ក្រ​សួង​ការ​បរទេស​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ ​មន្រ្តី​​សហរដ្ឋ​អាមេរិក​​ និង​ចិន​ បាន​ជួប​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែ​ផ្កា និង​គ្មាន​អ្វី​លាក់​លៀម​ ​​នៅ​រដ្ឋ​ធានី​ប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ​ ចំពេល​ដែល​ភាព​តាន​តឹងនៃ​ទំនាក់​ទំនង​​រវាង​​ប្រទេស​ទាំង ​២​ កើន​ឡើង​។ ​ ​

ក្រសួង​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ ​ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ លោក​ Daniel Kritenbrink និង​​នាយិកា​ជាន់​ខ្ពស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​​ចំពោះ​កិច្ច​ការ​​​​នៅ​​ចិន​ លោកស្រី Sarah Beran ​​បាន​ជួប​​ពិភាក្សា​ដោយ​គ្មាន​អ្វី​លាក់​លៀម​ ជាមួយ​​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ប្រតិបត្តិ​នៃ​ក្រសួង​ការ​បរទេស លោក​ Ma Zhaoxu​ ​និង​​អគ្គ​នាយក​នៃ​នាយកដ្ឋាន​កិច្ចការ​អាមេរិក​ខាង​ជើង​ និង​មហា​សមុទ្រ​ លោក​ Yang Tao ​ដើម្បី​«ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ ដើម្បី​រក្សា​ទំនាក់​ទំនង​បើក​ចំហរ​ និង​ការ​កសាង​ទំនាក់​ទំនង​ការ​ទូត​កម្រិត​ខ្ពស់​​រវាង​ប្រទេស​ទាំង​​ ២​»។

​ ​

​ក្រសួង​​​បន្ត​ថា​ ​ភាគី​ទាំង​​២​ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​ ​​និង​បញ្ហា​ផ្សេង​ៗ​ទៀត​​ ​ដោយ​បន្ថែម​ថា​ មន្ត្រី​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ទីក្រុង​វ៉ាស៊ីនតោន ​នឹង​ឈរ​លើ​​​ផល​ប្រយោជន៍​ និង​តម្លៃ​របស់​សហរដ្ឋ​អាមេរិក​​។

ចំណែក​ឯ​ក្រសួង​ការបរទេស​ចិន​ ​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ចេញ​ផ្សាយ​​​ថ្ងៃ​អង្គារ​ថា​៖ «​ភាគី​ទាំង​​២ ​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ ស្ថាបនា​ និង​​ផ្លែ​ផ្កា​ លើ​ការ​លើក​កម្ពស់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​ចិន​-​អាមេរិក​ និង​ការ​គ្រប់គ្រង​ភាព​ខុស​គ្នា​ឱ្យ​បា​ន​ត្រឹម​ត្រូវ​»​។ ទោះ​បីជា​ភាព​តាន​តឹងកាន់​តែ​កើន​ឡើង​ក៏​ដោយ​ ក្រសួង​បាន​បន្ថែម​ថា​ ការ​ទំនាក់​ទំនង​គ្នា​នឹង​នៅ​តែ​បើក​ចំហ​។​

គួរ​បញ្ជាក់​ថា​ កិច្ច​ពិភាក្សា​ថ្នាក់​កណ្តាល​នេះ​ ធ្វើ​ឡើង​តែ​២​ថ្ងៃ​​ប៉ុណ្ណោះ​ បន្ទាប់​ពី​យោធា​អាមេរិក ​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​បទ​ធ្វើ​សម​យុទ្ធ​ «ដែល​គ្មាន​សុវត្ថិភាព​» ​ក្បែរ​នាវា​យោធា​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​ ជាមួយ​គ្នា​នោះ​ ​ដំណើរ​ទស្សនកិច្ច​របស់​ លោក​ Kritenbrink​ទៅ​ក្រុង​ប៉េកាំង​ ដើម្បី​ជំនួប​ពិភាក្សា​ ក៏​​ធ្វើ​ឡើង​ផង​ដែរ​​ បន្ទាប់​ពី​ក្រុង​ប៉េកាំង​ បាន​បដិសេធ​សំណើ​សម្រាប់​កិច្ច​ប្រជុំ​ផ្លូវ​ការ​រវាង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក​ Lloyd Austin ​និង​សម​ភាគី​ចិន​លោក​ Li Shangfu ​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​សន្តិ សុខ​ ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​សប្ដាហ៍​មុន​៕