​អ្នកនាំពាក្យ​រដ្ឋាភិបាល​សហ​​ព័ន្ធ​រុស្ស៊ី លោក Dmitry Peskov បានលើកឡើង​ពី​ការបើកចំហ របស់​រុស្ស៊ី​ចំពោះ​កិច្ចពិភាក្សា​ជា​មួយ​សហរដ្ឋអាមេរិក ស្តីពី​ការ​​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ ដែល​រុស្ស៊ី​បាន​ដកខ្លួន​ពី​សន្ធិសញ្ញា​កាត់បន្ថយ​នុយក្លេអ៊ែរ​កាលពី​ខែកុម្ភៈ​នោះ​។

​ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ លោក Peskov បាន​ហៅ​ការពិភាក្សា​នេះ​ថា​ ​«​សំខាន់ និង​វិជ្ជមាន​» ហើយ​សេចក្តីថ្លែងការណ៍​នា​ពេល​ថ្មីៗ​នេះ​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Jake Sullivan ដែលថា អាមេរិក​បាន​ត្រៀមខ្លួន​រួច​ជា​​ស្រេច​សម្រាប់​កិច្ចចរចា​នុយ​​ក្លេ​អ៊ែរ​ជាមួយ​រុស្ស៊ី ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន​។​

​លោក Peskov បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​យើង​សង្ឃឹមថា វា​នឹង​ត្រូវបាន​គាំទ្រ​ដោយ​វិធានការ​ជាក់ស្តែង​តាម​​រយៈ​បណ្តាញ​ការទូត ហើយ​បន្ទាប់មក វា​នឹង​អាច​ពិចារណា​លើ​ទម្រង់​នៃ​ការសន្ទនា​ដែល​បាន​ស្នើឡើង​»​។​

​លោក Peskov បន្តថា​៖ «​វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ពឹង​ផ្អែកលើ​សេចក្តីថ្លែងការណ៍​ទៅកាន់​សារព័ត៌មាន​លើ​បញ្ហាសំខាន់ និង​រសើប​បែបនេះ ជា​ពិសេស​នៅពេលដែល​យើង​កំពុង​ជួបប្រទះ​នឹង​ការខ្វះខាត​យ៉ាងខ្លាំង​នូវ​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក នៅក្នុង​ទំនាក់​​ទំនង​ទ្វេភាគី​របស់​យើង​»​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ ​២០២៣ រុស្ស៊ី​បាន​ផ្អាក​ជា​ផ្លូវការ​នូវ​ការ​ចូលរួម​របស់ខ្លួន​នៅក្នុង​សន្ធិ​សញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធ​សាស្ត្រ​ថ្មី​ជាមួយ​អាមេរិក ដែល ជា​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​រវាង​មហាអំណាច​ទាំង ​២​។​

​ទីក្រុង​ម៉ូស្គូ​បានចង្អុលបង្ហាញ​ពី​សក្ដានុពល​នៃ​ការវាយប្រហារ​រួមគ្នា​របស់​អង្គការ​ណា​តូ ខណៈដែល​ចក្រភព​អង់គ្លេស និង​បារាំង​ក៏មាន​ឃ្លាំង​អាវុធ​នុយ​ក្លេ​អ៊ែរ​ដែល​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​រុស្ស៊ី​ផងដែរ​៕