ទីភ្នាក់ងារ​ព័ត៌មាន ​IRNA ​ដែលជា​សារព័ត៌មាន​រដ្ឋអ៊ីរ៉ង់ផ្លូវការ​បាន​រាយការណ៍ថា ​កាលពីថ្ងៃអង្គារអ៊ីរ៉ង់​បាន​ប្រកាស​ដា​ក់​បង្ហាញ​មីស៊ីលផ្លោង​ល្បឿនលឿន​ជាងសំឡេង ​ដែលជា​មីស៊ីលផលិតក្នុង​ស្រុកដំបូង​របស់ខ្លួន។ ​សេចក្តី​ប្រកាសនេះ ​ទំ​នង​ជា​នឹង​ធ្វើឱ្យ​លោក​ខាងលិច ​បង្កើន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ អំពី​សមត្ថភាព​ផលិត​មីស៊ីល​របស់​រដ្ឋាភិបាល​ទីក្រុង​តេអេរ៉ង់។

ប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋអ៊ីរ៉ង់​ដដែល​ក៏​បានចេញ​ផ្សាយ​រូបភាព​នៃ​គ្រាប់​មីស៊ីល​ដែលមាន​ឈ្មោះថា ​ហ្វាតា (Fattah)នៅ​ក្នុង​កម្មវិធីមួយ​ដែលមាន​ការ​ចូលរួម​ដោយ​ប្រធានាធិបតី ​លោក ​អ៊ីប្រាហ៊ីម ​រ៉ៃស៊ី(Ebrahim​ R​aisi)​​និង​មេ​បញ្ជាការ​ក​ងឆ្មាំបដិវត្តន៍​វរជន​របស់​អ៊ីរ៉ង់​ឬ​ហៅកាត់ថា​ IRGC។​

លោក ​អាមីរ៉ាលី ​ហាជីហ្សាដែស ​(AmiraliHajizadeh)​ប្រធាន​កងទ័ព​អាកាស​របស់​ឆ្មាំ​បដិវត្តន៍វរ​ជន​របស់​អ៊ីរ៉ង់ បាន​លើក​ឡើងថា ៖ «គ្រាប់​មីស៊ីល​ប្រភេទ​ ហ្វាតា ​ដែលមាន​ល្បឿនលឿន​ជាង​សំឡេងនេះ ​អាច​បាញ់បាន​ក្នុង​រយៈ​ចម្ងាយ ១​៤​០​០គីឡូម៉ែត្រ​និង​មាន​សមត្ថភាព​អាច​ហោះជ្រៀតចូល​ខែល​ការពារ​មីស៊ីល​ទាំងអស់​ទៀតផង»។​​

គួរ​ដឹងដែរថា ​ប្រភេទ​មីស៊ីល​ល្បឿនលឿន​ជាង​សំឡេង​ នេះ​អាចហោះ​បានក្នុង​ល្បឿន​យ៉ាង​តិចលឿន​ជាងល្បឿន​សំ​ឡេង​រហូតដល់ទៅ ៥​ ដង​ឯណោះ ​ហើយវា​ជា​ប្រភេទ​មីស៊ីល​ដែលហោះ​នៅក្នុង​គន្លង​ស្មុគស្មាញ​ ដែលធ្វើ​ឱ្យ​ សត្រូវ​ពិបាក​ក្នុង​ការបាញ់​ស្ទាក់បាន​។

កាល​ពី​ឆ្នាំ​មុន សាធារណ​រដ្ឋ​អ៊ីស្លាម​មួយនេះ​ធ្លាប់​បាន​រំលេច​ថា ​ខ្លួន​បាន​ផលិត​មីស៊ីល​ផ្លោងល្បឿន​លឿន​ជាង​សំឡេង ដែ​ល​អាច​ហោះ​ចូលទៅក្នុង និង​ក្រៅ​ប្រព័ន្ធ​បរិយាកាស​ទៀតផង​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋអ៊ីរ៉ង់​ខាងលើ​បាន​បញ្ជាក់ថា​ មីស៊ីល​ប្រភេទ ​ហ្វាតារបស់​អ៊ីរ៉ង់នេះ​ អាច​បាញ់​ដោយ​កំណត់​គោលដៅ​ទៅលើ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​កម្រិត​ខ្ពស់​របស់​សត្រូវ​បាន​ ហើយនេះ​គឺ​ជំហាន​ឆ្ពោះទៅមុខ​មួយ​កម្រិត​ទៀតនៃ​វិស័យ​ផលិត​មីស៊ីល​របស់​អ៊ីរ៉ង់។​

ប្រភព​ដដែល​បាន​បន្ថែមថា ៖ «មីស៊ីលនេះ​អាច​ហោះគេច​ផុតពី​ប្រព័ន្ធប្រឆាំង​មីស៊ីល​ទំនើប​បំផុត​របស់​សហ​រដ្ឋ​អាមេ រិក និង​សូម្បីតែ​ខែល​ការពារ​មីស៊ីល ​ដែល​គេស្គាល់ថា​ជា​Iron Dome ​របស់​អ៊ីស្រាអែល ​ក៏វា​អាចគេច​ផុត​បានដែរ​»។​

ល្បឿនលឿន​បំផុត​របស់​មីស៊ីល ​ហ្វាតា នេះ​គឺអាច​ហោះ​ក្នុងល្បឿន ​១៥​០០០ គីឡូម៉ែត្រ​ក្នុង១ ម៉ោង។​បើទោះបី​ជា​មា​ន​ការ​ប្រឆាំង​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​ក៏ដោយ​ ក៏​សាធារណរដ្ឋអ៊ិ​ ស្លាម​មួយនេះ​បាន​អះអាងថា​នឹង​អភិវឌ្ឍន៍​កម្មវិធី​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់ខ្លួន​បន្ថែមទៀត។​ យ៉ាងណា​ក៏ដោយ​ អ្នកវិភាគ​យោធា​លោក​ខាងលិច​យល់​ឃើញថា ​ពេលខ្លះ​អ៊ីរ៉ង់ហាក់​ដូចជា​និយាយ​បំផ្លើសលើស​ពីការ​ពិតអំពី​សមត្ថភាព​ផលិត​មីស៊ីល​របស់ខ្លួន។

ការបង្កើន​ការព្រួយ​បារម្ភអំពី​សមត្ថភាព​ផលិត​មីស៊ីល​ផ្លោង​របស់​អ៊ីរ៉ង់​បាន​ធ្វើឱ្យគេនឹក​ឃើញដល់​ការ​សម្រេច​ចិត្តរប​ស់​អតីត​ប្រធានាធិ​បតី​អាមេរិក​ លោក ​ដូណាល់ ​ត្រាំ(Donald Trump)​កាលពី​ឆ្នាំ២០១៨​ ដែល​លោក​បាន​លុបចោល​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ​របស់តេអេរ៉ង់​ជា​មួយ​មហាអំណាច​ចំនួន ៦​ ប្រទេស​ផ្សេងទៀត​នៅអឺរ៉ុប។​

កាលនោះ ​លោក ​ត្រាំ​បាន​ដាក់ទណ្ឌកម្ម​ឡើងវិញ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ បន្ទាប់ពី​បានដកខ្លួន​ចេញពី​កតិកា​សញ្ញានុយ​ក្លេអ៊ែរ ​ដែល​នាំឱ្យ​រដ្ឋាភិបាល​ទីក្រុង​តេអេរ៉ង់​ចាប់ផ្តើម​បើកដំណើរ​ការ​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​ និងបាន​ធ្វើឱ្យ​សហ​រដ្ឋអាមេរិក​ អឺរ៉ុប​ និង​អ៊ីស្រាអែល​មាន​ការ​ភ័យខ្លាច​ថា ​អ៊ីរ៉ង់​អាចនឹង​ស្វែងរក​មធ្យោបាយ​ផលិត​គ្រាប់បែក​បរមាណូ​ទៀត​ផងប៉ុន្តែ​ អ៊ីរ៉ង់​តែងតែ​បាន​បដិសេធ​ជា​បន្តបន្ទាប់ ​នូវ​ការ​ចោទប្រកាន់​ទាំងនោះ។​​

រហូត​មកទល់​ពេលនេះ​កិច្ច​ចរចា​ដោយ​ប្រយោល​រវាង​ទីក្រុង​តេហេរ៉ង់ និង​រដ្ឋបាល​លោក បៃដិន ​ដើម្បី​ទាញ​កិច្ច​ព្រម ព្រៀ​ង​នុយក្លេអ៊ែរ​ត្រឡប់ម​កវិញ ​ត្រូវ​បាន​ជាប់គាំង។ ​ដោយឡែក ​អ៊ីស្រាអែល​បាន​ធ្វើកា​រ​ព្រមានថា​ខ្លួននឹង​ដាក់​ចេញ​ជា​ស​កម្មភាព​យោធា​ណាមួយ ​ប្រសិន​បើ​ការ​ចរចា​តាម​ផ្លូវ​ការ​ទូត​បរាជ័យ។ ​បន្ថែមលើនេះ ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល ​បាន​អះអាងថា ​អ៊ីស្រាអែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​អភិវឌ្ឍ​គ្រឿ​ង​សព្វាវុធ​ផ្សេងៗ​របស់​សត្រូវ៕