ប្រទេសអ៊ុយក្រែន កំពុងជម្លៀសប្រជាជនរាប់ពាន់នាក់ពីតំបន់លិចទឹក កាលពីថ្ងៃពុធ បន្ទាប់ពីការវាយប្រហារលើទំនប់ទឹកដ៏ធំមួយដែលគ្រប់គ្រងដោយរុស្ស៊ីបានបណ្តាលឱ្យទឹកហូរយ៉ាងខ្លាំង និងការជន់លិចភូមិចំនួន ២ ព្រមទាំងបង្កឱ្យមានការភ័យខ្លាចចំពោះគ្រោះមហន្តរាយមនុស្សធម៌។
ទីក្រុងវ៉ាស៊ីនតោន បានព្រមានឱ្យដឹងថា នឹងមានមនុស្សស្លាប់ជាច្រើន នៅពេលដែលទីក្រុងម៉ូស្គូ និងក្រុងកៀវ បានធ្វើការស្តីបន្ទោសចំពោះការបង្កឱ្យធ្លាយទំនប់ទឹក Kakhovka ដែលមានទីតាំងនៅជួរមុខ និងផ្តល់ទឹកត្រជាក់សម្រាប់រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។
ភាគីអ៊ុយក្រែនបាននិយាយថា ការបំផ្លិចបំផ្លាញទំនប់ ដែលរុស្ស៊ីចាប់បាននៅប៉ុន្មានម៉ោងនៃសង្គ្រាម គឺជាការប៉ុនប៉ងរបស់ទីក្រុងម៉ូស្គូ ដើម្បីរារាំងការវាយលុកដែលរង់ចាំជាយូរមកហើយ ដោយមេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់ថា នឹងមិនរងផលប៉ះពាល់ដល់ប្រតិបត្តិការសង្គ្រាមនោះទេ។
ប្រភពការទូតបាននិយាយថា កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានកំណត់កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីមានសំណើពីរុស្ស៊ី និងអ៊ុយក្រែន។ អង្គការសហប្រជាជាតិ បានព្រមានថា មនុស្សរាប់សែននាក់ អាចរងផលប៉ះពាល់ទាំងសងខាងនៅខ្សែត្រៀមជួរមុខ។
ប្រជាជននៅតំបន់ Kherson ដែលជាមជ្ឈមណ្ឌលមានប្រជាជនច្រើនធំបំផុតនៅក្បែរនោះ បានធ្វើដំណើរទៅកាន់ទីទួលខ្ពស់ ខណៈដែលទឹកបានហូរចូលទៅក្នុងទន្លេ Dnipro។
លោក Sergiy បានលើកឡើងថា៖ «អ្វីៗនឹងស្លាប់នៅទីនេះ» ខណៈដែលទឹកពីទំនប់ បានហូរចូលទៅក្នុងទីក្រុង ជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ក្នុងឆ្នាំ ២០២២។
អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មនុស្ស ១៧ ពាន់នាក់កំពុងត្រូវបានជម្លៀសហើយភូមិសរុបចំនួន ២៤ ត្រូវបានជន់លិច៕