្រទេសចិន​បាន​ដាក់​បំពាក់ទៅ​ដោយ​ប្រព័ន្ធ​នាំផ្លូវ​គ្រាប់​មីស៊ីល​ទៀតផង​។​

គួររំឭកថា ​សមយុទ្ធ​នៅ​តំបន់កោះ​កូម៉ូដូ​ឆ្នាំនេះ​ គឺជា​សមយុទ្ធ​កងទ័ព​ជើងទឹក​រួមគ្នាជា​លើកទី៤​ ហើយដែល​ឥណ្ឌូនេ​ ស៊ី​បានធ្វើជា​ប្រទេស​ទទួល​ភារៈ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់ផ្ទះនេះ បើរាប់​ចាប់​តាំងពី​ការ​ធ្វើសមយុទ្ធ​លើក​ដំបូង​ក្នុង​ឆ្នាំ២០១៤ មក៕