អគ្គលេខាធិការ​របស់​អង្គការ​ណាតូ​លោក ​ចេន​ ​ស្តូលថិនប៊ឺក​ (Jens Stoltenberg)​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​​ទី​ ៦ ខែ​មិថុនា​ថា​ រុស្ស៊ី​មិន​អាច​រារាំង​ប្រទេស​អ៊ុយក្រែន ​ពី​ការ​ក្លាយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ភាព​យោធា​លោ​ក​ខាង​លិច​នេះ​បាន​ទេ។ ​​

​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​​សម្ព័ន្ធ​មិត្ត​ទាំង​អស់​យល់​ស្រប​ថា​ ទ្វារ​របស់​​អង្គការ​ណាតូ​នៅ​តែ​បើក​ចំហ​ ហើ​យ​អ៊ុយក្រែន​នឹង​ក្លាយ​ជា​សមាជិក​នៃ​សម្ព័ន្ធ​ភាពនេះ​​។ រុស្ស៊ី​គ្មាន​សិទ្ធិ​​វេតូ​(ប្រឆាំង​)​ទេ​»។ ​នេះ​បើ​តាម​កា​រ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​ ព័ត៌មាន​ AFP។

លោក​​ ស្តូលធេនប៊ឺគ​ ​​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​​ពិភាក្សានៅ​រដ្ឋធានី​ប្រាទីស្លាវ៉ា​ ​នៃ​ប្រទេស​ស្លូវ៉ាគី​ ជា​មួយ​មេដឹក​នាំ​នៃ​ក្រុម​ប្រទេស​ណាតូ​ភាគ​ខាង​កើតទាំង​៩​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​Bucharest Nine។ ​

កិច្ច​ពិភាក្សា​ទីក្រុង​ប្រាទីស្លាវ៉ា​នេះ​ពេល​នេះ​ ធ្វើ​ឡើងនៅ​មុន​កិច្ច​ប្រជុំ​កំពូល​អង្គការ​ណាតូ​ ដែល​នឹង​រៀប​ចំឡើ​ងនៅ​ខែ​ក្រោយ​ក្នុង​​ទីក្រុង​វីនុស​ នៃ​ប្រទេស​លីទុយអានី​ ​ដោយ​នឹង​​មាន៖ «​ការ​សម្រេច​ចិត្ត​យ៉ាង​សំ​ខាន់»​នា​ពេល​នោះ។​

លោក ស្តូលថិនប៊ឺក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ទៀត​ថា​​៖ «​​យើង​នឹង​ពង្រឹង​ការ​គាំទ្រ​របស់​យើង​សម្រាប់​អ៊ុ​យក្រែន​ជាមួយ​នឹង​កញ្ចប់​ជំនួយ​ជាច្រើន​ឆ្នាំ​ ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ផ្លាស់​ចេញ​ពី​សម័យ​សូវៀត​ឆ្ពោះ​ទៅ​កាន់​ស្តង់​ដា​ណាតូ ​ហើយ​ជួយ​អ៊ុយក្រែន​ឱ្យ​កាន់​តែ​ស្និទ្ធ​ជា​មួយ​អង្គការ»។ ​

ជាមួយ​គ្នា​នេះ​ លោក​ ស្តូលថិន​ប៊ឺក​ បាន​គូស​បញ្ជាក់​ផង​ដែ​រថា​ ​លោក​កំពុង​​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ ដើម្បី​​ធានា​ថា​ ​​ស៊ុយអែត​នឹង​ក្លាយ​​ជា​សមាជិក​ពេញ​លេញ​របស់​អង្គការ​ណាតូ​ នា​ពេល​ឆាប់ៗ​នេះ។​គួរ​បញ្ជាក់​ថា​ ស៊ុយអែត​ និង​ហ្វាំងឡង់​ បាន​ទម្លាក់​ចោល​គោល​នយោបាយ​មិន​ចូល​បក្ស​សម្ព័ន្ធ​របស់​ខ្លួន​ បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ ហើយ​ស្វែង​រក​សមាជិក​ភាព​របស់​ណាតូ​ ដោយ​សារ​ព្រួយ​បារម្ភ​ពី​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​។

សូមរំឭក​ថា ​ហ្វាំងឡង់​បាន​ក្លាយ​ជា​សមាជិក​ណាតូ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ប៉ុន្តែ​ស៊ុយអែត​នៅ​ជាប់​គាំង​ដោយ​សារ​តែ​រារាំង​របស់​តួកគី៕