ប្រទេស​អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានបើក​ដំណើរការ ស្ថាន​ទូតរបស់ខ្លួន​នៅក្នុង​ប្រទេសអារ៉ាប៊ី​សាអ៊ូឌីត​ ឡើងវិញ បន្ទាប់​ពី បិទរយៈពេល ៧​ ឆ្នាំ​ ជិត ​៣​ ខែ ​បន្ទាប់ពី​ប្រទេសទាំង​២​ បាន​យល់​ព្រម​ស្តារ ​ទំនាក់​ទំនង​ទ្វេភាគី​ឡើង​វិញ​ក្រោម​កិច្ច​ព្រមព្រៀង​ដែល​សម្រប​សម្រួល​ដោយ​ចិន​។

អនុ​រដ្ឋមន្ត្រីការ​បរទេស​អុីរ៉ង់ ​លោក Alireza Bigdeli​ បានថ្លែង​សុន្ទរកថា​បើកនៅ​ក្នុង​រដ្ឋធានី​រីយ៉ាដ​នៃ​ប្រទេស​ អារ៉ាប៊ី​សាអ៊ូឌីត ដោយបាន​លើក​ឡើងពី​សារៈ​សំខាន់​នៃឱ​កាស​សម្រាប់​ទំនាក់​ទំនង​រវាង​អារ៉ាប៊ីសាអ៊ូ​ឌីត និង​អ៊ីរ៉ង់។

លោក Bigdeli បាន​និយាយថា ជាមួយ​នឹងការ​លើក​ទង់ជាតិ​នៃ​ប្រទេសអ៊ីរ៉ង់​ឡើងវិញ​ក្នុង​ប្រទេសអារ៉ាប៊ីសាអ៊ូ​ឌីត និង​ផ្ទុយមកវិញ កិច្ច​សហប្រតិបត្តិការរ​វាង​ប្រទេស​ទាំង​២​ បាន​ឈានចូល​យុគសម័យ​ថ្មីមួយ​។

លោក​បាន​បន្ថែម​ថា​ ការទូត​គឺ​ជា​មធ្យោបាយ​ដ៏ល្អ​បំផុត​សម្រាប់​ការ​ទំនាក់ទំនង និង​ការ​សន្ទនា​រវាង​ប្រទេស​នានា ដើម្បី​ឈានទៅដល់​ការ​យល់ដឹង​ស្ថិរភាព និង​សន្តិភាព​រួម។

មន្ត្រីអ៊ីរ៉ង់ បាន​សង្កត់ធ្ង​ន់ថា អ៊ីរ៉ង់​តែងតែ​មានឆន្ទៈ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង ដោយ​ឈរលើ​គោលការណ៍​នៃ​ភាពជា​អ្នកជិត​ខាង​ល្អ។

លោក​ Bigdeli ក៏បាន​កត់សម្គាល់​ផងដែរថា ការ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ទៅវិញ ទៅមក នឹង​នាំឱ្យ​ប្រទេសនានា​ខិត​កាន់​តែជិតគ្នា ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

កាលពី​ខែមីនា អារ៉ាប៊ី​សាអ៊ូឌីត និងអ៊ីរ៉ង់ ​បាន​ឈានដល់​កិច្ច​ព្រម​ព្រៀងនៅទី​ក្រុងប៉េកាំង ​ប្រទេស​ចិន ដើម្បី​ចាប់ផ្តើម​ទំនាក់ទំនង​ការ​ទូតឡើងវិញ និង​បើក​ស្ថានទូត និង​បេសកកម្ម​របស់​ពួកគេ​ឡើងវិញ​។

យោង​តាម​សេចក្តីថ្លែង​ការណ៍​ត្រីភាគី​ដែល​ចេញរួមគ្នា​ដោយ​ប្រទេសចិន​ អារ៉ាប៊ីសាអ៊ូឌីត ​និង​អ៊ីរ៉ង់ ភាគី​ទាំង២ បាន​ព្រមព្រៀងគ្នា​ក្នុង​ការ​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​តាមរយៈ​ការសន្ទនា និង​ការទូត ហើយ​ចំពោះ​ទំនាក់ទំនង​ជា​បងប្អូន ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ និង​គោលបំណង​នៃ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ និ​ង អង្គការ​សហប្រតិបត្តិការ​អ៊ិស្លាម និង​អនុសញ្ញា​អន្តរជាតិ និង​បទដ្ឋាននានា៕